(ភ្នំពេញ)៖ នៅថ្ងៃទី០៣ ខែឧសភានេះ គឺជាទិវាសេរីភាពសារព័ត៌មានពិភពលោកខួបទី១៦ឆ្នាំ ទាំងកម្ពុជា និងពិភពលោកទាំងមូល តែងតែប្រារព្ធ និងរៀបចំទិវានេះជារៀងរាល់ឆ្នាំ ក្រោមប្រធានបទដាច់ដោយឡែកពីគ្នា។ ទិវាសេរីភាពសារព័ត៌មាន «ប្រព័ន្ធផ្សព្វផ្សាយបែបថ្មី ឱកាសថ្មី និង ការប្រឈមថ្មី៖ តួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងការលើកស្ទួយឲ្យសង្គមមានយុត្តិធម៌ ការរួបរួម និងសន្តិភាព»។
ក្នុងឱកាសប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោកនេះ អ្នកសារព័ត៌មានល្បីៗនៅកម្ពុជា បានមើលឃើញថា លំហសេរីភាពព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ តែចង់ឃើញអ្នកព័ត៌មានកម្ពុជាពង្រីកសមត្ថភាពឲ្យ បានកាន់តែខ្ពស់ថែមទៀត។
លោក ប៉ែន បូណា ប្រធានក្លឹបអ្នកសារព័ត៌មាននៅកម្ពុជា លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធ សារព័ត៌មានកម្ពុជា និង លោក ឆាយ សុផល សាស្រាចារ្យព័ត៌មាន និងជាអ្នកនិពន្ធសៀវភៅដ៏ល្បីនៅកម្ពុជា បានវាយតម្លៃរួមគ្នាថា «សេរីភាពសារព័ត៌មានកាន់តែរីកចម្រើន តែអ្នកសារព័ត៌មានកម្ពុជា ក៏ត្រូវពង្រឹងសមត្ថភាពឲ្យខ្លាំងក្លាជាងមុន»។
លោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានប្រាប់ឲ្យដឹងថា សេរីភាពសារព័ត៌មាននៅកម្ពុជា បើប្រៀបធៀបពី១០ ទៅ ១៥ឆ្នាំមុន សេរីភាពសារព័ត៌មាននៅកម្ពុជា មានភាពល្អប្រសើរ និងរីកចម្រើនខ្លាំងជាងមុន។
លោកថា ការរីកចំរើននេះ កើតឡើងដោយមានហេតុផលសំខាន់ៗ មួយចំនួន រួមមាន៖ ការកើនឡើង នៃចំនួនប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ទាំងទូរទស្សន៍ និងប្រព័ន្ធ Online ជាដើម, មានការវិវត្តន៍ផ្នែកគុណភាពព័ត៌មាន ដោយសារតែមានការប្រកួតប្រជែងគ្នា ក្នុងការសរសេរព័ត៌មានបែបណា ឲ្យមានគុណភាព និងមានខ្លឹមសារល្អទាក់ទងអ្នកស្តាប់ អ្នកមើល និងអ្នកអាន។
ជាមួយគ្នានោះ លោក ប៉ែន បូណា ក៏បានលើកឡើងពីបញ្ហាប្រឈមមួយចំនួនរបស់អ្នកសារព័ត៌មានផងដែរ។ លោកបានបញ្ជាក់ថា អ្នកសារព័ត៌មាននៅប្រឈមនឹងការប្តឹងផ្តល់ពេលផ្សាយមិនពិតនៅក្នុងខ្លឹមសារព័ត៌មាន និងរងការគាប់សង្កត់ និងគ្រោះថ្នាក់មួយចំនួន ដែលកើតចេញពីការស្វះស្វែងរកប្រភពព័ត៌មាននៅទីតាំងជាក់ស្តែង។
ប្រធានក្លឹបអ្នកសារព័ត៌មានដដែល បានឲ្យដឹងថា ដើម្បីពង្រឹងសេរីភាពសារព័ត៌មាន ឲ្យកាន់តែប្រសើរថែមទៀត អ្នកសារព័ត៌មានត្រូវពង្រឹងសមត្ថភាពខ្លួនឯងឲ្យមានការទទួលពីសាធារណជន និងអាជ្ញាធរទាំងអស់ ត្រូវតែមានឲ្យតម្លៃដល់អ្នកសារព័ត៌មាន និង រួមសាហការគ្នាឲ្យបានល្អបន្ថែមទៀត។
