(ភ្នំពេញ)៖ តាមដីកាកោះហៅរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ជនសង្ស័យ ហួត ឃីនវុទ្ធី ហៅ ជុន ច័ន្ទបុត្រ ត្រូវចូលខ្លួនទៅកាន់សាលាដំបូង រាជធានីភ្នំពេញនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ នេះដើម្បី ឆ្លើយតបនឹងការចោទប្រកាន់ប្រឆាំងនឹងខ្លួន អំពីបទធ្វើសេចក្តីប្រកាសភូតកុហក និងបន្លំខ្លួនចូលក្នុងពន្ធនាគារ។ ប៉ុន្តែ ជុន ច័ន្ទបុត្រ មិនបានចូលខ្លួនតាមការកោះឡើយ ព្រោះបានរត់គេចខ្លួនពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកបាត់ទៅហើយ ដោយស្ពាយសំណុំរឿងព្រហ្មទណ្ឌទៅជាមួយផង។ ជុន ច័ន្ទបុត្រ បានរើស យកជម្រើស «ទៅហើយមិនវិលវិញ» ចំពោះសំណុំរឿងព្រហ្មទណ្ឌដែលខ្លួនបាន ប្រព្រឹត្តនេះរត់គេចពីការពិត និងរត់គេចពីការអនុវត្តច្បាប់ដំណើរការស្វែងរកយុត្តិធម៌ដែល ជុន ច័ន្ទបុត្រ និងវិទ្យុអាស៊ីសេរីខ្លួនឯង តែងតែប្រកាសក្តែងៗ។ 

តើការមិនចូលខ្លួនរបស់ ជុន ច័ន្ទបុត្រ មានផលចំណេញ និងខាតអ្វីសម្រាប់ខ្លួន?

១៖ បំណងរត់គេចខ្លួនបានជោគជ័យ៖

តាមការសម្រេចរបស់ថ្នាក់ដឹកនាំអាស៊ីសេរី នាយករងវិទ្យុអាស៊ីសេរី ផ្នែកភាសាខ្មែរ ហួត វុទ្ធី ហៅ ជុន ច័ន្ទបុត្រ នឹងមិនវិលត្រឡប់ទៅប្រទេសកម្ពុជាវិញទេ បន្ទាប់ពីគាត់បានធ្វើដំណើរចាកចេញពីប្រទេសនេះ កាលពីចុងសប្តាហ៍កន្លងទៅ។

នេះគឺជាសេចក្តីថ្លែងការណ៍របស់វិទ្យុអាស៊ីសេរីកាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ ២០១៧ ខណៈ ជុន ច័ន្ទបុត្រ បានឈានជើងទឹកដីសហរដ្ឋអាមេរិកសាជាថ្មី។ ដូច្នេះបំណងរបស់ ជុន ច័ន្ទបុត្រ ដែលចង់វិលទៅធ្វើការងារនៅស្នាក់ការវិទ្យុអាស៊ីសេរី នៅទីក្រុងវ៉ាស៊ីនតោន មិនចង់នៅជាប់គុកក្នុងប្រទេសកម្ពុជា ព្រោះខ្លាចខាតបង់ប្រយោជន៍ធំ គឺបានសម្រេចជោគជ័យហើយ។ ប៉ុន្តែជោគជ័យទាំងអាម៉ាស់ ព្រមទាំងស្ពាយនូវសំណុំរឿងព្រហ្មទណ្ឌជាប់ខ្លួនដែល ជុន ច័ន្ទបុត្រ អាចប្រឈមនឹងចំណាត់ការគ្រប់ពេលវេលា នៅពេលដែលជនសង្ស័យរូបនេះឈានជើងជាន់ទឹកដីកម្ពុជា។ ចំណុចនេះបង្ហាញថា ទាំងថ្នាក់ដឹកនាំ របស់វិទ្យុអាស៊ីសេរី និង ជុន ច័ន្ទបុត្រ ខ្លួនឯងបានជ្រើសរើសយកផ្លូវ «ទៅហើយដោយមិនវិលវិញ» គឺរស់នៅ ស្លាប់ចោលឆ្អឹងនៅលើទឹកដីអាមេរិក ដូចជា មេរដ្ឋប្រហារ លន់ នល់ ដែលជាកូនចឹងអាមេរិក ដូច្នេះដែរព្រោះសារធាតុមនុស្សពីរនាក់នេះគឺប្រហាក់ប្រហែលគ្នាធ្វើជាកូនចឹងរបស់ បរទេសដើម្បីបំផ្លាញសន្តិភាព សេចក្តីសុខ និងការអភិវឌ្ឍដែលខ្មែរមាន។

