(ពិភពលោក)៖ ស្ថានភាពដ៏តានតឹងក្នុងទំនាស់រវាងមហាអំណាចអាមេរិក និងកូរ៉េខាងជើង បានក្លាយជាប្រធានបទដ៏សំខាន់នៅលើពិភពលោក និងទាក់ទាញមនុស្សកាន់តែចង់ដឹងពីប្រទេសដ៏ឯកាកូរ៉េខាងជើង។
ខាងក្រោមនេះ ជាព័ត៌មានសំខាន់ៗរបស់ប្រទេសផ្តាច់ការមួយនេះ៖
* ផ្ទៃដីសរុប៖ ១២០,៥៤០គីឡូម៉ែត្រការ៉េ (ជាប់ចំណាត់ថ្នាក់ទី៩៨)
* ផ្ទៃទឹក៖ ៤,៤៨ភាគរយ
* ចំនួនប្រជាជន៖ ២៤,៨៩៥,០០០នាក់ (ការសន្និដ្ឋានឆ្នាំ២០១៣) (ជាប់ចំណាត់ថ្នាក់ទី៤៨លើពិភពលោក)
* ដង់ស៊ីតេប្រជាជន៖ ១៩៨,៣នាក់ ក្នុងមួយគីឡូម៉ែត្រការ៉េ
* GDP៖ (របាយការណ៍ឆ្នាំ២០១៥) GDP សរុបស្មើនឹង២៥ពាន់លានដុល្លារ GDP ម្នាក់ៗស្មើនឹង១,០០០ដុល្លារ
* រដ្ឋធានី៖ ព្យុងយ៉ាង
* ប្រភេទក្រដាស់ប្រាក់៖ វ៉ុន
* ភាសាផ្លូវការ៖កូរ៉េ
* ទម្រង់រដ្ឋាភិបាល៖ សាធារណរដ្ឋសង្គមនិយម បក្សនយោបាយតែមួយ
* មេដឹកនាំកំពូល៖ គីម ជុងអ៊ុន
I. ប្រវត្តិកំណើតកូរ៉េ៖
* មុនឆ្នាំ១៩៤មុនគ.ស៖ ស្ថិតក្រោមអំណាចស្តេចដំបូង
* ឆ្នាំ១៨មុនគ.ស៖ សម័យអាណាចក្រទាំងបី
* ឆ្នាំ៦៩៨នៃគ.ស៖ ប្រទេស ចែកចេញជាពីរ គឺអាណាចក្រខាងជើង និងខាងត្បូង
* ឆ្នាំ៩១៨៖ ការបង្រួបបង្រួមអាណាចក្រជាថ្មី
* ថ្ងៃទី២៩ ខែសីហា ឆ្នាំ១៩១០៖ កូរ៉េត្រូវបានបញ្ជូលជាដែនដីជប៉ុន
* ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ១៩៤៥៖ ទទួលបានឯករាជ្យពីជប៉ុន
* ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ១៩៤៨៖ ការបង្កើតរដ្ឋកូរ៉េខាងជើងផ្តាច់ចេញពីកូរ៉េខាងត្បូង
* ខែតុលា ឆ្នាំ១៩៥៨៖ ចិនដកទ័ពចេញ
* ទីតាំងភូមិសាស្ត្រ៖
ប្រទេសកូរ៉េខាងជើងលាតសន្ធឹង នៅចន្លោះខ្សែស្របទី៣៧ និង៤៣ដឺក្រេ នៃរយៈទទឹងខាងជើង និងចន្លោះខ្សែរបណ្តោយទី១២៤ និង១៣១ដឺក្រេ នៃរយៈបណ្តោយខាងកើត និងមានផ្ទៃក្រឡា១២០,៥៤០គីឡូម៉ែត្រការេ។
កូរ៉េជើងមានព្រំប្រទល់ខាងជើងជាប់ប្រទេស ចិន រុស្ស៊ី ចំណែកខាងខាងត្បូងជាប់ប្រទេស កូរ៉េខាងត្បូងដែលខណ្ឌចែកដោយតំបន់គ្មានទ័ព (DMZ) ភាគខាងលិចជាប់សមុទ្រលឿង និងឈូងសមុទ្រកូរ៉េ ចំណែកខាងកើតជាប់សមុទ្រជប៉ុន។
