(ភ្នំពេញ)៖ លោក គង់ វិមាន ប្រធានក្រុមការងារចុះជួយឃុំពពក នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះ បានណែនាំដល់អាជ្ញាធរ និងកម្លាំងសមត្ថកិច្ច ត្រូវពង្រឹងប្រសិទ្ធភាព ក្នុងការផ្តល់សេវាសាធារណៈគ្រប់ប្រភេទ ដល់ប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងក្រើនរំលឹកដល់បេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំ និងសមាជិកគណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់បំពេញភារកិច្ចរបស់ខ្លួន ឱ្យបានល្អប្រសើរជូនប្រជាពលរដ្ឋ។
លោក គង់ វិមាន ដាស់តឿននេះ ក្នុងសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំ និងសមាជិកគណបក្សប្រជាជនកម្ពុជា ៣២០នាក់ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ។
លោក គង់ វិមាន បានផ្តាំផ្ញើការសាកសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចទាំងពីរតែងតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ ជាប់ជាប្រចាំអំពីសុខទុក្ខ និងការលំបាកខ្វះខាតរបស់ប្រជាជននៅទូទាំងប្រទេស។
ប្រធានក្រុមការងារចុះជួយឃុំពពកបានលើកឡើងថា សមិទ្ធផលដែលកើតមានឡើងនាពេលនេះ គឺជាសក្ខីភាពដែលបង្ហាញនូវភាពរីកចម្រើនរបស់ប្រទេសជាតិ លើគ្រប់វិស័យ ទាំងនៅទីក្រុង និងជនបទដាច់ស្រយ៉ាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងការគិតគូរគ្រប់ជ្រុងជ្រោយ ប្រកបដោយភាពវៃឆ្លាត និងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែលមាន សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី។
លោកបានបន្តថា ជាមួយនឹងការទទួលបាននូវសមិទ្ធផលថ្មីៗខាងលើ វាជាឱកាសដ៏ល្អ ដើម្បីបង្ហាញពីភាពជិតស្និទ្ធ រវាងមន្ដ្រីគណបក្ស និងប្រជាពលរដ្ឋតាមមូលដ្ឋានផងដែរ ដើម្បីបានដឹងពីសុខទុក្ខ ស្ថានភាពនៃការអភិវឌ្ឍន៍ និងបញ្ហាប្រឈមនានា ដើម្បីដោះស្រាយជូនពួកគាត់ជាដើម។
នៅក្នុងឱកាសនោះ លោកក៏បានណែនាំដល់អាជ្ញាធរដែនដី និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវរួមសហការគ្នាឱ្យបានជិតស្និទ្ធ ក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ឱ្យបានកាន់តែប្រសើរឡើងថែមទៀត ដើម្បីផ្តល់នូវសេចក្តីសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ល្អជូនប្រជាពលរដ្ឋទូទាំងឃុំ និងស្រុក ជាពិសេសត្រូវពង្រឹងប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈគ្រប់ ប្រភេទជូនដល់ប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងមិនត្រូវយកកម្រៃអ្វីទាំងអស់ ពីការធ្វើលិខិតស្នាមផ្សេងៗជូន ដល់ប្រជាពលរដ្ឋដែលរាជរដ្ឋាភិបាល បានសម្រេចរួចមកហើយ មានជាអាទិ៍សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ សំបុត្រមរណភាព។
លោកបានក្រើនរំលឹកដល់បេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំ និងសមាជិកគណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ឱ្យបានល្អប្រសើរជូនដល់ប្រជាពលរដ្ឋ និងត្រូវស្វែងយល់ពីបញ្ហាប្រឈម និងទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ដើម្បីចាត់វិធានការដោះស្រាយឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់។ ក្នុងនោះលោកបានឧបត្ថម្ភ សម្រាប់ដំណើរការកម្មវិធីចំនួនទឹកប្រាក់ ១,៥០០,០០០រៀល ផងដែរ៕