(ភ្នំពេញ)៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ហៅកាត់ថា TYDA ចំនួន៤៩នាក់ សហការជាមួយអាជ្ញាធរសង្កាត់ចាក់អង្រែក្រោម ចំនួន២១នាក់ បានចុះទៅពិនិត្យសុខភាពដោយឥតគិតថ្លៃ និងអប់រំសុខភាពដល់កម្មករ-កម្មការនី នៅតាមបន្ទប់ជួលចំនួន ១៦៩បន្ទប់ ក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដោយបានពិនិត្យជំងឺទូទៅជូនពួកគាត់បានចំនួន ៩០នាក់ និងអប់រំសុខភាពទូទៅចំនួន ៥៨១នាក់។
ក្នុងសកម្មភាពមនុស្សធម៌នាចុងសប្ដាហ៍នោះ លោកវេជ្ជបណ្ឌិត ស៊ឹម ស៊ូយ៉េង តំណាងលោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគម TYDA និងលោកស្រី បានឲ្យដឹងថា ជារៀងរាល់ខែ សមាគមតែងតែធ្វើសកម្មភាពសំខាន់ៗ រួមមាន ការព្យាបាលជូនដល់ប្រជាពលរដ្ឋក្រីក្រដោយឥតគិតថ្លៃ ដោយយមិនប្រកាន់និន្នាការនយោបាយ សាសនា ឬពណ៌សម្បុរឡើយ នៅតាមបណ្តាខេត្ត ការព្យាបាលកុមារកំព្រានៅតាមអង្គការ មជ្ឈមណ្ឌលកុមារកំព្រា ការចុះអប់រំសុខភាពតាមខ្នងផ្ទះ ក្នុងសហគមន៍ និងការព្យាបាលជូនកម្មករ-កម្មការិនី និងប្រជាពលរដ្ឋនៅតាមរោងចក្រ ដែលមកដល់ពេលនេះ សមាគមបានការព្យាបាលជូនដល់ប្រជាពលរដ្ឋក្រីក្រដោយឥតគិតថ្លៃ បានជាង២០ម៉ឺននាក់ និងបានបញ្ជូនអ្នកជំងឺដែលមានករណីធ្ងន់ធ្ងរទៅព្យាបាលបន្តនៅភ្នំពេញ បានជាង១,០០០នាក់។
លោកវេជ្ជបណ្ឌិតបានបន្តថា សកម្មភាពមនុស្សធម៌នេះ គឺជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការបង្ខិតសេវាព្យាបាល មកជិតផ្ទះរបស់អ្នកជំងឺ និងចូលរួមលើកស្ទួយសុខមាលភាពប្រជាពលរដ្ឋ កម្រិតជីវភាពរបស់កម្មករ-កម្មការិនី តាមរយៈបេឡាជាតិសន្តិសុខសង្គម ការដំឡើងប្រាក់ឈ្នួលរបស់និយោជិក ការបញ្ចុះតម្លៃភ្លើង តម្លៃទឹក និងអត្ថប្រយោជន៍ផ្សេងៗទៀត។ សកម្មភាពអនុស្សធម៌នេះ ក៏ជាការរួមចំណែកបណ្តុះបណ្តាលដល់សមាជិកសមាគម ជាពិសេសនិស្សិតពេទ្យស្ម័គ្រចិត្តផងដែរ ហើយក៏ជាការផ្តល់ឱកាសឱ្យនិស្សិតបានចូលរួមសកម្មភាពមនុស្សធម៌ ដែលពួកគាត់បានមើលឃើញជាក់ស្តែងពីសកម្មមនុស្សធម៌របស់ TYDA ជួយប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា នេះជាសកម្មភាពថ្មីមួយទៀត របស់ក្រុមការងារ TYDA បន្ថែមពីលើការចុះព្យាបាលជំងឺជូនកម្មករ-កម្មការនី ដែលតែងតែធ្វើរៀងរាល់ខែ នៅតាមរោងចក្រនៃបណ្តាខណ្ឌនានា ដែលសកម្មភាពនេះ បានចុះអប់រំ ពិនិត្យសុខភាព និងផ្តល់ថ្នាំព្យាបាលដល់កម្មករ-កម្មការនី ស្នាក់នៅតាមខ្នងផ្ទះជួល ព្រមទាំងបានបញ្ជូនករណីធ្ងន់ធ្ងរ ទៅព្យាបាលបន្ត ក្រោមការឧបត្ថម្ភដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