(ភ្នំពេញ)៖ រាស្រ្តខ្មែរនៅចាំច្បាស់ណាស់ថា អ្នកនយោបាយ សម រង្ស៊ី បានធ្វើប្រជាភិថុតថា បើបក្សខ្លួនឈ្នះឆ្នោត នឹងរឹបអូសយកទ្រព្យសម្បត្តិដីធ្លីពីអ្នកមាន ឧកញ៉ាទាំងឡាយមកវិញ និងព្រមានពីការបង្ក្រាបតាមបែបយោធា បើសិនជាគណបក្សខ្លួនឈ្នះឆ្នោតមិនមានការផ្ទេរអំណាចឱ្យទេនោះ។ សារទាំងនេះគឺពិតជាគួរឱ្យភ័យខ្លាច ខណៈសម រង្ស៊ី មានកំហឹងបុគ្គល និងគ្រួសារជាប់ក្នុងខ្លួន និងបានជាប់ជាជើងឯកខាងរើសអើងជាតិសាសន៍និយម ពូកែសាបព្រោះគ្រាប់ពូជជេរ និងហិង្សាដល់សកម្មជនរបស់ខ្លួន។
នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ នៅអំឡុងពេលធ្វើសមាជវិសាមញ្ញបក្សព្រះអាទិត្យ មេបក្សថ្មី កឹម សុខា បានថ្លែងថា នឹងមិនមានការរឹបអូសដីធ្លីទ្រព្យសម្បត្តិឡើយ និងក៏មិនមាន កើតសង្គ្រាមដែរ បើសិនបក្សខ្លួនឈ្នះការបោះឆ្នោត។ ការថ្លែងនេះគឺជាការទះកំផ្លៀង សម រង្ស៊ី ជាច្រើនដៃ និងបានព្រមានថា សារដែល សម រង្ស៊ី ធ្លាប់បាននិយាយចេញ មកនេះ គ្មានប្រយោជន៍អ្វីទាំងអស់ និងនាំទុក្ខដាក់ខ្លួនតែប៉ុណ្ណោះ។
គេនៅចាំបានថា សម រង្ស៊ី ជាអ្នកគំរាមអំពីការរឹបអូសទ្រព្យសម្បត្តិ ការបង្ក្រាប, កឹម សុខា ជាអ្នកសម្រួលមកវិញនៅពេលដែលរាស្ត្រខ្មែរនិយាយពីសន្តិភាព ការពារស្ថិរភាព និងការអភិវឌ្ឍ! តើ កឹម សុខា អាចគ្រប់គ្រងសកម្មជនរបស់ខ្លួនបានទេ មិនឱ្យផ្ទុះជម្លោះបានទេ ក្នុងពេលអនាគត ខណៈមានបរទេសរង់ចាំជួយពីក្រោយខ្នងដើម្បី ប្រឆាំងនឹងសន្តិភាព និងការអភិវឌ្ឍដែល រាជរដ្ឋាភិបាល និងប្រជាជនកំពុងតែមាននេះ? អ្វីដែល កឹម សុខា ប្រកាសថា មិនមានសង្គ្រាម គ្មានការរឹបអូសយកទ្រព្យសម្បត្តិ ប្រសិនបើខ្លួនឈ្នះការបោះឆ្នោត គឺជាប្រជាភិថុតមួយ ដើម្បីបន្លំភ្នែករាស្ត្រ ស្តារប្រជាប្រិយភាពឡើងវិញតែប៉ុណ្ណោះ។ ការប្រកាសល្អ តែគំនិតនៅតែអាក្រក់ដដែល ! សង្គ្រាមនឹងកើតឡើងពិតប្រាកដ ពីព្រោះអ្នកគាំទ្រ បក្សសង្គ្រោះជាតិមួយចំនួន គឺជាជនជ្រុលនិយមរើសអើងប្រឆាំងនឹងជាតិ សាសន៍ និងអ្នកខ្លះបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើត្រី ឬស្រមោច។
កឹម សុខា ប្រឹងស្រែកនៅមុខអ្នកកាសែតថា ក្រុមខ្លួនមិនមានប្រភពមកពីអ្នកធ្វើសង្គ្រាម តែវាជាការបំភ្លៃ នរណាមិនដឹងថា កឹម សុខា ប៉ុល ហម សឺន ស៊ូប៊ែរ្តិ៍ និងអ្នកមួយចំនួនទៀតចេញពីចលនា រណសិរ្សរំដោះប្រជាពលរដ្ឋខ្មែររបស់សម្តេចបវរសេដ្ឋា សឺន សាន ដែលជាចលនាកម្លាំងប្រដាប់អាវុធមួយនៅជាយដែន? នរណាមិនដឹងថា សម រង្ស៊ី និងមន្ត្រីមួយចំនួនទៀត ដែលបំបែកខ្លួនមកបង្កើតគណបក្សជាតិខ្មែរ ចេញពីចលនាហ៊្វុនស៊ិនប៉ិច? ទាំង កឹម សុខា សម រង្ស៊ី ប៉ុល ហំម និងអ្នកមួយចំនួនទៀតបានចេញពីចលនាកម្លាំង ត្រីភាគីដែលបានគាំទ្រ និងសហការជាមួយក្រុមខ្មែរក្រហមក្នុង ការវាយប្រហារប៉ុនប៉ងនាំខ្មែរក្រហម មកកាន់អំណាចវិញនៅកម្ពុជា ក្រោយពេលរបបសម្លាប់មនុស្សដ៏ច្រើន នេះត្រូវបានផ្តួលរំលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ តើនេះមិនមែនមកពីប្រភពសង្គ្រាមទេឬ?
