(ភ្នំពេញ)៖ លោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរី ដែលកំពុងស្ថិតនៅប្រទេសថៃ បានថ្លែងប្រាប់ឲ្យដឹងតាមទូរស័ព្ទនៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧នេះថា រូបលោកកំពុងពិភាក្សាជាមួយមេធាវីលើករណីការកោះហៅនៅតុលាការ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧ខាងមុខនេះ។
ឆ្លើយនឹងសំណួរសួរថា តើលោក ជុន ច័ន្ទបុត្រ នឹងចូលបំភ្លឺនៅតុលាការឬយ៉ាងណា ? លោក ជុន ច័ន្ទបុត្រ បានអះអាងតាមទូរស័ព្ទដោយផ្ទាល់ប្រាប់អ្នកសារព័ត៌មានថា «ខ្ញុំកំពុងពិភាក្សាជាមួយមេធាវីសិន លើការកោះហៅរបស់តុលាការ»។
មន្រ្តីជាន់ខ្ពស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា លោក ជុន ច័ន្ទបុត្រ បានចាកចេញពីកម្ពុជា ទៅកាន់ទីក្រុងបាងកក ប្រទេសថៃ តាមជើងហោះហើរក្រុមហ៊ុនអាកាសចរណ៍ Thai Airway នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ ម៉ោង១៥៖០៤នាទី។
អ្នកច្បាប់បានលើកឡើងថា ការចាកចេញពីកម្ពុជា ទៅកាន់ប្រទេសថៃរបស់លោក ជុន ច័ន្ទបុត្រ មិនខុសច្បាប់ទេ ព្រោះដីការបស់តុលាការ មិនបានហាមឃាត់ លោក ជុន ច័ន្ទបុត្រ មិនឲ្យចាកចេញទៅក្រៅប្រទេសនោះទេ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព ធ្លាប់បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News យ៉ាងដូច្នេះថា «តំណាងអយ្យការអាចនឹង ឃាត់ខ្លួនលោក ជុន ច័ន្ទបុត្រ នៅថ្ងៃចូលខ្លួន ប្រសិនរកឃើញធាតុផ្សំនៃបទល្មើសព្រហ្មទណ្ឌណាមួយ។ បើយោងតាមក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ប្រសិនបើតំណាងអយ្យការ ពិនិត្យឃើញថា មានភស្តុតាងដែលកំណត់បាននូវធាតុផ្សំ នៃបទល្មើសព្រហ្មទណ្ឌណាមួយពាក់ព័ន្ធ នឹងសកម្មភាពរបស់ជនសង្ស័យ ក្រោយពីការសាកសួរនៅថ្ងៃចូលខ្លួននោះ តំណាងអយ្យការអាចឃាត់ខ្លួនជនសង្ស័យ នៅថ្ងៃនោះតែម្តង ដើម្បីអនុវត្ត នីតិវិធីបន្ត, ហេតុនេះករណីលោក ជុន ច័ន្ទបុត្រ ក៏ដូចគ្នានេះដែរ! ហើយប្រសិនបើមិនចូល តុលាការនឹងបន្តនីតិវិធីរបស់ខ្លួន»។
ប្រជាពលរដ្ឋខ្មែរម្នាក់ ដែលកំពុងនៅទីក្រុងបាងកក បានប្រាប់បណ្តាញព័ត៌មាន Fresh News ពីប្រទេសថៃឲ្យដឹងថា រូបលោកបានឃើញ ជុន ច័ន្ទបុត្រ ផ្ទាល់ពាក់មួក និងវ៉ែតា អង្គុយហូបអាហារជាមួយបុរសម្នាក់ទៀត នៅក្នុងហាងមួយ ម្ដុំតំបន់ដែលខ្មែររស់នៅ ឈ្មោះ «ប៉ាត់ទូណាម» នៅទីក្រុងបាងកក ប្រទេសថៃ។ ប្រជាពលរដ្ឋរូបនេះបានបញ្ជាក់ថា នៅពេលឃើញលោក ជុន ច័ន្ទបុត្រ ដោយចៃដន្យនៅវេលាម៉ោងប្រមាណជិត១០យប់មិញ ពេលនោះលោកក៏យកទូរស័ព្ទ ចង់ថត ប៉ុន្ដែដោយសារដឹងខ្លួន លោក ជុន ច័ន្ទបុត្រ ក៏បានដើរចេញពីហាងនោះទៅបាត់តែម្ដង។
សូមជំរាបថា ទាំងលោក ឡុង រី និង លោកស្រី មូរ សុខហួរ ជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានបំពេញកាតព្វកិច្ចចូលបំភ្លឺ ក្នុងនាមជាសាក្សីចំពោះមុខស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញរួចហើយ។ មជ្ឈដ្ឋានមួយចំនួនរង់ចាំមើលថា តើលោក ហួត ឃីនវុទ្ធី ហៅ ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរីផ្នែកខេមរភាសា ហ៊ានចូលបំភ្លឺក្នុងនាមជាជនសង្ស័យដែរឬទេ ? អ្នកនាំពាក្យក្រសួងយុត្តិធម៌ ធ្លាប់ព្រមានថា តំណាងអយ្យការអាចឃាត់ខ្លួនជនសង្ស័យបាន ប្រសិនបើរកឃើញធាតុផ្សំនៃបទល្មើសព្រហ្មទណ្ឌ។
កាលពីព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោកស្រី មូរ សុខហួរ និងលោក ឡុង រី បាននាំលោក ហួត វុទ្ធី ហៅជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរី ដោយបន្លំខ្លួនជាជំនួយការរបស់ពួកគាត់ចូលទៅពន្ធនាគារព្រៃស ដើម្បីចុះសួរសុខទុក្ខ សកម្មជនរបស់គណបក្ស សង្រ្គោះជាតិ ចំនួន១៦នាក់ ដែលកំពុងជាប់ឃុំ នៅក្នុងពន្ធនាគារព្រៃ។ ចំពោះករណីនេះតុលាការសម្រេចចេញដីកាកោះហៅជនសង្ស័យ ជុន ច័ន្ទបុត្រ មកបំភ្លឺនៅតុលាការនាថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧ខាងមុខនេះ៕