២៖ សន្យាខ្លួនឯង ធ្វើមិនបានផង៖

ជុន ច័ន្ទបុត្រ តាមរយៈមេធាវីរបស់ខ្លួនបានដាក់លិខិតមួយទៅ សាលាដំបូងរាជធានីភ្នំពេញដើម្បីចាកចេញទៅប្រទេសថៃនៅថ្ងៃទី២៨ ខែមេសា និងសន្យាត្រឡប់មកវិញ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៧។ ជុន ច័ន្ទបុត្រ មិនបានគោរពតាមពាក្យរបស់ខ្លួនឡើយ និងថែមទាំង ក្បត់នូវអ្វីដែលខ្លួនសន្យាថែមទៀត។ នេះបញ្ជាក់ថា ជុន ច័ន្ទបុត្រ គឺជាមនុស្សប្រកបដោយកលល្បិច និងការសន្យាបោកប្រាស់ ព្រមទាំងជាមនុស្សមិនសច្ចៈ ភូតកុហក បំផ្លើស បំភ្លៃ បំប៉ោង និងបំភាន់រាស្ត្រពិត ប្រាកដមែន ពោលគឺជាមនុស្សអសីលធម៌ និងអំនួតនិយម។ ពេលបានជាន់ទឹកដីអាមេរិក ជុន ច័ន្ទបុត្រ បាននិយាយដោយអំនួត និងក្បត់ចិត្តខ្លួនឯងថា «តាំងពីតូចខ្លួនមិនចង់ល្បីឡើយ តែឥឡូវបានក្លាយជាមនុស្សល្បីទៅហើយ»។ ល្បីខាងបំផ្លើស បំភ្លៃ បំប៉ោង និងបំភាន់ តាមរយៈការយកវិទ្យុអាស៊ីសេរីមកបម្រើ ផលប្រយោជន៍ផ្ទាល់ខ្លួននិងបក្សប្រឆាំង។ ជុន ច័ន្ទបុត្រ ក៏ចង់ប្រាប់ទៅថ្នាក់ដឹកនាំ បក្សសង្គ្រោះជាតិថានៅពេលនេះ ខ្លួនជាមនុស្សល្បីហើយ ដូច្នេះតំណែងដែលសន្យាផ្តល់ឱ្យសម្រាប់ការលះបង់របស់ខ្លួនក៏ត្រូវតែ ខ្ពស់ជាងកាលមិនទាន់ ល្បីខ្លាំងដែរ។

តែសម្រាប់រាស្ត្រខ្មែរភាគច្រើន ជុន ច័ន្ទបុត្រ ល្បីខាង «ជួបរត់គេច» គ្មានសេចក្តីក្លាហានគ្រប់គ្រាន់ដើម្បីប្រឈមមុខច្បាប់ និងជាពូជមាន់សម្ល។ បើការសន្យា ខ្លួនឯងមិនទាំងអនុវត្តបានផង តើឱ្យគោរពច្បាប់ម៉េចនឹងកើត? ជុន ច័ន្ទបុត្រ ពូកែដើរញុះញង់ បង្កចលាចលដូចមេបក្សរបស់ខ្លួន ប៉ុន្តែមិនពូកែគោរពច្បាប់ តែពូកែរត់គេចខ្លួនពីទង្វើខុសច្បាប់ដែលខ្លួនបានប្រព្រឹត្ត។ សូម្បីតែបន្លំខ្លួនប្តូរអត្តសញ្ញាណដើម្បីចូលក្នុងពន្ធនាគារ ក៏ជាការបង្ហាញពីភាពគ្មានសីលធម៌ របស់ជុន ច័ន្ទបុត្រ ទៅហើយ។ តើមានសមត្ថភាពឯណាមកអប់រំសីលធម៌មនុស្សក្នុងសង្គមបាន? ជុន ច័ន្ទបុត្រ គ្រាន់តែ ជាសត្វគីង្គក់លក់ថ្នាំស្រែងប៉ុណ្ណោះ ជំងឺភូតកុហក បោកប្រាស់ និងអសីលធម៌ខ្លួនមិនទាំងព្យាបាលជាផង តាំងខ្លួនជាឥសីមកអប់រំរាស្ត្រខ្មែរ។ តាមពិតជុន ច័ន្ទបុត្រ គួរបម្រើចៅហ្វាយ នាយឱ្យល្អសិនទៅ។

៣៖ អ្នកកាសែតឃើញអាសន្នរត់ចូល តែជុន ច័ន្ទបុត្រ រត់គេចចេញ៖

ពេលទៅដល់ទឹកដីអាមេរិក ភ្លាម ជុន ច័ន្ទបុត្រ បានបង្ហាញចរិតក្រអើតក្រទម របស់ខ្លួនជាថ្មី ខណៈប៉ុន្មានថ្ងៃមុនទឹកក៏មិននឹក បាយក៏នឹក ព្រួយដូចឆ្មារលាក ទឹកក្តៅ។ ជុន ច័ន្ទបុត្រ បានលើកឡើងថា អាជីពជាអ្នកព័ត៌មាន ខុសពីអាជីពដទៃ ដោយអ្នកព័ត៌មានត្រូវប្រឈមមុខនឹងគ្រោះថ្នាក់ជានិច្ច។ នៅទីណាដែលមានអាសន្នកើតឡើង អ្នកធម្មតារត់ចេញ អ្នកកាសែតរត់ចូល។

