(វ៉ាស៊ីនតោន)៖ ខ្យល់ព្យុះបង្កជាជំនន់ទឹកភ្លៀងដ៏ខ្លាំង បានសម្លាប់មនុស្ស០៦នាក់ និង៥៥នាក់ទៀត បានរងរបួស នៅតាមបណ្ដារដ្ឋមួយចំនួនដូចជា រដ្ឋ Missouri, Arkansas និងរដ្ឋ Texas។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅយប់ថ្ងៃអាទិត្យ ទី៣០ ខែមេសា ឆ្នាំ២០១៧។
យោងតាមអាជ្ញាធរអាមេរិក ស្ត្រីចំណាស់អាយុ៧២ឆ្នាំម្នាក់ បានស្លាប់នៅភាគអាគ្នេយ៍ នៃរដ្ឋ Missouri សហរដ្ឋអាមេរិក បន្ទាប់ពីត្រូវទឹកកួចនាំយក ទៅជាមួយរថយន្ដ រីឯស្ត្រីម្នាក់ទៀតបានបាត់បង់ជីវិត កាលពីថ្ងៃសៅរ៍ ដោយសារដើមឈើបាក់រលំសង្កត់ នៅឯរដ្ឋ Arkansas ខណៈមនុស្ស០៤នាក់ ផ្សេងទៀតក៏ត្រូវបានគេរាយការណ៍ថា ស្លាប់ផងដែរនៅក្នុងរដ្ឋTexas។
គួរបញ្ជាក់ថា បើតាមអាជ្ញាធរឧតុនិយមអាមេរិក ភ្លៀងធ្លាក់យ៉ាងខ្លាំង បានបង្កឱ្យកម្ពស់ទឹកភ្លៀងកើនដល់ ៤ទៅ៦ inches ឬក៏៩ inches នៅតាមតំបន់ នីមួយៗ នៅក្នុងរដ្ឋ Missouri និងរដ្ឋTexas ហើយមនុស្សរាប់រយនាក់ ត្រូវបានជម្លៀសទៅកាន់ទីទទួលមានសុវត្ថិភាព៕