(ព្រៃវែង)៖ លោក ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧នេះ បានចូលរួមជាអធិបតី ក្នុងពិធីចែកអំណោយដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតចំនួន២៤០គ្រួសារ ដែលជាការឧបត្ថមដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ «ព្រីនស៍» នៅឃុំគោខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
នៅក្នុងកម្មវិធីនេះ ក៏មានការចូលរួមពី អគ្គលេខាធិការរង ប្រធាននាយកដ្ឋាន មន្ត្រីក្រោមឱវាទ លោកអភិបាល អភិបាលរង ស្រុក និងតំណាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ផងដែរ។
អគ្គលេខាធិការ លោក ប៉ោ ភក្ដិ បានលើកឡើង អំពីការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ចំពោះបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងបានបញ្ជាក់ថា ទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា គឺជាទុក្ខលំបាករបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជន ហើយការបរិច្ចាគរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ «ព្រីនស៍» នៅពេលនេះ គឺជាការចូលរួមចែករំលែក ជាមួយរាជរដ្ឋាភិបាលក្នុងសកម្មភាពមនុស្សធម៌ ជួយដល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋ។
ជាការឆ្លើយតប តំណាងប្រជាពលរដ្ឋទាំង២៤០គ្រួសារ ដែលបានទទួលអំណោយ ក៏បានថ្លែងអំណរគុណចំពោះ រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងម្ចាស់ឧបត្ថម ដែលតែងតែយកចិត្តទុកដាក់ ដល់ជីវភាពប្រជាពលរដ្ឋ ហើយជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានាដូចជា ផ្លូវលំ ប្រឡាយទឹក មន្ទីរពេទ្យ សាលារៀន វត្តអារាម អណ្តូងទឹក និងទីស្នាក់ការប្រជាការពារជាដើម៕