(ភ្នំពេញ)៖ ដើម្បីអាចទាក់ទាញទំនុកចិត្តរបស់អ្នកបោះឆ្នោតឱ្យសម្រេចចិត្តគាំទ្របក្សប្រឆាំង ទាំង ជុន ច័ន្ទបុត្រ មន្ត្រីគណបក្សសង្គ្រោះជាតិ ព្រមទាំងសង្គមស៊ីវិល និងបុគ្គលមួយចំនួនដែលអះអាងថា ជាអ្នកវិភាគឯករាជ្យ បាននិងកំពុងរៀបចំផែនការរួមគ្នា និងចែកតួនាទីគ្នាដើរ ដោយវិទ្យុអាស៊ីសេរីនឹង ជាអ្នកផ្សព្វផ្សាយនូវរឿងរ៉ាវ ទាំងអស់នោះដល់ប្រជាជនស្តាប់។ រាល់ប្រធានបទ ដែលបានលើកឡើងទាក់ទងជាមួយគណបក្សប្រឆាំងនឹង មានការបញ្ចូលសារឃោសនាបោះឆ្នោតឱ្យគណបក្ស សង្គ្រោះជាតិ ឬបង្ហាញថារាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជន ជាតួចិត្តអាក្រក់ អ្នករំលោភសិទ្ធិមនុស្ស គាបសង្កត់ជាដើម ចំណែកឯបក្សសង្គ្រោះជាតិវិញបង្ហាញថា ជាជនរងគ្រោះ ទទួលរងនូវការធ្វើបាប ទោះបីជាបក្សនេះប្រព្រឹត្តខុសច្បាប់ ប៉ុន្តែបណ្តាញ សង្គមស៊ីវិលជាតិ អន្តរជាតិដែលទទួលលុយពីបរទេសនឹងធ្វើកិច្ចសហការបំភ្លៃ បំប៉ោង បំភាន់ បំផ្លើសថា បក្សសង្គ្រោះជាតិគឺជាជនរងគ្រោះពិត ហើយនឹងត្រូវបន្ទរដោយមន្ត្រីការទូត ឬបរទេសមួយចំនួន។
មន្រ្តីសង្គមស៊ីវិលមួយរូប ដែលដឹងព័ត៌មានច្បាស់ពីអាស៊ីសេរីបានទម្លាយឲ្យដឹងថា ជុន ច័ន្ទបុត្រ បានទទួលលុយពីចៅហ្វាយរបស់ខ្លួនរាប់ម៉ឺនដុល្លារ ដើម្បីយកមកប្រើប្រាស់ ក្នុងពេលយុទ្ធនាការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់នៅកម្ពុជាខាងមុខនេះ ហើយផែនការឃោសនារបស់គណបក្សសង្គ្រោះជាតិ លើប្រព័ន្ធផ្សព្វផ្សាយ គឺក្តោបក្តាប់គ្រប់គ្រង ដោយផ្ទាល់ពីសំណាក់ ជុន ច័ន្ទបុត្រ រួមនឹងកម្លាំងមួយចំនួនដែលគាត់បណ្តុះបណ្តាលដោយផ្ទាល់។ ជុន ច័ន្ទបុត្រ នៅតែទន្ទេញដដែលថា «នៅភូមា វិទ្យុអាស៊ីសេរី អាចជួយធ្វើឱ្យមានការផ្លាស់ប្តូររបបដឹកនាំបាន ហេតុអ្វីមិនអាចធ្វើបាននៅកម្ពុជា?»។
