(ភ្នំពេញ)៖ ជនសង្ស័យ ជុន ច័ន្ទបុត្រ ឈ្មោះដើម ហួត វុទ្ធី បានចាកចេញពីប្រទេសកម្ពុជា តាមជើងយន្តហោះកាលពីម៉ោង៣៖១៥នាទីរសៀលថ្ងៃទី២៨ ខែមេសា ឆ្ពោះទៅកាន់ទីក្រុងបាងកក ដើម្បីបន្តគេចខ្លួនចេញពីសំណាញ់ច្បាប់ ក្រោយពីខ្លួនត្រូវបានចោទប្រកាន់ថា បានធ្វើសេចក្តីប្រកាសភូតកុហក បន្លំខ្លួនចូលពន្ធនាគាររួចមក។ ការចាកចេញរបស់ ជុន ច័ន្ទបុត្រ ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយពីតំណាងរាស្ត្រ មូរ សុខហួរ បញ្ចប់ការផ្តល់សក្ខីកម្ម ក្នុងនាមជាសាក្សីនៅចំពោះមុខ អយ្យការអមសាលាដំបូង និងមួយថ្ងៃក្រោយពីតំណាងរាស្ត្រ ឡុង រី ចូលខ្លួនក្នុងតុលាការបំភ្លឺក្នុងនាមជាសាក្សី។ សក្ខីកម្ម ដែលត្រូវបានគេទម្លាយឱ្យដឹងថា បានដាក់បន្ទុកបន្ថែមលើ ជុន ច័ន្ទបុត្រ ក្នុងសំណុំរឿង ព្រហ្មទណ្ឌធ្វើសេចក្តីប្រកាសភូតកុហករាជការ។

ជនសង្ស័យ ជុន ច័ន្ទបុត្រ បានថ្លែងថា ខ្លួនកំពុងជួបពិភាក្សាជាមួយមេធាវីទាក់ទង នឹងដីកាកោះរបស់អយ្យការអមសាលាដំបូងរាជាធានីភ្នំពេញ។ តាមប្រភពព័ត៌មាន ជុន ច័ន្ទបុត្រ គ្រោងនឹងវិលត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី១ ខែឧសភា ឆ្នាំ ២០១៧ ខណៈការកោះឱ្យចូលខ្លួនក្នុងនាមជនសង្ស័យ នៅថ្ងៃទី២ ខែឧសភា។ តើ ជុន ច័ន្ទបុត្រ ដែលបានចាកចេញស្ងាត់ៗពីកម្ពុជាទៅទីក្រុងបាងកក ប្រទេសថៃ សូម្បីបុគ្គលិករបស់ខ្លួនមួយចំនួន ក៏ពុំបានដឹងផងនោះ នឹងធ្វើការសម្រេចចិត្តយ៉ាងណាចំពោះដីកាកោះនេះ?

សេណារីយូទី១៖ តាមការគ្រោងទុក ជុន ច័ន្ទបុត្រ នឹងគ្រោងត្រឡប់មកវិញនៅថ្ងៃទី១ ខែឧសភា។ បើ ជុន ច័ន្ទបុត្រ ពិត ជាក្លាហានត្រឡប់មកកម្ពុជាវិញ នោះអាចថា ជុន ច័ន្ទបុត្រ មានទំនុកចិត្តក្នុងរឿងក្តីព្រហ្មទណ្ឌនេះ ដោយសារតែមានមេធាវីខ្មែរបរទេសជួយ ជាពិសេសអាចទទួលបានការធានាអះអាងពី ចៅហ្វាយនាយបរទេសខ្លួនក្នុងល្បែងនេះជាមួយតុលាការកម្ពុជា ហើយបើនិយាយឱ្យចំ ជុន ច័ន្ទបុត្រ អាចនឹងត្រូវបានប្រើប្រាស់ដើម្បីជាកូនអុកប្រឈម មុខគ្នារវាងប៉ូលបីគឺ រាជរដ្ឋាភិបាលកម្ពុជា ចៅហ្វាយនាយរបស់ ជុន ច័ន្ទបុត្រ និងបក្សប្រឆាំង។ ពេលមានការបើកភ្លើងខៀវពីចៅហ្វាយនាយខ្លួន បក្សប្រឆាំងនឹងរង់ចាំធ្វើអាជីវកម្មលើស្ថានភាពនេះ ទាញយកចំណេញនយោបាយ និងត្រៀមខ្លួនជានិច្ចអនុវត្តតាមផែនការឪរបស់ខ្លួន ក្នុងការកៀរគរ សកម្មជនរបស់ខ្លួនដើម្បីគាំទ្រ ជុន ច័ន្ទបុត្រ ក្នុងករណី ជនសង្ស័យរូបនេះត្រូវបានចោទប្រកាន់ និងចាប់ខ្លួន។

