(ភ្នំពេញ)៖ បន្ទាប់ពីបើកការស្រាវជ្រាវ ដឹងពីមុខសញ្ញាច្បាស់ កម្លាំងនគរបាលខណ្ឌឫស្សីកែវ បានលបឆ្មក់ទៅបង្ក្រាបឃាត់ខ្លួនស្ត្រីម្នាក់ ជាជនជាតិវៀតណាម និងដកហូតបានថ្នាំញៀន១១កញ្ចប់ ខណៈដែលជនសង្ស័យកំពុងសម្ងំធ្វើសកម្មភាពជួញដូរ។

សមត្ថកិច្ចបានឲ្យដឹងថា ក្នុងប្រតិបត្តិការស្រាវជ្រាវ រហូតឈានដល់បើកការបង្ក្រាបករណីជួញដូរគ្រឿងញៀននេះ បានធ្វើឡើងនៅម៉ោង៥៖១០ល្ងាច ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ នៅត្រង់ចំណុចក្នុងផ្សារតាប៉ុន ស្ថិតក្នុងក្រុម៤ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ បន្ទាប់ពីកម្លាំងនគរបាលខណ្ឌ បានបើកការស្រាវជ្រាវ រហូតឈានដល់ការសហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍ស្វាយប៉ាក ដើម្បីបើកការបង្ក្រាបជាក់ស្ដែងតែម្ដង ចំពោះជនសង្ស័យឈ្មោះង្វៀង ធីហឿង ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅក្បែរចំណុចកើតហេតុខាងលើ បាននិងកំពុងលួចលាក់ធ្វើសកម្មភាពចរាចរគ្រឿងញៀនដោយខុសច្បាប់ និងដកហូតបានក្រាមពណ៌សថ្លា ជាសារធាតុញៀនចំនួន១១កញ្ចប់តូច។

ក្រោយបង្ក្រាប ជនសង្ស័យពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន រួមជាមួយវត្ថុតាង ត្រូវបាននាំមកឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនិតិវិធី៕