សណ្ឋានដីប្រមាណ៨០ភាគរយគ្របដណ្តប់ដោយភ្នំខ្វាត់ខ្វែង និងខ្ពង់រាប ដែលបែងចែកពីគ្នាដោយជ្រលងភ្នំតូចៗ និងជ្រៅ។ ភ្នំដែលខ្ពស់ជាងគេ គឺភ្នំ Paektu ដែលភ្នំភ្លើងដែលមានកម្ពស់រហូតដល់២,៧៤៤ម៉ែត្រពីនីវ៉ូសមុទ្រ។
II. ប្រវត្តិនៃការកកើតរដ្ឋ
* ការឈ្លានពានពីសំណាក់ប្រទេសជប៉ុន (ឆ្នាំ១៩១០ ដល់ឆ្នាំ១៩៤៥)
ប្រទេស កូរ៉េត្រូវរងការឈ្លានពានពីសំណាក់ប្រទេសជប៉ុន ចាប់ពីឆ្នាំ១៩១០ ដល់ឆ្នាំ១៩៤៥ គឺបន្ទាប់ពីបញ្ចប់សង្គ្រាមរវាងជប៉ុន ចិន និងរុស្ស៊ី។ ជប៉ុន ព្យាយាមសង្កត់សង្កិនទាំងទំនៀមទម្លាប់ និងវប្បធម៌កូរ៉េ ព្រមទាំងចង់គ្រប់គ្រងសេដ្ឋកិច្ចទាំងមូលដើម្បីស្រូបយកប្រយោជន៍ផ្ទាល់ខ្លួន។
ក្នុងពេលនោះ ជនជាតិកូរ៉េមួយក្រុមត្រូវបានបង្កើតឡើង ដែលត្រូវបានគេស្គាល់ឈ្មោះថា កងកម្លាំងសេរី ដែលប្រតិបត្តិការនៅតាមបន្ទាត់ព្រំដែន ចិន និងកូរ៉េ ដែលវាយប្រឆាំង នឹងកងកម្លាំងជប៉ុន។ ក្នុងចំណោមសមាជិកនៃក្រុមនេះមួយចំនួន បានចូលរួមជាមួយសម្ព័ន្ធមួយដែលធ្វើសកម្មភាពក្នុងប្រទេស ចិន។ មេដឹកនាំម្នាក់នៃកងឈ្លបដែលជាជន កុម្មុយនីស គឺលោកគីម អ៊ីលស៊ុង (Kim Il-Sung) ក្រោយមកបានក្លាយជាមេដឹកនាំ និងស្ថាបនិករបស់ប្រទេសកូរ៉េខាងជើង។
* ការអន្តរាគមន៍ពីមហាអំណាច និងការបែកចែកប្រទេស កូរ៉េជាពីរ (ឆ្នាំ១៩៤៥ដល់ឆ្នាំ១៩៥០)
ជ័យជម្នះរបស់មហាអំណាចអាមេរិក និងសូវៀតក្នុងការបញ្ចប់របបចក្រពត្តិនិយមរបស់ជប៉ុនលើដែនដីកូរ៉េដែលមានរយៈពេល៣៥ឆ្នាំ មិនបានផ្តល់ផលវិជ្ជមានអ្វី សម្រាប់កូរ៉េឡើយ។ មូលហេតុដោយសារជ័យជម្នះនេះបានកើតឡើងនៅចុងបញ្ចប់នៃសង្គ្រាមលោកលើកទីពីរ ស្របពេលដែលសង្គ្រាមត្រជាក់ក៏បានឈានចូលមកដល់ ជាពេលដែលពិភពលោកត្រូវហែកជាពីរ ដោយមនោគមន៍វិជ្ជាសេរីរបស់អាមេរិក និងកុម្មុនីសរបស់សូវៀត។
