(ភ្នំពេញ)៖ ខណៈពលរដ្ឋបារាំងជាង៤៧លាននាក់ ចូលរួមក្នុងការបោះឆ្នោត ប្រធានាធិបតីបារាំង ជុំទី១ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧នេះ ដើម្បីជ្រើសរើសបេក្ខជន ដែលទទួលបានការគាំទ្រ ច្រើនជាងគេចំនួនពីររូប ទៅប្រកួតប្រជែងគ្នា នៅក្នុងការបោះឆ្នោត ប្រធានាធិបតីនៅជុំទី២ នៅថ្ងៃទី៧ ខែឧសភា ខាងមុខ ដើម្បីសម្រេចថា តើនរណាជាប្រធានាធិបតី ពិតប្រាកដដឹកនាំប្រទេសបារាំង រយៈពេល៥ ឆ្នាំជំនួសប្រធានាធិបតីចេញពីតំណែង ប្រង់ស្វ័រ ហូឡង់, អ្នកនយោបាយមាន់សម្ល សញ្ជាតិបារាំងដើមកំណើតខ្មែរ សម រង្ស៊ី ដែលចាញ់ការបោះឆ្នោតចាស់វស្សា បានប្រើវិធីសាស្ត្រនយោបាយដដែល ដោយភ្ជាប់ខ្លួនទៅនឹងបេក្ខជន និងគេងចំណេញនយោបាយ ដោយបានទស្សន៍ទាយថា បេក្ខជន អេម៉ានុយអែល ម៉ាក្រុង នឹងឈ្នះការបោះឆ្នោតហើយ ក្លាយជាប្រធានាធិបតីបារាំង នឹងជួយលើផ្នែកសិទ្ធិមនុស្ស និងផ្នែកលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
នេះមិនមែនជាលើកទី១ឡើយ ដែលអតីតមេបក្សប្រឆាំង ស្ពាយទោសជាប់ខ្លួន បានប្រកាសដូច្នេះ។ ប្រកាសថា បេក្ខជននេះឈ្នះបេក្ខជននោះ ឈ្នះមិនទាន់ទាំងបោះឆ្នោតផង ដូចអ្វីដែលខ្លួនបាន និងកំពុងតែប្រកាសថា បក្សសង្គ្រោះជាតិរបស់ខ្លួន ឈ្នះការបោះឆ្នោត ខណៈការបោះឆ្នោតមិនទាន់ធ្វើ។ នៅចុងក្រោយនេះ គេចាំបានថា សម រង្ស៊ី ក៏បានប្រកាសពីជ័យជម្នះរបស់លោកស្រី ហ៊ីឡារី គ្លីនតុន ក្នុងការបោះឆ្នោត កាលពីខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅ និងបានបរិហារបេក្ខជនប្រធានាធិបតី ដូណាល់ ត្រាំ ថាជាជនផ្តាច់ការ អាងទឹកប្រាក់ជាដើម និងរំពឹងយ៉ាងខ្លាំងថា រដ្ឋការដឹកនាំដោយលោកស្រីអាមេរិក ដែលនឹងជួយប្រទេសកម្ពុជា លើវិស័យផ្សេងៗជាពិសេសដាក់សម្ពាធ លើរដ្ឋាភិបាលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា។ រឿង រ៉ាវនៃការបោះឆ្នោត នៅប្រទេសបារាំងរង់ចាំ ការសម្រេចរបស់ពលរដ្ឋប្រទេសនេះ តាមរយៈសន្លឹកឆ្នោត ប៉ុន្តែតាមរយៈការប្រកាស ដោយចំហររបស់ សម រង្ស៊ី នេះ អាចឱ្យយើងមើលឃើញចំណុចមួយចំនួន៖