បើការចាកចេញរបស់ ជុន ច័ន្ទបុត្រ ទៅប្រទេសថៃ គ្រាន់តែដើម្បីដើរកម្សាន្តលំហែកាយមុនចូលជួបអយ្យការសាលាដំបូងរាជធានីភ្នំពេញ ឬទៅទទួលដំបូន្មានល្អៗពីចៅហ្វាយរបស់ខ្លួននោះហើយវិលត្រឡប់​មកកម្ពុជាវិញមុនថ្ងៃទី២ ឧសភា យើងនឹងអាចតាមដានថា តើគោលបំណងរបស់ ជុន ច័ន្ទបុត្រ ចង់ទៅជួបកូនចឹងខ្លួន គឹម សុខ នៅពន្ធនាគារនោះពិតជាបានសម្រេច ឬយ៉ាងណា?

សេណារីយូទី២៖ បើជ្រុលបានចាកចេញពីកម្ពុជាទៅហើយ ជុន ច័ន្ទបុត្រ នឹងមិនត្រឡប់មកកម្ពុជាវិញតាមការគ្រោងទុកទេ។ កាលដែល ជុន ច័ន្ទបុត្រ ថ្លែងថា ខ្លួនកំពុងជួបមេធាវីរបស់ខ្លួនលើដីកាកោះឱ្យចូលខ្លួននេះ គឺគ្រាន់តែជាលេសដើម្បីពន្យារពេលការបញ្ជាក់ជាផ្លូវការ នូវការរត់គេចខ្លួនពីដីកាកោះនេះ។ គេជឿជាក់ថា ទាំងចៅហ្វាយរបស់ខ្លួន ទាំងថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិរបស់ខ្លួន រួមនឹងខ្លួនឯងផ្ទាល់ ជុន ច័ន្ទបុត្រ មិនចង់ជាប់គុកនៅកម្ពុជាឡើយ។ ដូច្នេះ មេធាវីខ្លួនអាចប្រថាប់ត្រាថា មិនចាំបាច់វិលមកកម្ពុជាវិញទេ ព្រោះអាចខាតប្រយោជន៍ច្រើន។ អត់សំឡេងរបស់ ជុន ច័ន្ទបុត្រ គណបក្សសង្គ្រោះជាតិ ជាពិសេសថ្នាក់ដឹកនាំបក្សនេះអាចមានការសោកស្តាយខ្លាំង ព្រោះប្រៀបបាននឹងការកាត់ដៃស្តាំ និងបាត់បង់សំឡេងដ៏មានសក្តានុពលរបស់ខ្លួនផងដែរ ព្រោះ ជុន ច័ន្ទបុត្រ បានសហការរៀបចំផែនការយ៉ាងស្អិតរមួតជាមួយបក្សប្រឆាំង និងសង្គមស៊ីវិល ព្រមទាំងសង្គមស៊ីវិល និងអ្នកវិភាគឯករាជ្យផ្កាប់មុខ ដើម្បីផ្សព្វផ្សាយបែបមួលបង្កាច់ បំភ្លៃ បំផ្លើស បំប៉ោង និងបំភ័ន្តព័ត៌មានក្នុងចេតនាទាញទម្លាក់សេចក្តីទុកចិត្តរបស់រាស្ត្រ លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាក្រោមផែនការអំណាចរបស់ខ្លួន។

ប្រសិនបើ ជុន ច័ន្ទបុត្រ ជ្រើសរើសការរត់គេចខ្លួនជាសេណារីយូរបស់ខ្លួន សម្រេចលុបចោលផែនការវិលមកកម្ពុជាវិញ គេអាចមើលឃើញនូវចំណុចមួយចំនួន៖

១៖ ជុន ច័ន្ទបុត្រ គឺជាអ្នកក្លាហានប្រមាត់តូច៖ នៅពេលមិនទាន់មានបញ្ហាជាមួយច្បាប់ ជុន ច័ន្ទបុត្រ មានតួនាទីជាអនុប្រធានវិទ្យុអាស៊ីសេរី ជាខេមរភាសា បានអួតក្អេងក្អាង ជាជ្រូកពុលទឹកមាត់ ច្រឡើសបើស និងមានមោទនភាពក្នុងក្អម។ ប៉ុន្តែធាតុពិត ជុន ច័ន្ទបុត្រ គឺជាមាន់សម្លដែលមិនហ៊ាននឹងប្រឈមមុខ នឹងការពិត និងអំពើដែលខ្លួនប្រព្រឹត្ត។ ហ៊ានស៊ីតែមិនហ៊ានសង ! ហ៊ានបន្លំផ្លោះរបង តែមិនហ៊ានជាប់គុក! នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ជុន ច័ន្ទបុត្រ បានព្យាយាមមិននិយាយជាមួយអ្នកកាសែត ព្រមទាំងញុះឱ្យវិទ្យុអាស៊ីសេរីចេញសេចក្តីថ្លែងការណ៍ការពារខ្លួន។