ដោយសារមហាអំណាចទាំងពីរកំពុងចង់ដណ្តើមដែនដីគ្នាដើម្បីពង្រីកឥទ្ធិពលរៀងៗខ្លួនស្រាប់ផងនោះ ប្រទេសកូរ៉េក៏ក្លាយជាជនរងគ្រោះដោយសារការហែកចែកគ្នាតែម្តង។
ក្នុងពេលនោះឧបទ្វីបកូរ៉េ ត្រូវបានមហាអំណាចសម្រេចបែកចែកជាពីរតាមបណ្តោយខ្សែស្របទី៣៨ ដោយពាក់កណ្តាលទៅជើងកាន់កាប់ដោយសហភាពសូវៀត និងពាក់កណ្តាលខាងត្បូងកាន់កាប់ដោយសហរដ្ឋអាមេរិក។
និយាយពីភាគខាងជើង ឧត្តមសេនីយ៍សូវៀត លោក Terentii Shtykov បានស្នើបង្កើតអាជ្ញាធរស៊ីវិលសូវៀត ហើយគាំទ្រលោក Kim il-Sung ធ្វើជាប្រធានរបស់ គណកម្មាធិការប្រជាជនបណ្តោះអាសន្ន សម្រាប់កូរ៉េខាងជើង ដែលបង្កើតឡើងក្នុងខែកុម្ភៈ ឆ្នាំ១៩៤៦។
ក្នុងអំឡុងក្រោមការដឹកនាំរបស់រដ្ឋាភិបាលបណ្តោះអាសន្ន សូវៀតបានបង្កើតកម្មវិធីកំណែទម្រង់ដីធ្លី ដែលបានលុបបំបាត់ចោលការបែកចែកឋានៈក្នុងប្រទេសកូរ៉េខាងជើង។ ពួកម្ចាស់ដី និងជនជាតិជប៉ុន បានជម្លៀសខ្លួនទៅកាន់ដែនដីភាគខាងត្បូង ដោយនៅទីនោះគ្មានកំណែទម្រង់ដីធ្លី និងភាពចលាចលឡើយ។
នៅខែកញ្ញា ឆ្នាំ១៩៤៦ ប្រជាពលរដ្ឋកូរ៉េខាងជើង បានងើបឡើងបះបោរប្រឆាំងយោធារបស់ពួកសម្ព័ន្ធមិត្ត ដែលដាក់ពង្រាយក្នុងប្រទេសកូរ៉េ។ នៅខែមេសា ឆ្នាំ១៩៤៨ ចលនាបះបោរបានកើតឡើងរហូតដល់ផ្ទុះជាអំពើហិង្សា។ ដែនដីខាងត្បូង បានសម្រេចប្រកាសខ្លួនជារដ្ឋមួយ នៅក្នុងខែឧសភាឆ្នាំ១៩៤៨ ហើយពីរខែក្រោយមក មេដឹកនាំចលនាប្រឆាំងរបបកុម្មុយនីសលោក Syngman Rhee ត្រូវបានលើកធ្វើជាមេដឹកនាំភាគខាងត្បូង ហើយក៏ក្លាយជាប្រធានាធិបតី របស់កូរ៉េខាងត្បូងដំបូងបំផុតតែម្តង។
ចំណែកសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) ត្រូវបានបង្កើតនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ១៩៤៨ផងដែរ។ ស្ថានភាពនេះបំណងចង់បង្រួបបង្រួមប្រទេស កូរ៉េទាំងពីរ ត្រូវបានរលាយសាបសូន្យ ដោយសារឥទ្ធិពលនៃមនោគមន៍វិជ្ជាសេរី និងកុម្មុយនីសមានភាពផ្ទុយគ្នាដាច់ស្រឡះដូចមេឃ និងដី ជាពិសេសផ្នែកនយោបាយ សេដ្ឋកិច្ច និងប្រព័ន្ធសង្គម។ បន្ទាប់ពីការបែងចែកដែនដីជាពីរហើយ កងកម្លាំងសូវៀត បានដកចេញពីប្រទេស កូរ៉េខាងជើងក្នុងឆ្នាំ១៩៤៨ ចំណែកកងកម្លាំង សហរដ្ឋអាមេរិកស្ទើរទាំងអស់បានដកចេញពីដែនដីខាងត្បូងក្នុងឆ្នាំ១៩៤៩។
