(ហុងកុង)៖ អគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កម្ពុជា នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧នេះ បានចុះអនុស្សរណៈជាមួយសមាគមហុងកុង ដើម្បីអភិវឌ្ឍធនធានមនុស្សកម្ពុជា ដើម្បីសហការគ្នាគាំពារប្រជាពលរដ្ឋខ្មែរ ដែលទៅបម្រើការងារ នៅទីក្រុងហុងកុង ពិសេសស្រ្តីខ្មែរដែលបម្រើការតាមផ្ទះនៅទីនោះ ព្រមទាំងរួមគ្នាអនុវត្តការងារ ជាច្រើនទៀត ដែលមានក្នុងខ្លឹមសារនៃអនុស្សរណៈកម្ពុជា-ហុងកុងនេះ។
ពិធីចុះអនុស្សរណៈនេះ ប្រព្រឹត្តទៅក្រោមអធិបតីលោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារកម្ពុជា ជាមួយលោក Gregory So Kam-Leung រដ្ឋមន្រ្តីទទួលបន្ទុកអភិវឌ្ឍពាណិជ្ជកម្ម និងសេដ្ឋកិច្ចហុងកុង ក្នុងនាមជាសាក្សី។
ថ្លែងក្នុងពិធីនេះ ភាគីកម្ពុជា និងហុងកុង បានសម្តែងនូវការពេញចិត្ត ចំពោះកិច្ចសហប្រតិបត្តការនេះ ដែលជាផ្នែកមួយ នៃគោលនយោបាយ «ខ្សែក្រវ៉ាត់មួយ វិថីមួយ» របស់រដ្ឋាភិបាលចិន។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ នឹងបើកច្រកដល់ កិច្ចសហប្រតិបត្តិ លើវិស័យជាច្រើនទៀត ដើម្បីពង្រឹង និងពង្រីកនូវវិស័យពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងតំបន់រដ្ឋបាលពិសេសហុងកុង។
ភាគីទាំងពីរបានឯកភាពគ្នាលើកិច្ចសហប្រតិបត្តិការ ដែលជាខ្លឹមសារនៃអនុស្សរណៈកម្ពុជា-ហុងកុងខាងលើ រួមមាន៖
១៖ ចូលរួមសហការផ្តល់សេវាគាំទ្រដល់ប្រជាពលរដ្ឋកម្ពុជា ដែលត្រូវបានជ្រើសរើសឱ្យបម្រើការងារ នៅទីក្រុងហុងកុង ជាពិសេសស្ត្រីបម្រើការងារផ្ទះ។
២៖ ចូលរួមសហការគ្រប់គ្រងសហគ្រាស ដែលមិនអនុវត្តត្រឹមត្រូវតាមច្បាប់ ដើម្បីការពារប្រយោជន៍ពលករទេសន្តរកម្ពុជា។
៣៖ ចូលរួមសហការប្រមូលគំនិតយោបល់ ពីទីភ្នាក់ងារមុខរបរ និងរាយការណ៍ ជូនតំបន់រដ្ឋបាលពិសេសហុងកុង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់ធ្វើការពិនិត្យឡើងវិញ និងកែលម្អគោលនយោបាយមុខរបរ សម្រាប់ពលករទេសន្តរប្រវេសន៍កម្ពុជា។
៤៖ ចូលរួមសហការគ្រប់គ្រង និងផ្តល់ការណែនាំដល់សមាជិកសមាគម និងក្រុមហ៊ុន ឱ្យអនុវត្តស្របតាមច្បាប់ និងបទប្បញ្ញត្តិនានា របស់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលតំបន់សេដ្ឋកិច្ចពិសេសហុងកុង ដើម្បីបង្កើតលក្ខខណ្ឌការងារល្អ សម្រាប់ពលករទេសន្តរប្រវេសន៍កម្ពុជា។
៥៖ ចូលរួមសហការជាមួយទីភ្នាក់ងារមុខរបរ និងនិយោជកហុងកុង ដើម្បីគ្រប់គ្រងប្រព័ន្ធទិន្នន័យពលករ ទេសន្តរប្រវេសន៍កម្ពុជា។
បន្ទាប់ពីពិភាក្សាការងារនៅព្រឹកថ្ងៃដដែលនេះ លោក អ៊ិត សំហេង និងគណៈប្រតិភូកម្ពុជា បានបន្តទៅទស្សនកិច្ចនៅ មជ្ឍមណ្ឌលបណ្តុះបណ្តាលការងារផ្ទះកម្ពុជា នៅហុងកុងនោះ ដែលមជ្ឈមណ្ឌលនេះ បង្កើតឡើងសម្រាប់ផ្តល់ ការបណ្តុះបណ្តាល នូវមុខជំនាញការងារផ្ទះ ដូចជា ការថែទាំ និងរៀបចំផ្ទះ ការថែទាំកុមារ ថែទាំមនុស្សចាស់ ការបោកអ៊ុត ចម្អិនម្ហូបអាហារជាដើម ដល់ពលករកម្ពុជា ដែលទើបតែទៅដល់ហុងកុង ដើម្បីឱ្យពលករកម្ពុជាមានការយល់ដឹងកាន់តែច្បាស់ ពីរបៀបរបបរស់នៅ និងធ្វើការនៅហុងកុងនេះផងដែរ៕