ធាតុពិតនេះគ្រាន់តែជាការបន្លំកុំឱ្យគេដឹងអំពីផែនការរត់គេចខ្លួន និងដើម្បីកុំឱ្យគេស្ទាក់ចាប់ខ្លួនប៉ុណ្ណោះ។ ប្រភពពីបុគ្គលិកវិទ្យុអាស៊ីសេរីបានឱ្យដឹងថា ជុន ច័ន្ទបុត្រ មានការព្រួយបារម្ភយ៉ាងខ្លាំង គឺភ័យឡើងបែកប្រមាត់ ស្លន់ស្លោរ សុំចៅហ្វាយនាយរបស់ខ្លួនចេញទៅបម្រើការងារនៅ ទីស្នាក់ការកណ្តាល របស់វិទ្យុអាស៊ីសេរី នៅទីក្រុងវ៉ាស៊ីនតោនវិញ ព្រមទាំងនិយាយដោយត្រង់ថា បើខ្លួនជាប់គុកនៅកម្ពុជា នឹងខាតបង់ច្រើនណាស់។ នេះសបញ្ជាក់ថាជុន ច័ន្ទបុត្រ នេះគ្មានអ្វីគួរអស្ចារ្យឡើយ។ ដើរញុះញង់ បង្កបញ្ហា និងរត់ចោលបញ្ហា។ គិតទៅចរិតមេ និងកូនចៅដូចគ្នាមែន។ មានមេ សម រង្ស៊ី ជាពូជមាន់សម្ល ដល់កូនមកក៏ជាមាន់សម្លដែរ! ទីបំផុតអ្នកក្លាហានប្រមាត់តូចរត់ គេចចេញពីនីតិវិធីច្បាប់ដូចមេបក្សខ្លួនដែរ។

២៖ កុហកលុះក្ស័យ៖ ដំណឹងនៃការរត់គេចខ្លួនរបស់ ជុន ច័ន្ទបុត្រ ទើបនឹងបែកនៅរសៀលថ្ងៃសៅរ៍នេះប៉ុណ្ណោះ បន្ទាប់ពីពលរដ្ឋខ្មែរបានឃើញជន សង្ស័យរូបនេះនៅព្រលានយន្តហោះ ក្នុងទីក្រុងបាងកក។ អ្នកសារព័ត៌មានបានព្យាយាមទាក់ទង ដើម្បីស្នើសុំការបញ្ជាក់ពីសាមីខ្លួន។ ជុន ច័ន្ទបុត្រ បាន ចាកចេញពីកម្ពុជាហើយ ប៉ុន្តែនៅតែបន្លំភ្នែក កុហកអ្នកកាសែតគ្នាឯងថា ខ្លួននៅកម្ពុជានៅឡើយ។ នេះគឺជាការបញ្ជាក់ថា ជុន ច័ន្ទបុត្រ ពិតជាមនុស្ស ប្រកបដោយល្បិចកលរាប់ជំពូក និងមានចេតនាមិនល្អកុហករាស្ត្រខ្មែរ បន្ថែមលើការរៀបចំផែនការអាក្រក់បីខែរបស់ខ្លួន។ ការបំភ្លៃកុហកនេះកាន់តែ បង្ហាញច្បាស់ថា ជុន ច័ន្ទបុត្រ គឺជាមនុស្សកំពូលល្បិចកល ពូកែកុហក ហើយឧប្បត្តិហេតុបន្លំខ្លួនចូលគុកព្រៃស កាលពីមុនដែល ជុន ច័ន្ទបុត្រ ថាមិនបានបន្លំខ្លួនទេ នោះគឺពិតជាភូតកុហក១០០%។ តាមពិត ជុន ច័ន្ទបុត្រ ពិតជាបានបន្លំខ្លួនចូលគុក ក្រោមការសម្របសម្រួល របស់តំណាងរាស្ត្រ ឡុង រី និង មូរ សុខហួរ មែន។ ចុះបើមានវិដេអូភស្តុតាងច្បាស់យ៉ាងដូច្នេះហើយ ទំនងជាតុលាការមិនចាំបាច់រកភស្តុតាងអ្វីទៀតឡើយ។