អគ្គរដ្ឋទូតសូវៀត លោក Shtykov សង្ស័យថា លោក Rhee មេដឹកនាំកូរ៉េខាងត្បូង មានគម្រោងចង់វាយប្រហារភាគខាងជើង លោកក៏បានចូលដៃជាមួយលោក Kim il-Sung ដែលមានបំណងចង់បង្រួបបង្រួមកូរ៉េទាំងពីរក្រោមរបបសង្គមនិយម ដើម្បីទល់ទល់នឹងភាគខាងត្បូង។ លោក Shtykov បានអូសទាញលោក Joseph Stalin ចូលរួមជួយកូរ៉េខាងជើង ដើម្បីវាយឆ្មក់ទៅលើភាគខាងត្បូង ពេលនោះហើយដែលសង្គ្រាមកូរ៉េទាំងពីរចាប់ផ្តើមផ្ទុះឡើង។
* សង្គ្រាមកូរ៉េ (ឆ្នាំ១៩៥០ ដល់ឆ្នាំ១៩៥៣)៖
យោធាកូរ៉េខាងជើងបានឈ្លានពានភាគខាងត្បូង នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៩៥០ និងបានវាយគ្របដណ្តប់លើភាគខាងត្បូងស្ទើរទាំងស្រុង។ ជាការឆ្លើយតបកងកម្លាំង អង្គការសហប្រជាជាតិក្រោមការដឹកនាំរបស់សហរដ្ឋអាមេរិក បានចូលអន្តរាគមន៍ការពារភាគខាងត្បូង និងវាយបកលើកូរ៉េខាងជើងវិញ។ តែដោយកូរ៉េខាងជើងមាន ព្រំប្រទល់ជាប់សម្ព័ន្ធមិត្តចិន ទើបរដ្ឋាភិបាលក្រុងព្យុងយ៉ាង ត្រូវបានចិនជួយអន្តរាគមន៍វិញភ្លាមៗផងដែរ។ ដោយភាគីទាំងពីរសុទ្ធតែមានមហាអំណាចជួយអន្តរាគមន៍ ទើបសង្គ្រាមនេះបញ្ចប់ទៅដោយគ្មានអ្នកឈ្នះចាញ់។
សង្គ្រាមបានបញ្ចប់នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៥៣ បន្សល់ទុកនូវសាកសពជនស៊ីវិល និងយោធាជាងមួយលាននាក់ អគារមួយភាគធំរបស់កូរ៉េខាងជើង ត្រូវរងការបំផ្លិចបំផ្លាញ។ «យុទ្ធសន្តិភាព» បានដើរតួនាទីក្នុងការផ្អាកសង្គ្រាម និងកំណត់នូវព្រំប្រទល់រវាងកូរ៉េទាំងពីរ។
មតិមួយចំនួនបានលើកឡើងថា នេះជាសង្គ្រាមស៊ីវិល ខណៈដែលអ្នកខ្លះទៀតលើកឡើងថានេះជាសង្គ្រាមដែលលូកដៃពីបរទេស។ វាត្រូវបានគេចាត់ទុកថា ជាប្រភេទសង្គ្រាម Proxy War ដែលមហាអំណាចពីរ វាយប្រហារគ្នាក្នុងប្រទេសមួយផ្សេងទៀត ហើយបង្កឱ្យប្រជាពលរដ្ឋក្នុងប្រទេសនោះរងគ្រោះ ដោយសារការការបាត់បង់ជីវិត និងការបំផ្លិចបំផ្លាញក្នុងសង្គ្រាមរវាងមហាអំណាចទាំងពីរ។
