(ភ្នំពេញ)៖ ភ្លាមៗបន្ទាប់ពីករណីលោក ជុន ច័ន្ទបុត្រ បន្លំខ្លួនចូល ពន្ធនាគារ ត្រូវបានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្រេច ឯកភាពតាមសំណើរបស់អគ្គនាយកដ្ឋានពន្ធនាគារ ហើយក្រសួងមហាផ្ទៃ នឹងកោះប្រជុំថ្នាក់ដឹកនាំជំនាញៗជាបន្ទាន់ ដើម្បីពិនិត្យឲ្យច្បាស់លាស់ដើម្បីចាត់វិធានការ, នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧នេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព តាមរយៈបណ្តាញព័ត៌មាន Fresh News សូមអំពាវនាវដល់អ្នកពាក់ព័ន្ទ ចូលរួមសហការជាមួយសមត្ថកិច្ច ដើម្បីស្វែងរកការពិតលើករណីការបន្លំរបស់លោក ជុន ច័ន្ទបុត្រ នេះ។
ជាមួយនោះដែរអ្នកនាំពាក្យក្រសួងយុត្តិធម៌ដដែលរូបនោះ បានលើកឡើងថា «ពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ គឺជាកន្លែងសម្រាប់រក្សាទុកជនទាំងឡាយណា ដែលស្ថិតនៅក្រោមយុត្តាធិការនៃអំណាចតុលាការ! កន្លែងនេះ មិនមែនជាទីសាធារណៈ សម្រាប់អ្នកចង់ចូល ឬចង់ចេញស្រេចតែអំពើចិត្តនោះទេ! ទោះនៅប្រទេសណា ក៏ដោយ ការចូលជួបជនទាំងឡាយដែលកំពុងស្ថិតក្នុងការឃុំខ្លួន ឬអនុវត្តទោស ត្រូវអនុវត្តតាមបទដ្ឋានច្បាប់ និងបទដ្ឋានសន្តិសុខសុវត្ថិភាពជាចាំបាច់!»។
ចំណែកអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ បានអះអាងទៀតថា សម្តេចក្រឡាហោម បានសម្រេចមិនឲ្យតំណាងរាស្រ្តរបស់គណបក្សសង្រ្គោះជាតិ ចុះសាកសួរសុខទុក្ខអ្នកជាប់ឃុំទៀតហើយ ចាប់ពីពេលនេះតទៅ ក្រោយពីមានករណីបន្លំខ្លួនចូលពន្ធនាគារពីសំណាក់លោក ជុន ច័ន្ទបុត្រ ដោយមានការឃុបឃិតគ្នា ជាមួយតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ។
តាមការអះអាងរបស់មន្រ្តីនាយកដ្ឋានពន្ធនាគារបានឲ្យដឹងថា របាយការណ៍ និងឯកសារច្បាប់ដែលដាក់ទៅក្រសួងមហាផ្ទៃ រួមមានភ្ជាប់ជាមួយនឹងសំណើមួយចំនួន ដើម្បីដាក់ជូនសម្តេចក្រឡាហោម ស ខេង។ ដោយក្នុងនោះមានការស្នើកុំឱ្យតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ចុះសួរសុខទុក្ខសកម្មជន របស់ខ្លួនតទៅទៀត និងស្នើឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិ មានចំណាត់ការផ្លូវច្បាប់មួយចំពោះករណីនេះ។
សូមបញ្ជាក់ថា កាលពីព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោកស្រី មូរ សុខហួរ និង លោក ឡុង រី បាននាំលោក ជុន ច័ន្ទបុត្រ ឬ ហួត វុទ្ធី មេវិទ្យុអាស៊ីសេរីផ្សាយជាភាសាខ្មែរ ដោយបន្លំខ្លួនជាជំនួយការរបស់ពួកគាត់ចូលទៅ ពន្ធនាគារព្រៃស នាព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧នេះ ដើម្បីចុះសួរសុខទុក្ខ សកម្មជនរបស់គណបក្សសង្រ្គោះជាតិ ចំនួន១៦នាក់ ដែលកំពុងជាប់ឃុំ នៅក្នុងពន្ធនាគារព្រៃស៕