(តូក្យូ)៖ នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ បានថ្លែងនៅថ្ងៃសៅរ៍នេះថា ការសម្រេចចិត្តធ្វើតេស្តបាញ់មីស៊ីលផ្លោងរបស់កូរ៉េខាងជើង បានបង្ហាញពីការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរបំផុតដល់ប្រទេសរបស់លោក ហើយលោក អាបេ បានអំពាវដល់សហរដ្ឋអាមេរិក រួមទាំងចិនឲ្យបន្តដាក់សម្ពាធទៅលើរបបដឹកនាំទីក្រុងព្យុងយ៉ាងថែមទៀត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅយប់ថ្ងៃសៅរ៍ ទី២៩ ខែមេសា ឆ្នាំ២០១៧។
លោកនាយករដ្ឋមន្រ្តីនៃប្រទេសជប៉ុន បានថ្លែងនៅចំពោះមុខក្រុមអ្នកសារព័ត៌មានជាច្រើនរូបថា «ដោយមិនខ្វល់ពីការព្រមានធ្ងន់ៗពីសំណាក់សហគមន៍អន្តរជាតិ ប្រទេសកូរ៉េខាងជើងនៅថ្ងៃនេះ បានបាញ់សាកល្បងគ្រាប់មីស៊ីលផ្លោងរបស់ខ្លួន សាជាថ្មីម្តងទៀត។ ទង្វើនេះពុំអាចទទួលយកបានជាដាច់ខាត ហើយយើងសូមធ្វើការថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាពបង្កហេតុបែបនេះ»។
នាឱកាសនោះលោក ស៊ីនហ្សូ អាបេ បានលើកឡើងថា នឹងនៅបន្តរក្សាការធ្វើទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ខណៈលោកកំពុងតែផ្តោតសំខាន់ទៅលើ ការឆ្លើយតបរបស់ចិនចំពោះការធ្វើតេស្តមីស៊ីលលើកនេះ ហើយលោក អាបេ សង្ឃឹមថា ទីក្រុងប៉េកាំងនឹងដើរតួនាទីរបស់ខ្លួនបានសមរម្យត្រឹមត្រូវ។
យោងតាមសារព័ត៌មានអន្តរជាតិធំៗ នាព្រឹកព្រលឹមទាបភ្លឺថ្ងៃសៅរ៍នេះ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានឲ្យដឹងថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងសាជាថ្មីម្តងទៀតហើយ ក៏បានប៉ុន្តែទទួលបរាជ័យ ដោយការការបាញ់សាកល្បងនោះ ធ្វើឲ្យមីស៊ីលប្រភេទបាលីស្ទីកនេះ បានផ្ទុះធ្លាក់ចុះមកវិញភ្លាមៗ បន្ទាប់ពីបាញ់ចេញបានតែ២-៣នាទីក្រោយមកប៉ុណ្ណោះនៅតំបន់ក្បែរឆ្នេរសមុទ្រភាគខាងកើតនៃប្រទេសកូរ៉េខាងជើង ហើយវាគឺជាការធ្វតេស្តមីស៊ីលបរាជ័យលើកទីពីរនៅក្នុងខែមេសានេះ៕