១៖ សម រង្ស៊ី បានសរសេរនៅលើហ្វេសប៊ុកខ្លនថា លោក អេម៉ានុយអែល ម៉ាក្រុង អនាគតប្រធានាធិបតីបារាំង (ចាប់ពីថ្ងៃទី៧ ខែឧសភា ឆ្នាំ ២០១៧) ដែលនឹងអាចជួយការពារសិទ្ធិមនុស្ស និងលទ្ធិប្រជា ធិបតេយ្យនៅប្រទេសកម្ពុជា។ ជនជាតិបារាំងម្នាក់ បាននិយាយថា បេក្ខភាពប្រធានាធិបតី ម៉ាក្រុង មិនស្គាល់ប្រទេសកម្ពុជាទេ។ សម រង្ស៊ី និយាយមិនដឹងខ្យល់ អ្វីទាំងអស់គ្រាន់តែ ដើម្បីធ្វើប្រជាភិថុតប៉ុណ្ណោះ។
បេក្ខជន ម៉ាក្រុង ក៏មិនដែលស្គាល់ សម រង្ស៊ី ជានរណាដែរ តែបុគ្គលនេះ ពិតជាមុខក្រាស់ផ្សាភ្ជាប់ខ្លួនទៅ នឹងបុគ្គលល្បី ដើម្បីបានថតរូបជាមួយ និងមកបង្អូតពលរដ្ឋខ្មែរ ដែលដើរតាមខ្លួនប៉ុណ្ណោះ ដើម្បីបង្ហាញថា ខ្លួនគឺជាជនដ៏ល្បី និងស្គាល់មេដឹកនាំធំៗ នៅលើពិភពលោក។ តាមពិតអួតសោះ! គេចាំបានថា នៅអំឡុង ឆ្នាំ២០០២ ពេលដែលលោក ខូលីន ផោវែល រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក មកប្រទេសកម្ពុជា សម រង្ស៊ី ដែលគ្មាននរណាអញ្ជើញនោះ បានព្យាយាមជួបលោក ខូលីន ផោវែល ដោយទៅឈរចាំនៅមុខបន្ទប់ ដែលលោក ខូលីន ផោវែល ស្រស់ស្រូបអាហារពេលព្រឹក ដើម្បីបានចាប់ដៃ និងថតរូបជាមួយ។ ពេលនោះមតិសាធារណៈរិះគន់យ៉ាងខ្លាំង ខណៈលោក ខូលីន ផោវែល មិនចាប់អារម្មណ៍ ចាប់ដៃហើយក៏ដើរចេញ។ នេះគឺជាចរិតធូរថ្លៃ របស់មនុស្សម្នាក់ ដែលជនមួយចំនួន លើកតម្កើងខ្ពស់កប់ពពក។
២៖ សម រង្ស៊ី ទន្ទឹមនឹងប្រកាសថា ខ្លួនឯងថាប្រជាជនបារាំងដើមកំណើតខ្មែរ នឹងបោះឆ្នោតជូនបេក្ខភាព អេម៉ានុយអែល ម៉ាក្រុង ក៏បានអំពាវនាវដល់ប្រជាជនបារាំងដើមកំណើតឡាវ និងដើមកំណើតរវៀតណាម ធ្វើជម្រើសដូចខ្លួនដែរ។ តើ សម រង្ស៊ី មានចំណងទាក់ទងអ្វី នឹងប្រជាជនបារាំងដើមកំណើតឡាវ និងជាពិសេសដើមកំណើតជនជាតិវៀតណាមទាំងនោះ បានជាធ្វើការអំពាវនាវ ឱ្យពលរដ្ឋបារាំងដើមកំណើតវៀតណាម