(ប៉េកាំង)៖ ក្រុមហ៊ុនអាកាសចរណ៍ចិន បានចាប់ផ្តើមហោះហើរឡើងវិញទៅកាន់រដ្ឋធានីព្យុងយ៉ាង របស់កូរ៉េខាងជើង បន្ទាប់ពីបានផ្អាកជាបណ្តោះអាសន្ន នេះបានបង្ហាញថា រដ្ឋាភិបាលទីក្រុងប៉េកាំង កំពុងដាក់ទណ្ឌកម្មលើរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ដើម្បីរារាំងកម្មវិធីគ្រាប់មីស៊ីល និងអាវុធនុយក្លេអ៊ែរបស់កូរ៉េខាងជើង។ នេះបើតាមសារព័ត៌មាន Channel News Asia ចុះផ្សាយនាយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះ។
ជើងហោះហើរ រវាងទីក្រុងប៉េកាំង និងព្យុងយ៉ាង មានរៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ របស់ក្រុមហ៊ុនអាកាសចរណ៍ចិន នឹងចាប់ផ្តើមឡើងវិញ នៅថ្ងៃទី៥ ខែឧសភាខាងមុខ។ នេះបើតាមភ្នាក់ងារសេវាកម្មអតិថិជនរបស់ក្រុមហ៊ុនអាកាសចរណ៍ចិន បានឲ្យដឹងយ៉ាងដូច្នេះ។ ជើងហោះហើរនេះត្រូវបានផ្អាកជាបណ្តោះអាសន្ន នៅថ្ងៃទី១៧ ខែមេសាកន្លងទៅ បានធ្វើឲ្យមានការចោទជាសំណួរថា តើការផ្អាកបណ្តោះអាសន្ននេះ គឺជាហេតុផលនយោបាយឬយ៉ាងណា។
ក្រុមហ៊ុនអាកាសចរណ៍ចិន គឺជាក្រុមហ៊ុនអាកាសចរណ៍បរទេសតែមួយគត់ ដែលប្រតិបត្តិការហោះហើរពាណិជ្ជកម្ម ទៅកាន់កូរ៉េខាងជើង។
ភាពតានតឹងបានកើនឡើងនាពេលប៉ុន្មានខែថ្មីៗនេះ ខណៈកូរ៉េខាងជើង និងសហរដ្ឋអាមេរិក កំពុងប្រឈមមុខដាក់គ្នាយ៉ាងខ្លាំង៕