(កណ្ដាល)៖ បុរស​ម្នាក់ ដែលគេស្គាល់ថា ជាបុគ្គលិកសណ្ឋាគារ Naga World ​ត្រូវ​បាន​រថយន្តដឹកទំនិញ​​មួយ​គ្រឿង​បុក​ស្លាប់ភ្លាមៗ​ ​នៅយប់រំលង​អាធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​៣០​ ខែ​មេសា​ ឆ្នាំ២០១៧នេះ​ ​​​នៅចន្លោះគីឡូម៉ែត្រ​លេខ​១៩ និង​២០​ ​ជិតផ្សារគរគី មុខសាលា​ស្រុក​កៀនស្វាយ​​។

លោក ព្រំ សំណាង អធិការរងនគរបាល​ស្រុក​កៀនស្វាយ បានឲ្យដឹង​ថា​ ជនរងគ្រោះ​ឈ្មោះ​ ឌុច ផានិត​​ អាយុ២២ឆ្នាំ​ ជា​បុគ្គលិកសណ្ឋាគារ និង​កាស៊ីណូ​ណាហ្គាវើល​ មានទីលំនៅភូមិស្ដៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ​។

លោកអធិការរងបន្ត​ថា​ ជនរងគ្រោះ​ជិះម៉ូតូម៉ាក​ហុងដា​ គប់ជ្រុង ពណ៌ខៀវចាស់ ពាក់​ផ្លាក​លេខ ភ្នំពេញ ​1N-8298 ដោយធ្វើដំណើរពីលិចទៅកើត ពោលពីភ្នំពេញ ទៅកៀនស្វាយ ក្នុងបំណងទៅលំនៅដ្ឋាននៅភូមិស្ដៅ​។ លុះមកដល់ចំណុចកើតហេតុ​ ត្រូវរថយន្ដប្រភេទដឹកទំនិញមួយគ្រឿង ម៉ាក់ HINO ពណ៌ស​ ពាក់​ស្លាក​ភ្នំពេញ​ 3D-9292 បើកក្នុងទិសដៅបញ្ច្រាស​គ្នា ហើយជ្រុលមកបុក​ម៉ូតូ​​បណ្ដាល​ឲ្យ​ជនរងគ្រោះ ​ស្លាប់​នៅ​កន្លែង​តែម្តង​ ហើយភ្លាមនោះអ្នកបើកបររថយន្តបង្ក ​បាន​រត់​គេច​ខ្លួនស្រមោល។

បច្ចុប្បន្នវត្ថុតាងទាំង២ ត្រូវ​ជំនាញយក​ទៅ​រក្សា​ទុក​នៅអធិការដ្ឋាន នគរបាលស្រុកកៀនស្វាយ ដើម្បីដោះស្រាយតាមច្បាប់។​ រីឯ​សព​ជនរងគ្រោះ​ ប្រគល់​ជូន​សាច់ញាតិ ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​​៕