៣៖ បើចាកចេញទៅមិនអាចវិលវិញ បើនៅក៏មិនអាចចេញបាន៖ បើដំណឹងនៃការរត់គេចខ្លួនរបស់ជុន ច័ន្ទបុត្រ ពិតមែន គឺជាជម្រើសច្បាស់លាស់មួយ របស់ ជុន ច័ន្ទបុត្រ នៅចំពោះមុខស្ថានការណ៍ បច្ចុប្បន្នគឺ ជុន ច័ន្ទបុត្រ ជ្រើសរើសយកជម្រើស «ទៅហើយមិនអាចវិលមកជាន់ទឹកដីកម្ពុជាវិញ» ព្រោះខ្លួន ជាប់ជំពាក់នឹងច្បាប់ ហើយប្រសិនបើសំណុំរឿងព្រហ្មទណ្ឌរបស់ខ្លួន ត្រូវបានតុលាការជំនុំជម្រះក្តី និងបើរកឃើញថា មានពិរុទ្ធភាព ព្រមទាំងត្រូវបាន ផ្តន្ទាទោស នោះ ជុន ច័ន្ទបុត្រ ត្រូវដោះស្រាយឱ្យដាច់ស្រេចជាមុនសិន ទើបមានសិទ្ធិវិលចូលប្រទេសវិញដោយសេរី។ ហើយបើសម្រេចចិត្តចូលមក ក្នុងប្រទេសវិញ ក៏នឹងមិនអាចចេញវិញបានដែរ ព្រោះត្រូវប្រឈមមុខច្បាប់។ បើសិនជាតុលា​ការរកឃើញមានពិរុទ្ធភាព ត្រូវប្រឈមមុខនឹងការអនុវត្តទោស ឱ្យចប់សព្វគ្រប់សិន។ បើបន្តរត់គេចខ្លួន ស្ពាយទោសជាប់ខ្លួនដូចទណ្ឌិត សម រង្ស៊ី ទោសនៅតែបន្តមានរហូត ព្រោះមិនទាន់បានអនុវត្ត។

ការជ្រើសរើសរត់គេចខ្លួនរបស់ ជុន ច័ន្ទបុត្រ ចេញពីការតតាំងផ្នែកច្បាប់គឺជាសិទ្ធិសម្រេចរបស់ខ្លួន។ ប៉ុន្តែជាការបង្ហាញពីភាពកំសាករបស់ជនសង្ស័យ ដែលជាអ្នកក្លាហានក្នុងក្អម។ សំណួរបន្តគេ នឹងចោទសួរថា បើតុលាការរកឃើញថា ជនសង្ស័យ ជុន ច័ន្ទបុត្រ មានទោស តើជនរូបនេះមានសិទ្ធិក្នុងការ ប្រកបអាជីពជាអ្នកកាសែតវិទ្យុអាស៊ីសេរីទៀតទេ? តើគេអនុញ្ញាតឱ្យជននេះបន្តប្រើវិទ្យុអាស៊ីសេរី ដើម្បីផ្សព្វផ្សាយព័ត៌មានទៀតទេ? តើព័ត៌មានដែល ជុន ច័ន្ទបុត្រ សរសេរនិងកិច្ចការព័ត៌មានដែល ជុន ច័ន្ទបុត្រ ត្រួតពិនិត្យសម្រាប់វិទ្យុអាស៊ីសេរីទាំងមូល នឹងមានតុល្យភាពឯករាជ្យភាពដូចខ្លួនប្រកាសទេ?
ចម្លើយគឺ ថាព័ត៌មានដែល ជុន ច័ន្ទបុត្រ សរសេរ និងបញ្ជាឱ្យមន្ត្រីបុគ្គលិករបស់ខ្លួនសរសេរគឺគ្រាន់តែជាអត្ថបទព័ត៌មាន សងសឹក គំនុំគំគួន និងគ្មានវិជ្ជាជីវៈប៉ុណ្ណោះ។ វិទ្យុអាស៊ីសេរីនឹងក្លាយជាឧបករណ៍ដាច់ថ្លៃ ដែលប្រើដើម្បីសងសឹក និងបង្កចលាចល ញុះញង់តាមរូបភាពបំភ្លៃ បំផ្លើស បំប៉ោង និងបំភ័ន្តព័ត៌មាន។

ដោយ៖ ចៅចាក់ស្មុក