នៅប្រទេសបារាំង? ឬមួយក៏ព្រោះថា សម រង្ស៊ី មានសែស្រឡាយវៀតណាម? មូលហេតុមួយទៀតទំនងជា សម រង្ស៊ី បាននិងកំពុងមានទំនាក់ទំនង ស្អិតរមួតរមួយនឹងចលនាវៀតណាម ដែលប្រឆាំងនឹងរដ្ឋាភិបាលវៀតណាមបច្ចុប្បន្ន ដែលសម រង្ស៊ី បានចុះហត្ថលេខាសហប្រតិបត្តិការ ជាមួយគ្នានាពេលកន្លងមក នៅឯសហរដ្ឋអាមេរិក។
ពេលនេះ សម រង្ស៊ី ក៏កំពុងតែមានចំណងទាក់ទង ជាមួយពលរដ្ឋបារាំងដើមកំណើតវៀតណាម នៅបារាំងទៀត។ ចុះបើ សម រង្ស៊ី ត្រូវរ៉ូវជាមួយជនជាតិវៀតណាមដូច្នេះ ហេតុអ្វីបានជានៅក្នុងប្រទេសកម្ពុជា សម រង្ស៊ី បានប្រើវោហាសាស្ត្ររើសអើងស្អប់ខ្ពើម ជាតិសាសន៍ប្រឆាំងនឹងជនជាតិវៀតណាម និងយកបញ្ហាព្រំដែនជាមួយវៀតណាម មកធ្វើជាប្រធានបទឃោសនារបស់ខ្លួន? នេះពិតជាបង្ហាញថា អ្វីដែល សម រង្ស៊ី និងមន្ត្រីគណបក្សសង្គ្រោះជាតិ កំពុងតែធ្វើនេះ គឺគ្រាន់តែជាប្រជាភិថុតប៉ុណ្ណោះ ដើម្បីបញ្ឆេះកំហឹងជាតិសាសន៍ ក្នុងចំណោមប្រជាជន ដើម្បីឱ្យរាស្ត្រស្អប់រាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជន។ ប៉ុន្តែពីក្រោយខ្នង សម រង្ស៊ី មានទំនាក់ទំនងយ៉ាងល្អនឹង ជនជាតិវៀតណាម។
៣៖ សម រង្ស៊ី តែងអំពាវនាវមេដឹកនាំពិភពលោក ឱ្យដាក់សម្ពាធលើរដ្ឋាភិបាល និងរំពឹងថាមេដឹកនាំពិភពលោកដែល សម រង្ស៊ី ផ្សាភ្ជាប់ដោយគ្មានការអនុញ្ញាត ពីអ្នកទាំងនោះថា នឹងជួយប្រទេសកម្ពុជា លើបញ្ហានេះបញ្ហានោះ។ តាមរយៈទង្វើនេះបង្ហាញថា សម រង្ស៊ី មិនមានឈាមជ័រស្រឡាញ់ជាតិខ្មែរពិតប្រាកដឡើយ គឺ សម រង្ស៊ី គ្រាន់តែយកឈាម និងទឹកភ្នែករាស្ត្រខ្មែររាប់លាននាក់ ដើម្បីអំណាចររបស់ខ្លួនប៉ុណ្ណោះ។ ដើរបង្កបញ្ហាសព្វបែបយ៉ាង បង្កចលាចល អស្ថិរភាព ញុះញង់ មានបញ្ហារត់ចោលស្រុកមិន ព្រមទទួលខុសត្រូវ ព្រោះមានប្រទេសបារាំង ជាប្រទេសទី២ របស់ខ្លួនសម្រាប់គេចខ្លួន។ សម រង្ស៊ី ក៏មិនមែនជាអ្នកនយោបាយថ្លៃថ្នូរដែរ តែជាអ្នកនយោបាយកំសាក និងអ្នកនយោបាយឱនក្បាលនិយម និង អ្នកនយោបាយពឹងបរទេសនិយម។ មិនខិតខំពង្រឹងអធិបតេយ្យភាព