ចាប់តាំងពីពេលនោះមកសហរដ្ឋអាមេរិក បន្តដាក់វត្ថមានយោធារបស់ខ្លួននៅភាគខាងត្បូង តែត្រូវបានភាគខាងជើងចាត់ទុកថា ជាកងកម្លាំងឈ្លានពាន ចក្រពត្តិនិយមទៅវិញ។ ការបែងចែកនៅឧបទ្វីបកូរ៉េមិនមានវាសនាដូចជា អាឡឺម៉ង់ខាងកើត និងខាងលិចឡើយ ដោយសារកូរ៉េទាំងពីរ មិនអាចបង្រួបបង្រួមគ្នាបាន ហើយបានក្លាយជាដំបៅដែលបន្តវិបត្តិរហូតមកដល់បច្ចុប្បន្ន។
* វិស័យយោធា៖
យោធាកូរ៉េខាងជើង ហៅកាត់ថា (KPA) មានកងកម្លាំងជាប្រចាំចំនួន១,១០៦,០០០នាក់ និងយោធាបម្រុង ឬយោធាប៉ារ៉ាចំនួន ៨,៣៨៩,០០០នាក់ នាំឱ្យ KPA ក្លាយជាអង្គការដែលមានយោធាធំជាងលើពិភពលោក។ តាមការប៉ានប្រមាណឃើញថា ប្រជាពលរដ្ឋម្នាក់ក្នុងចំណោម២៥នាក់ ត្រូវជាប់កាតព្វកិច្ចយោធា។
KPA បែកចែកជាប្រាំក្រុមគឺ ទ័ពជើងគោក ទ័ពជើងទឹក ទ័ពអាកាស កងកម្លាំងប្រតិបត្តិការពិសេស និងកងកម្លាំងបាញ់គ្រាប់រ៉ុកកែត។ ក្នុងចំណោមទ័ពទាំងប្រាំក្រុម ទ័ពជើងគោកមានទំហំធំជាងគេ ដោយមានមនុស្សប្រមាណមួយលាននាក់ ព្រមទាំងត្រូវបានបែកចែកចេញជាទ័ពថ្មើជើង៨០ក្រុម ទ័ពបាញ់កាំភ្លើងធំ៣០ក្រុម កងពលចម្បាំងពិសេស២៥ក្រុម កងពលតូចជំនាញគ្រឿងយន្ត២០ក្រុម កងពលតូចកាន់រថយន្តក្រោះ១០ក្រុម និងកងពលធំកាន់រថក្រោះ៧ក្រុម។
យោធាទាំងនេះ មានប្រដាប់ដោយរថក្រោះ៣,៧០០គ្រឿង រថក្រោះកាំភ្លើងធំ២.១០០ គ្រឿង និងអាវុធទំនើបៗជាច្រើនគ្រឿងទៀត។ មិនតែប៉ុណ្ណោះកូរ៉េខាងជើង នៅមានយន្តហោះ ១,៦០០គ្រឿងសម្រាប់កងទ័ពអាកាស និងនាវា១០០០គ្រឿងសម្រាប់កងទ័ពជើងទឹក។ អ្វីដែលជាចំណុចតែងតែទាក់ទាញពិភពលោកឱ្យ ចាប់អារម្មណ៍លើប្រទេសមួយនេះ គឺអាវុធនុយក្លេអ៊ែរ ក្បាលគ្រាប់នុយក្លេអែរ គ្រាប់មីស៊ីលបាលីស្ទីកជាង១,០០០គ្រាប់ ដែលអាចបាញ់បានចម្ងាយរហូតដល់៣,០០០គីឡូម៉ែត្រ។ មិនតែប៉ុណ្ណោះយោងតាមរបាយការណ៍របស់ប្រទេស កូរ៉េខាងត្បូងតាំងពីឆ្នាំ២០០៤កន្លងទៅនេះ បានឱ្យដឹងថា ប្រទេស កូរ៉េខាងជើងមានអាវុធគីមី ដែលមានទម្ងន់ប្រមាណពី២,៥០០ តោន៥,០០០តោន។
