(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីវៀតណាម នៅថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០១៧នេះ នឹងរួមគ្នាសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវ និងស្ពានឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ) តម្លៃជាង ៣៦លានដុល្លារអាមេរិក ជាមួយការរំពឹងផ្តល់ប្រយោជន៍ ច្រើនសម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ជាពិសេសប្រជាពលរដ្ឋ នៅជាប់ព្រំដែនតែម្តង។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ Fresh News ថា គម្រោងសាងសង់ស្ពាន មិត្តភាពកម្ពុជា-វៀតណាម ជ្រៃធំ-ឡុងប៊ិញ ឆ្លងកាត់ដៃទន្លេបាសាក់ ហៅ ព្រែកជ្រៃធំ ឬ ព្រែកបាក់ដាយ ព្រំប្រទល់កម្ពុជា-វៀតណាម មានចម្ងាយ ១.២២៥ ម៉ែត្រ ពីចំណុចប្រសព្វទន្លេបាសាក់ និងព្រែកជ្រៃធំ ស្ថិតនៅក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល តភ្ជាប់ពីផ្លូវជាតិលេខ២១ ក្នុង ខេត្តកណ្តាល ទៅនឹងផ្លូវជាតិលេខ៩៥៦ ក្នុងខេត្តអានយ៉ាង នៃសាធារណរដ្ឋ សង្គមនិយម វៀតណាម។
លោកទេសរដ្ឋមន្ត្រីបន្តថា ស្ពាននេះមានបណ្តោយប្រវែង ៤២៧.៤៤ម៉ែត្រ ក្នុងនោះភាគីកម្ពុជា ទទួលបន្ទុកសាងសង់ប្រវែង ២១៣.៧២ ម៉ែត្រ និងភាគីវៀតណាម ទទួលបន្ទុកសាងសង់ប្រវែង ២១៣.៧២ម៉ែត្រ ជាប្រភេទស្ពានប្រអប់បេតុងអារមេ សរសៃដែកទាញ មានទទឹង ១៣,៥០ម៉ែត្រ ចែកជាពីរគន្លងសម្រាប់ផ្លូវរថយន្ត (មួយទៅមួយមក) ដែលគន្លងនីមួយៗ មានទទឹង ៣,៥០ម៉ែត្រ និង ផ្លូវសម្រាប់ថ្មើរជើង ដែលមានទទឹង ២,៥០ម៉ែត្រ អមដោយបង្កាន់ដៃទទឹង ០,២៥ម៉ៃត្រសងខាង។
បើតាមលោករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ផ្លូវ និងស្ពាននេះ ត្រូវបានសាងសង់ម្នាក់ពាក់កណ្តាល ពោលភាគីកម្ពុជា សាងសង់ផ្លូវតភ្ជាប់ពីគល់ស្ពាន ដល់ផ្លូវជាតិលេខ២១ ប្រវែងសរុប ២,៦៧៤ម៉ែត្រ ទទឹង ១២ម៉ែត្រ រួមទាំងសង់ស្ពានឆ្លងព្រែកតូចៗ ចំនួន ០២កន្លែង និង សង់លូមូល ៥កន្លែង រីឯភាគីវៀតណាម សាងសង់ផ្លូវតភ្ជាប់ស្ពាន ដែលមានប្រវែងសរុប ២.៧០០ម៉ែត្រ និងទទឹង ១២ម៉ែត្រ។
ការសាងសង់នេះចំណាយថវិកាសរុប ៣៦.៥៦លានដុល្លារអាមេរិក ក្នុងនោះកម្ពុជា ចំណាយជិត ១៦លានដុល្លារអាមេរិក។ រីឯភាគីវៀតណាម ចំណាយជិត ១៨លានដុល្លារអាមេរិក។ ការសាងសង់ប្រើរយៈពេល ២៧ខែ ចាប់ពីខែធ្នូ ឆ្នាំ២០១៤ និងបានបញ្ចប់ នៅខែមេសា ឆ្នាំ២០១៧នេះ។
ច្រកជ្រៃធំ-ឡុងប៊ិញ គឺជាច្រកដ៏សំខាន់មួយសម្រាប់ប្រជាពលរដ្ឋកម្ពុជា និងវៀតណាម ផ្លាស់ប្តូរទំនិញគ្នាប្រចាំថ្ងៃ។ ពេលមិនទាន់ សាងសង់ស្ពានការដោះដូរទំនិញរវាងប្រជាពលរដ្ឋនៃប្រទេសទាំងពីរមានការលំបាកខ្លាំង ព្រោះត្រូវធ្វើតាមរយៈទូកចម្លងទៅវិញទៅមក។