ឯករាជ្យ និងបូរណភាពដែនដីរបស់ ជាតិខ្មែរ បែរជា សម រង្ស៊ី យកប្រទេសជាតិខ្លួនដាក់ក្រោម ការគ្រប់គ្រងបរទេស ដើរអំពាវនាវបរទេសមក ធ្វើជាចៅហ្វាយនាយរបស់ជាតិខ្មែរ។ ឯណាទៅភាពថ្លៃថ្នូររបស់ជាតិខ្មែរ ដែលជាអតីតមហាចក្រមួយដ៏ធំ? សម រង្ស៊ី គឺជាអ្នកនយោបាយដ៏គួរឱ្យខ្មាសអៀនបំផុត ដែលមិនស័ក្តិសមនឹងកើត ជាជាតិខ្មែរឡើយ។
រាស្ត្រខ្មែរបានងើបតស៊ូប្រយុទ្ធប្រឆាំង ដើម្បីសេរីភាព ប្រជាធិបតេយ្យ និងស្វែងរកសន្តិភាព ស្ថិរភាព ឯកភាព ជាតិ ការពារបូរណភាព ដែនដីឱ្យបានគង់វង្ស តែសម រង្ស៊ី វិញ គិតតែពីដើរហែកកេរ្តិ៍ និងស្វែងរកចៅហ្វាយ នាយសម្រាប់ខ្មែរទៅវិញ? សម្រាប់អ្នកមានគំនិតបរទេសនិយមដូច សម រង្ស៊ី ពិតជាមនុស្សគ្រោះថ្នាក់បំផុត ហើយសូម្បីតែគណបក្សសង្គ្រោះជាតិ ដែលខ្លួនធ្លាប់គ្រប់គ្រង ក៏បានពឹងបរទេសដែររហូតដល់បរ ទេសមកបង្រៀនរបៀបឃោសនាបោះឆ្នោតជាដើម។ ធ្វើដូច្នេះក៏មានន័យថា បើសិនជាបក្សនេះឈ្នះការ បោះឆ្នោតនោះពិតណាស់កម្ពុជា នឹងធ្លាក់ទៅក្រោមការគ្រប់គ្រងរបស់បរទេសណាមួយ ជាក់ជាមិនខាន ព្រោះក្រុមនេះបានដាក់ខ្លួន ឱ្យស្ថិតនៅក្រោមឥទ្ធិពលបរទេស តាំងពីពេលនេះទៅហើយ។
កម្ពុជាពេលនេះ ខុសពីកម្ពុជាពីអតីតកាល! កម្ពុជាពេលនេះ គឺជាប្រទេសមួយដែលមានសន្តិភាព ឯករាជ្យភាព និងបូរណភាពដែនដី ដែលប្រទេសនានាលើពិភពលោកទទួលស្គាល់ និងមានទំនាក់ទំនង ស្មើភាពជាមួយប្រទេសនានា ជាសមាជិករបស់អង្គការសហប្រជាជាតិ។ កម្ពុជាមិនស្ថិតនៅក្រោមចំណុះនៃ ប្រទេសណាមួយឡើយ។ ការដែល សម រង្ស៊ី និងក្រុមរបស់ខ្លួនចូលចិត្តអំពាវនាវ ឱ្យបរទេសជួយខ្លួននេះ គឺជាការនាំយកប្រទេស និងប្រជាជនទៅស្ថិតនៅក្រោមបរទេសនោះ។ នេះគឺជាអ្វីដែលរាស្ត្រខ្មែរមិនត្រូវ ការឡើយ។ ទង្វើរបស់ សម រង្ស៊ី នៅពេលនេះពិតជាគួរឱ្យស្អប់ខ្ពើមបំផុត!!! សម រង្ស៊ី ខ្លួនឯងក៏គួរឱ្យ ស្អប់ខ្ពើមដូចឪពុករបស់ខ្លួនដែរ ដែលប្រវត្តិសាស្ត្រខ្មែរចោទថា ជាជនក្បត់ជាតិ៕
ដោយ៖ ចៅ ចាក់ស្មុក