គ្រឿងសព្វាវុធភាគច្រើន ត្រូវបានផលិត និងដំឡើងដោយរោងចក្រការពារជាតិក្នុងស្រុកផ្ទាល់តែម្តង។ អាវុធត្រូវបានផលិតឡើងក្នុងរោងចក្រក្រោមដី ដែលមានទីតាំងស្ថិតនៅ ទូទាំងប្រទេស ភាគច្រើនគឺស្ថិតនៅក្នុងខេត្ត Chagang។
រោងចក្រឧស្សាហកម្មនេះ អាចផលិតអាវុធសម្រាប់យោធាម្នាក់ៗ បានយ៉ាងគ្រប់គ្រាន់តែម្តង ក្នុងនោះមានដូចជា អាវុធ កាំភ្លើងធំ រថក្រោះ ឧទ្ធម្ភាគចក្រ នាវាមុជទឹក នាវាបណ្តែតលើផ្ទៃទឹក យន្តហោះ យន្តហោះដែលអាចមុជទឹក និងយន្តចម្បាំងជាដើម។ របាយការណ៍របស់សារព័ត៌មានកូរ៉េខាងជើង បានឱ្យដឹងថា ការពង្រីកចំនួនយោធា ក្នុងឆ្នាំ២០១០ ដែលត្រូវការចំណាយប្រាក់រហូតដល់១៥,៨ភាគរយនៃកញ្ចប់ថវិកាជាតិ។
* រដ្ឋាភិបាល និងនយោបាយ៖
ប្រទេសកូរ៉េខាងជើង ជាប្រទេសដែលកាន់របបបែបសាធារណរដ្ឋមានបក្សនយោបាយតែមួយ។ ជាទូទៅចាប់តាំងការបង្កើតកូរ៉េខាងជើង ដែលបន្តស្ថិតនៅក្រោមការដឹកនាំ របស់ត្រកូល Kim ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី គ្រាន់តែជារូបភាពបំភ័ន្តភ្នែកតែប៉ុណ្ណោះ។ បក្សពលករកូរ៉េ (WPK) ដែលជាបក្សកំពូល និងតែមួយគត់របស់ កូរ៉េខាងជើង មានសមាជិកប្រមាណជាង៣,០០០,០០០នាក់។ លោក Kim jong-un ដែលជាទាយាទនៃត្រកូល Kim គ្រប់គ្រងលើគ្រប់រចនាសម្ព័ន្ធទំាងអស់របស់ រដ្ឋាភិបាល។
ចំណែកសភាកំពូលរបស់ប្រជាពលរដ្ឋ ហៅកាត់ថា SPA ជាអង្គការកំពូលនៃរដ្ឋ និងកាន់កាប់អំណាចនីតិបញ្ញត្តិ។ សមាជិកទាំង៦៨៧នាក់ ត្រូវបានបោះឆ្នោតក្នុង រយៈពេលប្រាំឆ្នាំម្តង។ កិច្ចប្រជុំត្រូវបានរៀបចំដោយប្រធាន SPA គឺលោក Kim Yong-nam ។ ចំណែកអំណាចនីតិប្រតិបត្តិត្រូវបានដឹកនាំដោយលោក Pak Pong-ju ដោយលោកជាតំណាងនៃរដ្ឋាភិបាល និងមានតួនាទីឯករាជ្យដាច់ដោយឡែក ក្នុងការគ្រប់គ្រងលើមន្ត្រីទាំង៣០រូប ប្រធានគណៈកម្មាធិការគណរដ្ឋមន្ត្រី។