វត្តមានស្ពានជ្រៃធំ-ឡុងប៊ិញ ត្រូវបានរំពឹងថា នឹងជួយសម្រួលដល់ការផ្លាស់ប្តូរទំនិញ របស់ប្រជាពលរដ្ឋប្រទេសទាំងពីរជាពិសេស ប្រជាពលរដ្ឋ ក្នុងស្រុកកោះធំ ខេត្តកណ្តាល និងស្រុកឡុងប៊ិញ ខេត្តអាងយ៉ាង ដែលសុទ្ធជាស្រុកមានអំណោយផលខ្ពស់ក្នុងការ ដាំដុះបន្លែបង្កាផ្សេងៗ។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងថា ការសាងសង់ស្ពានមិត្តភាព កម្ពុជា-វៀតណាម ជ្រៃធំ-ឡុងប៊ិញនេះ គឺជាយុទ្ធសាស្រ្ត មួយយ៉ាងសំខាន់ ដែលមិនត្រឹមតែតភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មប៉ុណ្ណោះទេ ថែមទាំងតភ្ជាប់ទំនាក់ទំនង ខាងសង្គមកិច្ច វប្បធម៌ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ ឲ្យបានកាន់តែងាយស្រួល និងឆាប់រហ័ស។
«ស្ពានមិត្តភាពកម្ពុជា-វៀតណាម ជ្រៃធំ/ឡុងប៊ិញ រួមជាមួយការសាងសង់ឡើងវិញ ផ្លូវជាតិ លេខ២១ នឹងបង្កើតបានទៅជាបណ្តាញផ្លូវ មួយថ្មីទៀត ប្រកបដោយសក្តានុពល ជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ ដែលតភ្ជាប់ខេត្តកណ្តាល ទៅនឹងតំបន់ជាប់ព្រំប្រទល់ កម្ពុជា-វៀតណាម បង្កលទ្ធភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ ក្នុងការធ្វើដំណើរនិងការដោះដូរទំនិញពាណិជ្ជកម្ម ផ្សេងៗ រវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ពិសេសក្នុងតំបន់ជាប់ព្រំប្រទល់កម្ពុជា-វៀតណាម ដែលមានប្រជាពលរដ្ឋរស់នៅ យ៉ាងកុះករ ធ្វើឲ្យជីវភាពរស់នៅ កាន់តែប្រសើរឡើង និងអាចក្លាយទៅជារបៀង ផ្លូវដឹកជញ្ជូន ផ្គត់ផ្គង់ទំនិញភស្តុភារនិងសេដ្ឋកិច្ច មួយយ៉ាងសំខាន់ ក្នុងទិសដៅអភិវឌ្ឍន៍តំបន់ព្រំដែនឲ្យទៅជាព្រំដែនសន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ»។ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានគូសបញ្ជាក់។
លោករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបន្ថែមថា ស្ពាននេះនឹងរួមចំណែកយ៉ាងច្រើន ដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល សម្រាប់អភិវឌ្ឍវិស័យដឹកជញ្ជូន ការផ្គត់ផ្គង់ទំនិញ និងភ័ស្តុភារកម្ម ពិសេសគាំទ្រដល់ គោលនយោបាយជាតិ អភិវឌ្ឍវិស័យឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ ដែលបាននឹងកំពុងប្រែក្លាយក្តីស្រមៃ របស់ប្រជាពលរដ្ឋកម្ពុជា ឲ្យទៅជាក្តីសង្ឃឹមដ៏ជាក់លាក់មួយ និងជំនឿជឿជាក់ លើការកសាង និងអភិវឌ្ឍប្រទេសជាតិ ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។
សូមបញ្ជាក់ថា កម្ពុជា និងវៀតណាម មានខ្សែព្រំដែនជាប់គ្នាប្រវែងជាង ១ពាន់ ២រយគីឡូម៉ែត្រ ដែលបច្ចុប្បន្នការបោះបង្គោលព្រំដែន សម្រេចបានជាង ៨៣ភាគរយហើយ ហើយនៅតំបន់ច្រកជ្រៃធំ-ឡុងប៊ិញនេះ ប្រទេសទាំងពីរក៏បានបោះបង្គោលព្រំដែនជាមួយគ្នា រួចរាល់ផងដែរ៕