មនុស្សម្នាទូទៅ តែងគេចចេញពីតំបន់គ្រោះថ្នាក់ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន អ្នកកាសែតតែងដើរចូល ទោះបីជាដឹងថា គ្រោះថ្នាក់អាចនឹងកើតឡើង ចំពោះគេគ្រប់ជំហ៊ានក៏ដោយ។ សម្តីមួយឃ្លាចុងក្រោយនេះ បានធ្វើឲ្យមនុស្សចំនួនវាយតម្លៃចំពោះ ជុន ច័ន្ទបុត្រ ថា ជាមនុស្សដែលក្លាហានបានតែសម្តី តែការអនុវត្តវិញខ្សោយជាទីបំផុត។ គេបានលើកឡើងថា ប្រសិនបើ ជុន ច័ន្ទបុត្រ ចង់ធ្វើជាគំរូល្អសម្រាប់មនុស្ស និងចង់លើកកម្ពស់នីតិរដ្ឋនៅកម្ពុជា មែននោះ លោកមិនគួររត់គេចពីការអនុវត្តច្បាប់ ផ្តល់នូវគំរូអាក្រក់ដល់ជនដទៃនោះឡើយ។ សកម្មភាពនេះកំពុងបង្ហាញលពីភាពកំសាកដែលគេនិយម ហៅថា អណ្តើកក្នុងស្នូក! ឯណាទៅភាពក្លាហានរបស់លោកដែលអះអាងថា តែងរត់ចូលគ្រប់កន្លែងមានអាសន្ននោះ? ចាប់ពីពេលនេះតទៅ អ្វីដែល ជុន ច័ន្ទបុត្រ បំផុសឡើងរុញមនុស្សឱ្យតវ៉ា ឬបង្កការចលាចលណាមួយគឺគ្រាន់តែដើម្បីការញុះញង់ និងបង្កអសន្តិសុខប៉ុណ្ណោះ ចំណែកការទទួលខុសត្រូវ នឹងគ្មាន ឡើយព្រោះអ្វីៗនៅពេលនេះបានបញ្ជាក់យ៉ាងច្បាស់ហើយ។

៤៖ យុត្តិធម៌ ឬមិនយុត្តិធម៌ គួរចូលខ្លួនតាមនីតិវិធី៖

ក្នុងនាមជាវិទ្យុរបស់ប្រទេសសេរីគួរមានវិជ្ជាជីវៈ និងសីលធម៌ខ្ពស់ ប៉ុន្តែទាំងសូម្បីថ្នាក់ដឹកនាំ នៃវិទ្យុអាស៊ីសេរី និង ជុន ច័ន្ទបុត្រ ខ្លួនឯងបានប្រើវិធីសាស្ត្រ ដូចបក្សប្រឆាំងជាដៃគូខ្លួនដែរ «ពូកែធ្វើជាជនរងគ្រោះនិយម» និង «ធ្វើនយោបាយ តូបនីយកម្ម» លើបទល្មើសរបស់ខ្លួន ប៉ងប្រែក្លាយ បំផ្លើសបំភ្លៃ និងបំប៉ោងស្ថានភាពល្មើសខ្លួនទៅជាជនរងគ្រោះ។ ដើម្បីឱ្យការបំភ្លៃរបស់ខ្លួនបានជោគជ័យ ពួកគេបានមួលបង្កាចរូបភាពរបស់កម្ពុជា ដូចដែលពួកគេ បានធ្វើផ្សាយនៅលើរលកធាតុអាកាស និងដើរបំពងសំឡេងតាមទីកន្លែង នានាថាមិនមានសុវត្ថិភាពជាដើម។ ចុះបើ ជុន ច័ន្ទបុត្រ មិនទាន់បានទាំងចូល ខ្លួនតាមការកោះហៅរបស់អយ្យការផង ម៉េចបានដឹងថាដំណើរការក្តីព្រហ្ម ទណ្ឌរបស់ខ្លួនមិនយុត្តិធម៌? យុត្តិធម៌ ឬមិនយុត្តិធម៌ គួរតែថ្នាក់ដឹកនាំវិទ្យុអាស៊ី សេរី និង ជុន ច័ន្ទបុត្រខ្លួន ឯងផ្ទាល់ក្លាហានចូលមកអនុវត្តច្បាប់ជាមុនសិន។ ម៉េចបានជារត់គេចខ្លួនពីយុត្តិធម៌ទៅវិញ?

ឥឡូវនេះ ជុន ច័ន្ទបុត្រ បានសម្រេចមិនចូលខ្លួនតាមដីកាកោះ តែសម្រេចរត់គេចខ្លួន។ នេះជាសិទ្ធិរបស់គាត់ប៉ុន្តែតុលាការនៅតែបន្ត នីតិវិធីលើសំណុំរឿងព្រហ្មទណ្ឌនេះ ហើយបើជុន ច័ន្ទបុត្រ មិនចូលខ្លួនមកដោះស្រាយ សំណុំរឿងនេះនៅតែបើកទ្វារចាំ ជុន ច័ន្ទបុត្រ រហូតដែរ។

ដោយ៖ ចៅចាក់ស្មុក