ខណៈរាស្ត្រខ្មែររងគ្រោះវេទនាដោយសាររបបខ្មែរក្រហមម្តងហើយ ជាតិនិងប្រជាជនកម្ពុជារងគ្រោះបានរងគ្រោះម្តងទៀត ដោយការដាក់ទណ្ឌកម្ម សេដ្ឋកិច្ចពីសហគមន៍ អន្តរជាតិពីឆ្នាំ១៩៧៩ ដល់ឆ្នាំ ១៩៩១ ហាក់ដូចជា កម្ពុជារងគ្រោះមិនទាន់គ្រាប់គ្រាន់ ដោយហាមឃាត់រាល់ជំនួយអភិវឌ្ឍន៍សព្វបែបយ៉ាងក្រុមអស់លោកបានសប្បាយ រីករាយនឹងទុក្ខសោករបស់រាស្ត្រខ្មែរ សើចក្អាកក្អាយជាមួយក្រុមខ្មែរក្រហមនៅជាយដែរ និងបានអំពាវនាវឱ្យបន្ថែមសម្ពាធមកលើរាស្ត្រខ្មែរ។
រាស្ត្រខ្មែរខំប្រឹងត្រដររស់ដោយដៃ ម្ខាងខិតខំស្តារ និងកសាងអភិវឌ្ឍប្រទេសជាតិឡើងវិញ និងដៃម្ខាងទៀតប្រយុទ្ធទប់ស្កាត់ការវិលត្រឡប់ មកវិញនូវរបបខ្មែរក្រហម ប្រល័យពូជសាសន៍។ កឹម សុខា គ្រាន់តែជាចោរលួចអង្កររាស្ត្ររងគ្រោះ និងបានរត់ចូលព្រៃ។ មេដឹកនាំបក្សសង្គ្រោះជាតិ ដែលមិនបានចូលរួមរំដោះប្រទេសប្រជាជន ពីរបបខ្មែរក្រហម និងមិនបាននាំមកនូវសន្តិភាពសម្រាប់កម្ពុជា ក៏គួរយល់ថា សង្គ្រាម និងរបបខ្មែរក្រហមបានសម្លាប់ស្ទើរសូន្យនូវធនធានមនុស្សជំងឺផ្លូវចិត្តរបស់ជនរងគ្រោះ ក្នុងរបបខ្មែរក្រហម ហើយជនរងគ្រោះទាំងនេះបាន ខិតខំត្រដរបន្តជីវិតនៅក្នុងសង្គមដែលបាក់បែកខ្ចាត់ខ្ចាយ គួបផ្សំនឹងបច្ច័យដ៏ឃោរឃៅដែលកើតចេញពីទណ្ឌកម្មរបស់ អង្គការសហប្រជាជាតិទាំងអស់នេះបានបន្សល់ទុកនូវស្នាមរបួសដ៏ជ្រៀលជ្រៅ ដែលនៅមិនទាន់ជាសះ និងផលអាក្រក់មិនអាចគណនាបាននៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន។ បក្សប្រឆាំងបច្ចុប្បន្ន នៅតែបន្តវប្បធម៌នេះដដែល ដោយអាងអីហៅឱ្យបរទេសដាក់សម្ពាធ អាងអីអំពាវនាវឱ្យបរទេសកាត់ជំនួយ និងឈប់ទិញផលិតផល វាយណភ័ណ្ឌសម្លៀកបំពាក់ពីកម្ពុជា។
រឿងរ៉ាវឈឺចាប់ ឈាម និងទឹកភ្នែករាស្ត្រខ្មែរ នាពេលកន្លងទៅទើបនឹងធូរស្បើយនៅពេលនេះ ជាមួយការរស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍ និងបាននិយាយពីលទ្ធិ ប្រជាធិបតេយ្យ សិទ្ធិមនុស្ស សេរីភាព។ តើនៅក្នុងសង្គ្រាមស៊ីវិល អ្នកទាំងនោះមានបាននិយាយពីបញ្ហាទាំងអស់នេះទេ ព្រោះសូម្បីជីវិត