(ភ្នំពេញ)៖ ដំណឹងចុងក្រោយសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅ ជុន ច័ន្ទបុត្រ ឈ្មោះដើម ហួត ឃីនវុទ្ធី អនុប្រធានវិទ្យុអាស៊ីសេរីខេមរភាសាក្នុងនាមជា ជនសង្ស័យ, តំណាងរាស្ត្រ ឡុង រី និងមូរ សុខហួរ ជាសាក្សី។ កម្លាំងសមត្ថកិច្ចក្រសួងមហាផ្ទៃបានយកដីកាកោះហៅ ជុន ច័ន្ទបុត្រ តំណាងរាស្រ្ត ឡុង រី និងលោកស្រី មូរ សុខហួរ ពាក់ព័ន្ធនឹងការប្រព្រឹត្តិបទល្មើសបន្លំខ្លួនចូលពន្ធនាគារព្រៃស ទៅជូនដល់ទីកន្លែង និងផ្ទះរៀងៗខ្លួន។ ប៉ុន្មានថ្ងៃមកនេះលោក ជុន ច័ន្ទបុត្រ ដែលជាជនត្រូវចោទ បានព្យាយាមការពារខ្លួនគាត់។ លើបញ្ហានេះយើងអាចយល់បានថា៖
១៖ លោក ជុន ច័ន្ទបុត្រ អះអាងថា គាត់មិនបន្លំទេ ហើយគាត់ស្មោះត្រង់ ដោយប្រាប់គេពីឈ្មោះពិត និងថា គាត់ជាអ្នកកាសែត! បកស្រាយក៏បន្លំ ព្រោះបើផ្អែកតាមវីដេអូ ថតនៅក្លោងទ្វារគុកគឺ ឡុង រី និយាយថា គាត់ជាសហការីរបស់បក្ស បែរជា ជន ច័ន្ទបុត្រ នៅស្ងៀមហើយបន្លំដើរចូលក្នុងនាមជាសហការីរបស់ ឡុង រី ! នេះឬភាពស្មោះត្រង់? នេះ ឬជាវិជ្ជាជីវៈអ្នកសារព័ត៌មានអាជីព? សូម្បីឈ្មោះក៏មានពីរដែរ គឺឈ្មោះអ្នកកាសែត ជុន ច័ន្ទបុត្រ ឯឈ្មោះផ្លូវការគឺ ហួត វុទ្ធី ឯណាឯណោះទៅវិញ! ឈ្មោះក៏បន្លំ!
២៖ នីតិវិធីតុលាការ គឺស្វែងរកការពិត ដើម្បីទុកឱកាសឱ្យលោក ជុន ច័ន្ទបុត្រ បកស្រាយការពារខ្លួនតាមផ្លូវច្បាប់ មិនមែនបកស្រាយ តាមរយៈវិទ្យុរបស់ខ្លួន ឬតាមរយៈការ សម្ភាសជាមួយអ្នកកាសែតផ្សេងទេ។ ត្រូវទុកឱ្យគេសួរ ហើយសួរនេះគឺសួរចម្លើយ នៅមុខក្រចកសេះ ! នេះហើយគេហៅថា នីតិរដ្ឋ ! វិធីសម្តែងឱ្យឃើញការពិត គឺត្រូវធ្វើតាមផ្លូវច្បាប់ និងនីតិវិធីច្បាប់!
៣៖ ការពិតគឺត្រូវផ្អែកលើភស្តុតាង ដែលភស្តុតាងនេះ ត្រូវមានភស្តុតាងជាសម្ភារៈដូចជា រូបថត វីដេអូ និងឯកសារនានា ព្រមទាំងចម្លើយរបស់អ្នកពាក់ព័ន្ធ រួមមានដូចជា សាក្សី និងជនសង្ស័យ។ ការកោះរបស់តុលាការ គឺជាឱកាសសម្រាប់ឱ្យអ្នកពាក់ព័ន្ធនានា ចូលមកឆ្លើយសាក្សី រួមមាន៖ ឡុង រី មូរ សុខហួរ និងរួមទាំងសាក្សីដែល ជាសហការីរបស់ ឡុង រី និងមូរ សុខហួរ ពីរនាក់ទៀត។
៤៖ ផ្លូវច្បាប់ បើការពិតឃើញថា មិនខុសច្បាប់នោះនឹងមានភាពស្អាតស្អំឡើងវិញ តែការពិតរកឃើញថា ខុសច្បាប់នោះ គឺត្រូវជាប់ជង់ ហើយមន្រ្តីអនុវត្តនឹងប្រើ ស្តង់ដារអាមេរិក ដោយរួមទាំងការវៃខ្នោះ!
ប៉ុន្តែសំណួរសួរថាតើ ជុន ច័ន្ទបុត្រ មានសេចក្តីក្លាហាន គ្រប់គ្រាន់ដើម្បីប្រឈមមុខចំពោះមុខច្បាប់ដែរឬអត់? តាមរយៈកិច្ចសម្ភាសជាមួយអ្នកកាសែតក្នុងស្រុក ជុន ច័ន្ទបុត្រ ហាក់ដូចបង្ហាញអារម្មណ៍ចង់គេចចេញពីដំណើរការនីតិវិធីច្បាប់ ដោយបានបង្ហើរសម្តីថា បើស្ថាប័ន វិទ្យុអាស៊ីសេរីចង់ឱ្យគាត់ទៅធ្វើការងារនៅទីក្រុងវ៉ាស៊ីនតោនវិញ ខ្ញុំនឹងទៅ។ ជាប់គុកខាតប្រយោជន៍ធំណាស់។ ខាតប្រយោជន៍ធំព្រោះ ជុន ច័ន្ទបុត្រ មានផែនការក្នុង ការប្រើប្រាស់វិទ្យុអាស៊ីសេរី ដើម្បីជួយបក្សប្រឆាំងសម្រាប់ការឃោសនាបោះឆ្នោត និងបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ និងការបោះឆ្នោតនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០១៧។ ប្រសិនបើ ជុន ច័ន្ទបុត្រ ជាប់ជង់ តើនរណាជាអ្នកដឹកនាំផែនការអាក្រក់ក្នុងការបំផ្លើស បំភ្លៃ បំប៉ោង និងបំភ័ន្តស្ថានភាពពិតនៅកម្ពុជា ដើម្បីមហិច្ឆតាអំណាចក្រោមខ្សែញាក់របស់ ចៅហ្វាយ បរទេសរបស់ខ្លួន។ តើ ជុន ច័ន្ទបុត្រ ហ៊ានប្រឈមមុខច្បាប់ ឬបងជាទន្សាយ ដូចអ្នកនយោបាយមាន់សម្ល សម រង្ស៊ី ដែរឬយ៉ាង ? មានតែ ជុន ច័ន្ទបុត្រ ខ្លួនឯងប៉ុណ្ណោះ ដែលដឹងច្បាស់!!!?