(ម៉ានីល)៖ បណ្តាប្រទេសជាសមាជិកអាស៊ាន បានសម្រេចធ្វើការកែសម្រួលសេចក្តីថ្លែងការណ៍មួយ ដែលគ្រោងនឹងត្រូវដាក់ចេញនៅក្នុងកិច្ចប្រជុំកំពូល នាថ្ងៃសៅរ៍នេះ ដោយថែមបញ្ចូលសេចក្តីយោងមួយចំនួន ពាក់ព័ន្ធនឹងការដាក់ពង្រាយកម្លាំងយោធា ក៏ដូចជាការសាងសង់កោះសិប្បនិម្មិត នៅក្នុងតំបន់ សមុទ្រចិនខាងត្បូង ដែលទង្វើនេះទំនងជានឹងធ្វើឲ្យទីក្រុងប៉េកាំងរង្គាសចិត្តជាក់ជាពុំខាន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Channel News Asia នៅព្រលប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧។
ជុំវិញបញ្ហានេះ យោងតាមប្រភពការទូតអាស៊ាន ក្រុមអ្នកតំណាងស្ថានទូតចិនប្រចាំនៅទីក្រុងម៉ានីល បានព្យាយាមជះឥទ្ធិពលទៅលើខ្លឹមសារ នៃសេចក្តីថ្លែងការណ៍ខាងលើ តាមរយៈការបញ្ចុះបញ្ចូលមន្រ្តីនៃប្រទេសហ្វីលីពីន។ ក៏ប៉ុន្តែប្រទេសសមាជិកអាស៊ានចំនួនបួន បានមិនឯកភាព ចំពោះការលុបពាក្យ «ពង្រីកដី និងការដាក់ពង្រាយកម្លាំងយោធា» ដែលជាពាក្យធ្លាប់ត្រូវបានដាក់បញ្ចូលទៅក្នុងសេចក្តីថ្លែងការណ៍នៃ កិច្ចប្រជុំអាស៊ានកាលពីឆ្នាំមុន នៅឯប្រទេសឡាវ ប៉ុន្តែមិនបានបង្ហាញវត្តមាននៅក្នុងសេចក្តីព្រាងដំបូង សម្រាប់សេចក្តីថ្លែងការណ៍ឆ្នាំ២០១៧នេះ។
យ៉ាងណាមិញសេចក្តីព្រាងចុងក្រោយ នៃសេចក្តីថ្លែងការណ៍នេះ មិនទាន់បានឆ្លងកាត់ការឯកភាពពីសំណាក់បណ្តាប្រទេសអាស៊ានទាំងអស់នៅឡើយទេ ក៏ប៉ុន្តែការកែសម្រួលមួយចំនួននេះ បានបង្ហាញជាតំរុយយ៉ាងច្បាស់ថា អាស៊ានកំពុងប្រកាន់គោលជំហរប្រឆាំងចំពោះសកម្មភាពរបស់ចិន។ ដោយឡែកចិនពុំមែនជាសមាជិក នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ឡើយ ហើយក៏មិនបានចូលរួមកិច្ចប្រជុំកំពូលនេះដែរ។
គួរបញ្ជាក់ថា ភាគីនៅក្នុងជម្លោះនៃតំបន់សមុទ្រចិនខាងត្បូងមានដូចជាចិន និងប្រទេសចំនួន០៦ទៀត រួមមាន៖ ព្រុយណេ តៃវ៉ាន់ ហ្វីលីពីន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងវៀតណាម៕