ខ្លួនមិនដឹងថារក្សាគង់បាន យូរប៉ុនណាផង។ ឥឡូវនៅពេលដែលកម្ពុជា មានសន្តិភាព ចាប់ផ្តើមមានកេរ្តិ៍ឈ្មោះល្បីរន្ទឺរនៅលើឆាកអន្តរជាតិតាមរយៈសកម្មភាពមនុស្សធម៌ កីឡា ការអប់រំការចូលរួមថែរក្សា សន្តិភាពពិភពលោកក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ មជ្ឈដ្ឋានជ្រុលនិយម មួយចំនួនបានញុះញង់ក្រោមការរៀបចំផែនការរបស់បរទេសដែល មិនសប្បាយចិត្តនឹង កម្ពុជារីកចម្រើន និងមិនសប្បាយចិត្តដោយសារតែកម្ពុជាមានមោទនភាពគ្រប់គ្រងប្រទេសមិនចំណុះឱ្យខ្លួនទៅវិញ។ ស្ថានភាពបាតុកម្មតវ៉ាលទ្ធផល បោះឆ្នោតឆ្នាំ ២០១៣ គឺជាឧទាហរណ៍ស្រាប់នៃការសាកល្បងកម្លាំងដែលបក្ស ប្រឆាំង បានធ្វើក្រោមការជួយឧបត្ថម្ភគាំទ្ររបស់បរទេសជាចៅហ្វាយនាយរបស់ខ្លួន ដោយមិនញញើត នឹងបញ្ឆេះភ្លើងសង្គ្រាមនៅកម្ពុជាឡើយ ដោយគួបផ្សំនឹងការដុតកំហឹងសកម្មជនរបស់ខ្លួនឱ្យកើតអំពើស្អប់ ខ្ពើមជាតិសាសន៍ឯងដែលមានគំនិត និងនិន្នាការនយោបាយ មិនដូចខ្លួន និងរើសអើងជាតិសាសន៍។
ខណៈចរន្តនៃការផ្លាស់ប្តូរបំពក់ដោយបក្សប្រឆាំងមិនយល់ពីផលវិបាកនៃសង្គ្រាមកើតឡើង និងមានចរន្តពីរកំពុងតែកក្រើកឡើងរវាងក្រុមអ្នកចង់ បានរក្សាសន្តិភាព និងអ្នកចង់បានសង្គ្រាម, រាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជាដែលកំពុងដឹកនាំប្រទេស ជាពិសេសស្ថាបនិកសន្តិភាពនៅកម្ពុជា សម្តេច ហ៊ុន សែន ធ្លាប់បានប្រកាសយ៉ាងម៉ឺងម៉ាត់ថា ទោះបីជាក្នុងតម្លៃណាក៏ដោយ កម្ពុជាត្រូវរក្សាសន្តិភាព និងការអភិវឌ្ឍឱ្យបាន។ ដូច្នេះ កឹម សុខា ដែលទទួលបានពរជ័យពីទេវតា ឡើងធ្វើមេបក្សថ្មីនៃបក្សព្រះអាទិត្យនេះដែលបានទះកំផ្លៀង សម រង្ស៊ី ជាការប្រពៃណាស់ដើម្បីឱ្យអ្នកនយោបាយអង្ករកំប៉ុង មាត់អត់គម្របនេះរាងចាល និងកឹម សុខា ខ្លួនឯងព្រមទាំងបក្សពួកគួរលះបង់គំនិតអាក្រក់ទាំងឡាយរួមទាំងការពឹងបរទេសផងដើម្បីបំផ្លិចបំផ្លាញសន្តិភាពនៅកម្ពុជា ព្រោះរាស្ត្រខ្មែររស់នៅហែលឆ្លងកាត់ឆ្អែតឆ្អិនហើយសង្គ្រាមនោះ។ រាស្ត្រខ្មែរត្រូវការសន្តិភាព និងការអភិវឌ្ឍ៕
ដោយ៖ ចៅចាក់ស្មុក