(តូក្យូ)៖ ទីបំផុតក្រុមនៃនាវាដឹកយន្តហោះចម្បាំង USS Carl Vinson របស់សហរដ្ឋអាមេរិក បានធ្វើដំណើរឆ្លងចូលមកដល់ដែនសមុទ្រជប៉ុន ដែលស្ថិតនៅភាគខាងកើតឧបទ្វីបកូរ៉េហើយ ចំពេលដែលភាពតានតឹងក្នុងតំបន់កាន់តែកើនឡើងយ៉ាងក្តៅគគុកថែមទៀត ក្រោយការធ្វើតេស្តមីស៊ីលផ្លោងបរាជ័យរបស់កូរ៉េខាងជើង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃសៅរ៍ ទី២៩ ខែមេសា ឆ្នាំ២០១៧។
នាវាផ្ទុកយន្តហោះចម្បាំង Carl Vinson ដ៏មានអនុភាព ដែលដើរដោយថាពលនុយក្លេអ៊ែរនេះ បានអមដំណើរមកជាមួយក្រុមនាវាចម្បាំងអាមេរិកផ្ទាល់ ព្រមទាំងនាវាចម្បាំងរបស់ជប៉ុនជាច្រើនគ្រឿងផ្សេងទៀត ដែលបានចូលរួមសមយុទ្ធយោធារួមគ្នាមួយនាពេលថ្មីៗនេះ។ ហើយក្រុមនាវាជើងទឹកដែលត្រូវបានប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ហៅថា «Armada» នេះ កំពុងចាប់ផ្តើមបន្តធ្វើសមយុទ្ធយោធាជើងទឹកជាមួយកូរ៉េខាងត្បូងថែមទៀត ហើយនឹងត្រូវឈរជើងនៅឧបទ្វីបកូរ៉េ ក្នុងដើម្បីជាការបង្ហាញកម្លាំងនិងអនុភាពយោធាចំដោយផ្ទាល់ទៅកាន់ប្រទេសកូរ៉េខាងជើង។
គួរបញ្ជាក់ថា នាព្រឹកថ្ងៃសៅរ៍នេះ របបដឹកនាំទីក្រុងព្យុងយ៉ាង បានធ្វើការបាញ់សាកល្បងមីស៊ីលផ្លោងចំនួនមួយគ្រាប់ សាជាថ្មីម្តងទៀត សំដៅមករកទឹកដីនៃប្រទេសជប៉ុន ដែលបានទទួលបរាជ័យទៅវិញ ពីព្រោះគ្រាប់មីស៊ីលបានផ្ទុះធ្លាក់បំណែកទៅលើដីវិញ ដោយពុំទាន់តែបានបាញ់ឆ្លងផុតទឹកដីកូរ៉េខាងជើងនៅឡើយ។ ភ្លាមៗក្រោយការធ្វើតេស្តនេះ នាយកជប៉ុនលោក ស៊ីនហ្សូ អាបេ បានចេញបញ្ជាជាបន្ទាន់ ឲ្យត្រៀមលក្ខណៈការពារកម្រិតខ្ពស់នៅក្នុងប្រទេស៕