* ទំនាក់ទំនងបរទេស៖
ដំបូងឡើយប្រទេស កូរ៉េខាងជើងជ្រើសរើសធ្វើទំនាក់ទំនងការទូតជាមួយតែប្រទេសកុម្មុយនីសដូចគ្នាតែប៉ុណ្ណោះ។ រហូតដល់ទសវត្សរ៍ឆ្នាំ១៩៦០ ដល់ទសវត្សរ៍ឆ្នាំ១៩៧០ ប្រទេស កូរ៉េខាងជើង បានបង្កើនទំនាក់ទំនងជាមួយប្រទេសកំពុងអភិវឌ្ឍន៍ និងចូលរួមក្នុងចលនា Non-Aligned Movement។
ជាអកុសល នៅចុងទសវត្សរ៍ឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៩០ គោលនយោបាយការបរទេសត្រូវបានធ្លាក់ក្នុងភាពច្របូកច្របល់ ដោយសារការដួលរលំនៃសហភាពសូវៀត។ ម្យ៉ាងវិញទៀតដោយសារវិបត្តិសេដ្ឋកិច្ច ប្រទេសដ៏ឯកាមួយនេះ បានបិទស្ថានទូតរបស់ខ្លួនជាច្រើនកន្លែង។ ក្នុងពេលនោះ កូរ៉េខាងជើងបែកគំនិត ចង់បង្កើតទំនាក់ទំនងជាមួយ ប្រទេសអភិវឌ្ឍន៍ដែលមានទីផ្សារសេរីវិញម្តង។
ថ្វីត្បិតជាប្រទេសកុម្មុយនីសផ្តាច់ការមួយ តែគិតត្រឹមឆ្នំា២០១៥កន្លងមកនេះ កូរ៉េខាងជើងមានទំនាក់ទំនងការទូតជាមួយ១៦៦ប្រទេស និងបើកស្ថានទូតនៅក្នុង ៤៧ប្រទេស។ មិនតែប៉ុណ្ណោះ ប្រទេសកូរ៉េខាងជើងនៅតែបន្តមានទំនាក់ទំនងយ៉ាងរឹងមាំជាមួយសម្ព័ន្ធមិត្តនៅអាស៊ីអាគ្នេយ៍ ដែលក្នុងនោះរួមមានវៀតណាម ឡាវ និងកម្ពុជា។
ប៉ុន្តែអ្វីដែលចម្លែកនោះគឺ ស្ថានទូតបរទេសដែលមានទំនាក់ទំនងជាមួយកូរ៉េខាងជើង បែរជាដាក់ទីតាំងក្នុងទីក្រុងប៉េកាំងទៅវិញ មិនមែនទីក្រុង ព្យុងយ៉ាងប្រទេស កូរ៉េខាងជើងឡើយ។
* សេដ្ឋកិច្ច៖
ប្រទេស កូរ៉េខាងជើង បានរក្សានូវទម្រង់សេដ្ឋកិច្ចបែបបិទទ្វារ និងប្រមូលផ្តុំជាងគេបំផុតលើពិភពលោក ចាប់តាំងទសវត្សរ៍ឆ្នាំ១៩៤០មកម្ល៉េះ។ អស់រយៈពេលពីរបីទសវត្សរ៍ ប្រទេសកុម្មុយនីសមួយនេះ បានយកគម្រូតាមគម្រោងសេដ្ឋកិច្ចនៃប្រទេស សូវៀត ដែលមានរយៈពេលប្រាំឆ្នាំម្តង។ ការពង្រីកនូវការឧបត្ថម្ភពីសំណាក់ប្រទេស សូវៀត និងចិន បានជួយរំដោះ ប្រទេស កូរ៉េខាងជើងចេញពីសង្គ្រាមកូរ៉េ និងទទួលបានអត្រាកំណើនសេដ្ចកិច្ចខ្ពស់គួរសម។ សេដ្ឋកិច្ចទាំងមូល ត្រូវបានកាន់កាប់ដោយរដ្ឋ។ អាហារលំនៅដ្ឋាន ត្រូវបានរដ្ឋជួយចំណាយខ្លះ ចំណែកការអប់រំ និងសេវាកម្មតំហែទាំសុខភាព មិនតម្រូវឱ្យបង់ប្រាក់ឡើយ។ ចំណែកកាតព្វកិច្ចបង់ពន្ធវិញ ត្រូវបានលុបបំបាត់ តាំងពីឆ្នាំ១៩៧៤មកម្ល៉េះ។
