(ប៉ារីស)៖ ការិយាល័យបោះឆ្នោតចំនួន ៦៦,៥៤៦កន្លែង នៅតាមទីក្រុងធំៗ ក្នុងប្រទេសបារាំង បានបើកទ្វារហើយ នៅព្រឹកម៉ោង៨ ថ្ងៃអាទិត្យនេះ ដើម្បីឱ្យប្រជាជនបារំាង មានសិទ្ធិបោះឆ្នោតជិត៤៧លាននាក់ បោះឆ្នោតជ្រើសរើសប្រធានាធិបតីបារាំងថ្មី ជំនួសលោក ហ្រ្វង់ស័រ ហូឡង់។ ការិយាល័យបោះឆ្នោតទំាងអស់នឹងត្រូវបិទទា្វរនៅម៉ោង៧ ឬ៨យប់ (ម៉ោងនៅក្នុងប្រទេសបារាំង)។

* តើការបោះឆ្នោតជ្រើសរើសប្រធានាធិបតីបារំាង ប្រព្រឹត្តទៅយ៉ាងដូចម្ដេច?

ប្រធានាធិបតីបារាំង ត្រូវបានជ្រើសរើសតាមរយៈការបោះឆ្នោតជាសកលដោយផ្ទាល់ ជាឯកត្តនាម ធ្វើឡើងចំនួន២ជុំ ហើយអ្វីដែលផ្ដល់ឱ្យប្រមុខរដ្ឋនោះគឺ «ភាពស្របច្បាប់ តាមបែបលទ្ធិប្រជាធិបតេយ្យ អាស្រ័យទៅនឹងវិសាលភាពនៃអំណាចរបស់ប្រធានាធិបតី»។ នេះបើតាមមាត្រាទី០៦ នៃរដ្ឋធម្មនុញ្ញបារាំង។ ក៏ប៉ុន្តែមុននឹងក្លាយជា ប្រធានាធិបតីបារំាង បេក្ខជនឈរឈ្មោះប្រកួតប្រជែងម្នាក់ៗជ្រើសចេញពីគណបក្សនយោបាយនីមួយៗ ត្រូវតែទទួលសំឡេងគាំទ្រភាគច្រើនដាច់ខាត (៥០+១) នៅជុំទី១ ជាមុនសិន ពោលគឺនៅក្នុងជុំទី០១នេះ បេក្ខជនតែ២នាក់ប៉ុណ្ណោះ ដែលទទួលសំឡេងគាំទ្រច្រើនជាងគេ ក្នុងចំណោមបេក្ខជនសរុបទំាង១១នាក់ (សម្រាប់ឆ្នាំ២០១៧)។ បន្ទាប់ពីបោះឆ្នោតជុំទី១ជ្រើសរើសបេក្ខជនប្រធានាធិបតីបាន២នាក់ហើយ នឹងបន្តបោះឆ្នោតជុំទី២ ដើម្បីជ្រើសរើសយកតែម្នាក់ ដើម្បីក្លាយប្រធានាធិបតីដឹកនាំប្រទេស។

គួរបញ្ជាក់ថា ការបោះឆ្នោតរបៀបនេះត្រូវបានអនុវត្ត បន្ទាប់ពីការបោះឆ្នោតប្រជាមតិ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៦២ រៀបចំឡើងដោយអតីតប្រធានាធិបតីបារាំង លោក Charles De Gaulle ត្បិតកាលពីដំបូងឡើយ ប្រធានាធិបតី ត្រូវបានជ្រើសតាំងដោយសំឡេងប្រតិភូនៃសមាជិកសភា និងតំណាងរាស្ត្រប្រចាំតំបន់។

* អ្នកណាបោះឆ្នោតរើសប្រធានាធិបតី?

ក្នុងឆ្នាំ២០១៧នេះ ប្រជាជនបារាំងជិត៤៧លាននាក់ ក្នុងនោះរួមមានទាំងប្រជាជនបារំាង រស់នៅឯក្រៅប្រទេស ត្រូវបានគេអំពាវនាវឱ្យចូលរួមនៅក្នុងការបោះឆ្នោតនេះដោយ ពួកគេនឹងសម្រេចចិត្តរើសយកបេក្ខជនដែលខ្លួនពេញចិត្ត ឱ្យទៅប្រកួតប្រជែងបន្តនៅជុំទី០២ ហើយអ្នកបោះឆ្នោតទំាងអស់ត្រូវតែជាមនុស្សគ្រប់អាយុ បោះឆ្នោត (១៨ឆ្នាំឡើង) និងមានសញ្ជាត្តិបារាំង ជាដើម។

* បោះឆ្នោតនៅពេលណា?

ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីជុំទី០១ តែងតែប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែមេសា រីឯការបោះឆ្នោតជុំទី០២ នឹងត្រូវធ្វើឡើងនៅថ្ងៃទី០៧ ខែឧសភា។ ការបោះឆ្នោតនៅ ក្នុងឆ្នាំ២០១៧នេះ មានការិយាល័យបោះឆ្នោតជាង ៦៦,៥៤៦កន្លែង បានចាប់ផ្ដើមបើកទ្វារនៅថ្ងៃអាទិត្យនេះ នៅម៉ោង៨ព្រឹក (ម៉ោងនៅបារាំង ) រហូតដល់ម៉ោង៧ ឬ៨យប់ ទៅតាមការិយាល័យបោះឆ្នោតនីមួយៗ។ ប៉ុន្តែប្រជាជនបារាំងរស់នៅតំបន់ដែនដីគ្រប់គ្រងដោយបារាំង នៅឯនាយសមុទ្រមួយចំនួនដូចជា Guadeloupe, Guyane, Martinique, Saint-Barthélemy, Saint-Martin, Saint-Pierre, Miquelon និង Polynésie française បានទៅបោះឆ្នោតចាប់តាំងពីថ្ងៃទី២២ ខែមេសា ម្សិលមិញមកម្ល៉េះ ខណៈតំបន់ Réunion, Mayotte និង Nouvelle-Calédonie នឹងដំណើរការបោះឆ្នោតដូចជាទីក្រុងធំៗរបស់បារាំង។

* ពេលណាប្រធានាធិបតីចូលកាន់តំណែង?
នៅបារាំងបេក្ខជនជាប់ឆ្នោតនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី មិនចូលកាន់តំណែងភ្លាមៗនោះទេ។ អណត្តិរបស់ប្រធានាធិបតីចាស់ នឹងត្រូវអស់ សុពលភាពនៅ រយៈពេល១០ថ្ងៃ បន្ទាប់ពីការបោះឆ្នោតជុំទី០២ និងការស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីថ្មី ដែលអាចនឹងធ្វើឡើងនៅពាក់កណ្ដាល ខែឧសភា ពោលគឺមុនការ បោះឆ្នោតសភាដែលនឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី១១ និងទី១៨ ខែមិថុនា ឆ្នាំ២០១៧ ដើម្បីជ្រើសតាំងសមាជិកសភា៥៧៧នាក់៕

* អាណត្តិប្រធានាធិបតីមានរយៈពេលប៉ុន្មានឆ្នាំ?

បន្ទាប់ពីការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីឆ្នាំ២០០២ អាណត្តិប្រធានាធិបតីបារាំង០៧ឆ្នាំ ត្រូវប្ដូរមកនៅត្រឹម០៥ឆ្នាំវិញ អនុឡោមតាមការបោះឆ្នោតប្រជាមតិ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០០០។ ម្យ៉ាងវិញទៀត គិតចាប់តាំងពីវិសោធនកម្មរដ្ឋធម្មនុញ្ញានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០០៨ ប្រធានាធិបតីអាចកាន់ តំណែងត្រឹមតែ០២ អាណត្តិប៉ុណ្ណោះ។

បើផ្អែកលើការស្ទង់មតិជាច្រើននៅក្នុងចំណោមបេក្ខជនប្រធានាធិបតីបារាំងទាំង១១រូប លោក ម៉ានុយអ៊ែល ម៉ាក្រុន (Emmanuel Macron) និងលោកស្រី ម៉ារីន ឡឺប៉ែន (Marine Le Pen) ត្រូវបានគេរំពឹងថា អាចនឹងឈ្នះនៅក្នុងការបោះឆ្នោត ជុំទី០១។ ការបោះឆ្នោតនេះពិតជាមានសារៈសំខាន់ណាស់ សម្រាប់សហភាពអឺរ៉ុបទំាងមូល ត្បិត បេក្ខជន ប្រធានាធិបតីស្ដាំនិយមជ្រុលដូចជា លោកស្រី ម៉ារីន ឡឺប៉ែន បានប្ដេជ្ញាចិត្តនាំបារាំងចាកចេញពីសហភាពអឺរ៉ុប (Frexit) នៅពេលជាប់ឆ្នោត រីឯបេក្ខជនខ្លះ ទៀតដូចជាលោក ហ្រ្វង់ស័រ ហ្វីយ៉ុង់ បានបង្ហាញទំនោរងាកទៅរករុស្ស៊ី ដែលកំពុងប្រកួតប្រជែងឥទ្ធិពលជាមួយអឺរ៉ុប៕