ប្រធានាធិបតីហ្វីលីពីន៖ លោក គីម ជុងអ៊ុន ចង់បំផ្លាញពិភពលោកទំាងមូល ប៉ុន្តែសហរដ្ឋអាមេរិក ត្រូវអត់ធ្មត់សិន!
30-04-2017 13:53
(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតើតេ បាននិយាយថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន មានបំណងចង់បំផ្លាញពិភពលោក ក៏ប៉ុន្តែទន្ទឹមគ្នា លោកជំរុញឱ្យសហរដ្ឋអាមេរិក មានការអត់ធ្មត់ បន្ទាប់ពីទីក្រុងព្យុងយ៉ាង បាញ់សាកល្បងមីស៊ីល តែបរាជ័យកាលពីថ្ងៃសៅរ៍។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃអាទិត្យ ទី៣០ ខែមេសា ឆ្នាំ២០១៧។
ការលើកឡើងបែបនេះ របស់លោក ឌូតើតេ ធ្វើឡើងនៅក្នុងសន្និសិទសារព័ត៌មាន ក្រោយកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងម៉ានីល កាលថ្ងៃម្សិលមិញ។ ប្រធានាធិបតីហ្វីលីពីនរូបនេះ បានគូសបញ្ជាក់ដូច្នេះថា៖ «បុរសវ័យក្មេង (លោក គីម ជុងអ៊ុន) ចង់បំផ្លាញពិភពលោក ដែលនេះជាហេតុផល ធ្វើឱ្យគាត់ តែងតែសើច និងញញឹមជាប់ជានិច្ច (...) គាត់ពិតជាចង់បញ្ចប់អ្វីៗគ្រប់យ៉ាង រួមទាំងពួកយើងទំាងអស់គ្នា ផងដែរ»។ តែទោះជាបីជាយ៉ាងនេះក្ដី លោក ឌូតើតេ នៅតែបង្ហាញក្ដីព្រួយបារម្ភជាខ្លាំង ជុំវិញភាពតានតឹងនៅឧបទ្វីបកូរ៉េសព្វថ្ងៃ ដោយលោកសង្កត់ធ្ងន់ទៀតថា តំបន់ទំាងមូលនឹងរងគ្រោះដ៏ធំបំផុត បើសិនជាសង្រ្គាមផ្ទុះឡើង ដូច្នេះហើយទើបលោក ប្រាប់សហរដ្ឋអាមេរិក ធ្វើយ៉ាងណា ដើម្បីកុំឱ្យស្ថានភាពបច្ចុប្បន្ន ស្ថិតក្រៅការគ្រប់គ្រង។
សូមជំរាបថា កូរ៉េខាងជើង កាលពីថ្ងៃសៅរ៍នៅតែផ្ចាញ់ទីក្រុងវ៉ាស៊ីនតោន ដោយបាញ់សាកល្បងមីស៊ីលផ្លោងមួយគ្រាប់ តែសហរដ្ឋអាមេរិក និងកូរ៉េ ខាងត្បូង អះអាងថាការធ្វើតេស្ដនេះបានបរាជ័យ។ ដោយឡែក នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យ៉ី ក៏បានបញ្ជាក់ឡើងវិញពីភាពចាំបាច់គ្មានអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ និងដោះស្រាយបញ្ហាដោយសន្តិវិធី៕