ជាមួយគ្នានោះដែរ លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធសារព័ត៌មានកម្ពុជា បានលើកឡើងថា សេរីភាពសារព័ត៌មាននៅកម្ពុជា មានភាពល្អប្រសើរ និងពេញលេញជាងមុនមិនមានអ្វីគួរឲ្យព្រួបារម្ភនោះទេ ប៉ុន្តែតួនាទីអ្នកសារព័ត៌មាននៅមានកម្រិតនៅឡើយ។
លោកបន្តថា អ្នកសារព័ត៌មាន ត្រូវតែអភិវឌ្ឍន៍ខ្លួនឯង ទាំងចំណេះដឹង និងបច្ចេកវិទ្យានយោបាយ សេដ្ឋកិច្ចជាដើម ទោះបីជាមិនមែនជាជំនាញរបស់អ្នកសារព័ត៌មានគ្រប់ក៏ដោយ ប៉ុន្តែត្រូវពង្រឹងសមត្ថភាពខ្លួនឯងបន្ថែមទៀត ឲ្យមានគុណភាព ដើម្បីចូលរួមចំណែកក្នុងការផ្សព្វផ្សាយដល់សង្គម និងពិភពលោក។
លោក ឆាយ សុផល បានឲ្យដឹងថា ទោះបីជាសេរីភាពសារព័ត៌មាននៅកម្ពុជា មិនល្អឥតខ្ចោះដូចបណ្តាប្រទេស ជឿនលឿនមួយចំនួន ប៉ុន្តែប្រទេសកម្ពុជា នៅតែមានឈរលំដាប់ជួរមុខក្នុងប្រទេសនៅតំបន់អាស៊ាន។ បើទោះបីសេរីភាពព័ត៌មាននៅកម្ពុជា មានការរីកចម្រើននិងល្អប្រសើរក្តី តែសាស្រ្តាចារ្យព័ត៌មាន និងជាអ្នកព័ត៌មាន ជើងចាស់រូបនេះ ចង់ឃើញអ្នកព័ត៌មានពង្រីកចំណេះដឹង និងជំនាញឲ្យបានខ្លាំងក្លាបន្ថែមទៀត។
លោក ឆាយ សុផល បានបន្ថែមថា អ្នកព័ត៌មានអាជីពមួយចំនួននៅកម្ពុជា មិនមានគុណភាពដោយសារតែ ការសរសេរព័ត៌មានមិនទាន់ស៊ីជំរៅ នៅជាព័ត៌មានពិធីការ និងនៅមានការបង្កើតព័ត៌មានទាន់ហេតុការណ៍ខ្លីប្រចាំថ្ងៃ តែនៅមិនទាន់មានការធ្វើព័ត៌មានជាបទយកការណ៍ អត្ថបទវិភាគ និងព័ត៌មានស៊ើបអង្កេត ហើយអ្នកព័ត៌មានផ្ទាល់ត្រូវតែ មានចំណេះដឹងទូទៅឲ្យបានច្រើន និងខិតចំរៀនបន្ថែមចំណេះដឹងទៀត ដើម្បីមានគំនិតក្នុងការសរសេរព័ត៌មាន គ្រប់ជ្រុងជ្រោយ។
គួរបញ្ជាក់ថា ទិវាសេរីភាពសារព័ត៌មានពិភពលោកខួបទី១៦ កម្ពុជាបានរៀបចំឡើង ក្រោមប្រធានបទ «ប្រព័ន្ធផ្សព្វផ្សាយបែបថ្មី ឱកាសថ្មី និងការ ប្រឈមថ្មី៖ តួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងការលើកស្ទួយ ឲ្យសង្គមមានយុត្តិធម៌ ការរួបរួម និងសន្តិភាព» ដោយមានអ្នកសារព័ត៌មានល្បីៗជាច្រើនរូប មកពីប្រព័ន្ធផ្សព្វផ្សាយជាច្រើននៅទូទាំងប្រទេសចូលរួមផងដែរ។
កម្ពុជា តែងតែរៀបចំទិវាសេរីភាពសារព័ត៌មានពិភពលោកនេះ ជារៀងរាល់ឆ្នាំ ដើម្បីឲ្យអ្នកសារព័ត៌មានមកពី គ្រប់ប្រព័ន្ធផ្សព្វផ្សាយ បានជួបជុំគ្នា និងផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក ដើម្បីរួមគ្នាអភិវឌ្ឍន៍វិស័យសារព័ត៌មាន នៅកម្ពុជា មានការរីកចម្រើនបន្ថែមទៀត៕
លោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា
លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធសារព័ត៌មានកម្ពុជា
លោក ឆាយ សុផល