(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងសំណូមពរ ដល់ប្រជាពលរដ្ឋ, អាជ្ញាធរ, កងកម្លាំងប្រដាប់អាវុធ យកចិត្តទុកដាក់ទប់ស្កាត់ និងដោះស្រាយគ្រោះមហន្តរាយខ្យល់ព្យុះ-កន្ត្រាក់ នៅទូទាំងប្រទេសកម្ពុជា។
សម្តេចតេជោ ក៏បានស្នើបង្កើនការអន្តរាគមន៍បន្ទាន់ ទៅលើតំបន់រងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិ តាមរយៈកាកបាទក្រហម និងអាជ្ញាធរមានសមត្ថកិច្ច។
ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យធនធានមនុស្ស នៅវិទ្យាស្ថានជាតិអប់រំ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំសូមសំណូមពរដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំប្រដាប់អាវុធយកចិត្តទុកដាក់ ទៅលើការដោះស្រាយសម្រាប់ គ្រោះមហន្តរាយធំគ្រោះធម្មជាតិ ដែលបានកើតឡើងក្នុងប៉ុន្មនាថ្ងៃកន្លងទៅ ហើយត្រៀមនឹងកើតជាបន្តបន្ទាប់ទៀត ភាពកាច់សាហាវនៃធាតុអាកាសឆ្នាំនេះ បានបង្កើតនូវការលំបាកដល់ប្រជាជន នៅតាមតំបន់មួយចំនួន អាលូវតាមការព្យាករណ៍ ព្យុះទី១បានចាប់ផ្តើមចេញដំណើរហើយ សង្ឃឹមថា ស្អែកនេះ យន្តហោះ មិនហោះទៅកន្លែងព្យុះនោះទេ»។
បន្ថែមពីលើនេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ជួយផ្តល់ព័ត៌មានពាក់ព័ន្ធ អាកាសធាតុ ដើម្បីឲ្យប្រជាពលរដ្ឋ ទទួលបានព័ត៌មាន ស្តីពីអាកាសធាតុ។ សម្តេចបានថ្លែងថា បច្ចុប្បន្នប្រជាពលរដ្ឋងាយស្រួល ក្នុងការទទួលបានព័ត៌មានតាម រយៈស្មាតហ្វូន ដែលភ្ជាប់ប្រព័ន្ធអ៉ិនធើណេត។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មុនតែងតាំងមន្ត្រីត្រូវទាមទារឲ្យចេះ ប្រើប្រាស់ស្មាតហ្វូនបានច្បាស់លាស់ផងដែរ។
គួរបញ្ជាក់ថា កាលពីថ្មីៗនេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ដោយបានអំពាវនាវសូមឲ្យបងប្អូន ប្រជាពលរដ្ឋ បន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់ ជាពិសេស នាថ្ងៃទី២៨, ទី២៩ និងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ ខណៈភ្លៀង នឹងបន្តធ្លាក់រាយប៉ាយក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទេស រហូតដល់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧៕
សូមស្ដាប់ប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន៖