(បាត់ដំបង)៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ លោក រុន រ័ត្នវាសនា អនុប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកសង្កែ ខេត្តបាត់ដំបង និងជាប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយឃុំអន្លង់វិល ឃុំរកា និងឃុំអូរដំបងមួយ ព្រមទាំងសហការី បានជួបសំណេះសំណាល និងធ្វើបច្ចុប្បន្នភាព បងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះ ក្នុងឃុំទាំងបី និងបានផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ដែលជានិច្ចជាកាល សម្តេចតែងគិតគូរពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា។
ក្នុងឱកាសជួបសំណេះសំណាលជាមួយ បងប្អូនប្រជាពលរដ្ឋក្នុងឃុំអន្លង់វិល ឃុំរកា និងឃុំអូរដំបងមួយ លោក រុន រ័ត្នវាសនា ផ្តល់ថវិកាមូលនិធិមនុស្សធម៌ របស់សម្តេចក្រឡាហោម ស ខេង ដល់ស្ត្រីសម្រាលកូន និងគ្រួសារ ដែលមានសមាជិកមរណភាពចំនួន១១៣គ្រួសារ។
ក្នុងឱកាសនោះផងដែរ លោកបានរំលឹកបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ ត្រូវអញ្ជើញទៅបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ ២០១៧ នាពេលខាងមុខឲ្យបានគ្រប់ៗគ្នា ពោលគឺនៅតែរយៈពេល៣៧ថ្ងៃទៀតប៉ុណ្ណោះ។
លោកក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមគោរពច្បាប់ចរាចរណ៍ ត្រូវពាក់មួកសុវត្ថិភាព មិនត្រូវបើកបរល្មើសល្បឿនកំណត់ មិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង ឬប្រើប្រាស់សារធាតតុញៀន ព្រោះមួយរយៈចុងក្រោយនេះ ចំនួនអ្នកស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ មានការកើនឡើងគួរបារម្ភ៕