ក្នុងឆ្នាំ២០១៣ ប្រព័ន្ធនៃការបង្កើតតំបន់សេដ្ឋកិច្ចពិសេស ត្រូវបានធ្វើកំណែទម្រង់ជាថ្មី ដោយក្នុងតំបន់សេដ្ឋកិច្ច១៤កន្លែងថ្មីផ្សេងទៀត ត្រូវបានបើកដំណើរការ ស្របពេល ដែលតំបន់សេដ្ឋកិច្ចពិសេស Rason ត្រូវបានរៀបចំឡើងដោយគម្រោងនេះ ស្ថិតក្រោមការគ្រប់គ្រង់របស់ចិន និងកូរ៉េខាងជើង។ ចំណែកតំបន់រោងចក្រ Kaeson ជាតំបន់ សេដ្ឋកិច្ចពិសេសមួយទៀត ដែលមានក្រុមហ៊ុនកូរ៉េខាងត្បូងជាង១០០ និងមានកម្លាំងកម្មករកូរ៉េខាងជើងជាង៥២,០០០នាក់។ ប្រទេស ចិន និងរុស្ស៊ីត្រូវបានចាត់ទុកថា ជាដៃគូពាណិជ្ចកម្មក្រៅប្រទេសដ៏ធំជាងគេសម្រាប់កូរ៉េខាងជើង ដែលការនាំចេញ និងនាំចូលមានតម្លៃជាទឹកប្រាក់ចំនួន១០០លានដុល្លារ ក្នុងមួយឆ្នាំៗ។
* វិស័យវប្បធម៌៖
បើទោះបីជាប្រទេស កូរ៉េខាងជើងរងឥទ្ធិពលដោយសារប្រទេសចិនជាខ្លាំង តាំងពីសម័យប្រវត្តិសាស្ត្រក្តី តែប្រទេសកូរ៉េនៅតែព្យាយាមសម្រួចនូវអត្តសញ្ញាណរបស់ខ្លួនឱ្យមាន លក្ខណៈដាច់ដោយឡែកមួយ។ ដោយឡែកក្នុងសម័យក្រោមការគ្រប់គ្រងដោយចក្រពត្តិនិយមជប៉ុនពីឆ្នាំ១៩១០ ដល់ឆ្នាំ១៩៤៥ ប្រទេស ជប៉ុនបានលើកទឹកចិត្ត មនុស្សឱ្យសិក្សា និងនិយាយភាសាជប៉ុន ទទួលយកប្រព័ន្ធនៃការដាក់នាមត្រកូលតាមបែបជប៉ុន ព្រមទាំងប្រតិបត្តិសាសនាស៊ិនតូផងដែរ។ ជាងនេះទៅទៀតនោះជនជាតិកូរ៉េ ត្រូវបានហាមឃាត់មិនឱ្យសរសេរ ឬនិយាយភាសាកូរ៉េនៅសាលា នៅតាមទីសាធារណឡើយ។ យ៉ាងនេះក្តី រហូតមកទល់ពេលបច្ចុប្បន្ន ដោយសារការបិទទ្វារយ៉ាងដាច់ ខាតដើម្បីរារាំងឥទ្ធិពលបរទេស នាំឱ្យជនជាតិកូរ៉េខាងជើងអាចរក្សាវប្បធម៌ប្រពៃណីរបស់ខ្លួនបានយ៉ាងប្រសើរ៕
បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា