(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនែកម្ពុជា កំពុងពិនិត្យនិងព្យាបាលជំងឺនៅប្រទេសសិង្ហបុរី ហើយនឹងវិលមកកម្ពុជាវិញ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៧ខាងមុខ។ នេះបើតាមការបង្ហោះឲ្យដឹងនៅលើ Facebook ផ្លូវការរបស់សម្តេចតេជោ ចេញផ្សាយនៅមុននេះបន្តិច។
ជាមួយគ្នានោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានថ្លែងសារសូមការយោគយល់ពីសំណាក់មន្ត្រី រាជការ កងកម្លាំងប្រដាប់អាវុធនៅខេត្តកំពង់ស្ពឺ និងពីបណ្តាប្រទេសបរទេស ពិសេសជប៉ុន ឥណ្ឌាបារាំង ដែលកម្មវិធីគ្រោងទុក សំរាប់ការជួបត្រូវបានលប់ចោលទៅវិញ។
យោងតាម Facebook សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសុំការយោគយល់ពីសំណាក់ មន្ត្រី រាជការ កងកម្លាំងប្រដាប់ អាវុធនៅខេត្តកំពង់ស្ពឺដែលខ្ញុំត្រូវ ជួបនៅព្រឹកនេះតែត្រូវអាក់ខាន។ សុំការយោគយល់ពីមិត្តភ័ក្របរទេស ពិសេសជប៉ុន ឥណ្ឌា បារាំង ដែលកម្មវិធីគ្រោងទុក សំរាប់ការជួបត្រូវបានលប់ចោលទៅវិញ។ ដោយការហត់នឿយខ្លាំងពែកខ្ញុំ ធ្លាក់ខ្លួនមានជម្ងឺដែលចាំបាច់ត្រូវ មកពេទ្យបន្ទាន់ដើម្បីពិនិត្យ និងព្យាបាល។ ខ្ញុំស្ថិតក្នុងមន្ទីរពេទ្យ នៅសិង្ហបុរី តាំងពីម៉ោង២ល្ងាចថ្ងៃ៣ឧសភា និងអាចវិលត្រឡប់ទៅកម្ពុជាវិញ នៅថ្ងៃអាទិត្យ៧ឧសភា ដើម្បីបន្តរការងារ ជាធម្មតាឡើងវិញ។ សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ»៕