នៅក្នុងរយៈពេល១៤ថ្ងៃ នៃការឃោសនាបោះឆ្នោត ជុន ច័ន្ទបុត្រ នឹងរៀបចំឱ្យតំណាងគណបក្សនីមួយៗបង្ហាញពីគោលនយោបាយរបស់ខ្លួនក្នុងការអភិវឌ្ឍឃុំ-សង្កាត់នៅ ពេលជាប់ការបោះឆ្នោត មានកិច្ចពិភាក្សាតុមូលជាមួយមេឃុំ-ចៅសង្កាត់ចំនួន២៥ រាជធានីខេត្ត។ ត្រង់ចំណុចនេះ ក្រុមការងារវិទ្យុអាស៊ីសេរី ក្រោមការបញ្ជាផ្ទាល់ពី ជុន ច័ន្ទបុត្រ នឹងរៀបចំសំណួរផ្សេងៗ និងអាចបញ្ជូនទៅបេក្ខភាព គណបក្សសង្គ្រោះជាតិមុនដើម្បីត្រៀមរៀបចំចម្លើយឱ្យបានល្អ ឆ្លើយប្រកបដោយ ខ្លឹមសារជាងមេឃុំមកពីគណបក្សប្រជាជនកម្ពុជា ដែលមិនបានទទួលសំណួរ សម្រាប់រៀបចំមុន នៅពេលកិច្ចពិភាក្សាចាប់ផ្តើម។
វិធីសាស្ត្រនេះត្រូវបានគេរៀបចំនៅសហរដ្ឋអាមេរិក ក្នុងកិច្ចពិភាក្សាតទល់រវាងបេក្ខជនប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ និងហីឡារី គ្លីនតុន ដោយប្រធានាធិបតីដូណាល់ ត្រាំ បានបរិហារកេរ្តិ៍ទូរទស្សន៍អាមេរិកថាលម្អៀងទៅរកលោកស្រីគ្លីតុន ដោយលួចឱ្យសំណួរមុនដើម្បីលោកស្រីអាចត្រៀម ខ្លួនបានល្អពេលកិច្ចពិភាក្សាចាប់ផ្តើម។
លើសពីនេះ ជុន ច័ន្ទបុត្រ នឹងដឹកនាំកិច្ចពិភាក្សារវាងបេក្ខជនឈរឈ្មោះក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដែលនឹងធ្វើការផ្សាយផ្ទាល់ដោយមានអ្នកចូលរួមអាច ចោទសំណួរផ្សេងៗទៅបេក្ខជន។ នៅក្នុងកិច្ចពិភាក្សានេះតាមប្រភពទម្លាយឱ្យដឹងថា អ្នកចូលរួមនឹងត្រូវរៀបចំពីសកម្មជនដែលគាំទ្របក្សប្រឆាំង ហើយត្រៀមសំណួរ រួចជាស្រេចដើម្បីចោទសួរទៅវាគ្មិនជាសមាជិកក្រុមប្រឹក្សាដោយសំណួរបែបការលើកតម្កើងបក្សប្រឆាំង ការតាំងចិត្ត និងសំណួរបែបវិជ្ជមាន នឹងត្រូវចោទសួរទៅបេក្ខជនមកពី គណបក្សសង្គ្រោះជាតិ តែសំណួរបែបអវិជ្ជមាន និងសំណួរបែបបន្ទោសបង្អាប់ នឹងត្រូវចោទសួរទៅកាន់ វាគ្មិនមកពីបក្សប្រជាជនកម្ពុជា។ ជុន ច័ន្ទបុត្រ នឹងដើរតួនាទី សំខាន់ក្នុងការចោទសំណួរផងដែរហើយនេះ ជាឱកាសល្អបំផុតសម្រាប់ ជុន ច័ន្ទបុត្រ ដែលត្រូវសួរផ្ចាញ់បេក្ខភាពមកពីគណបក្សប្រជាជន ដើម្បីទាញទម្លាក់សេចក្តីទុក ចិត្តរបស់ពលរដ្ឋម្ចាស់ឆ្នោតលើបេក្ខភាពនេះ និងគណបក្សទាំងមូល។
មិនតែប៉ុណ្ណោះ ជុន ច័ន្ទបុត្រ នឹងរៀបចំជារឿងខ្លីក្នុងន័យឃោសនាបោះឆ្នោតឱ្យបក្សប្រឆាំងដោយ ប្រាប់ផ្លូវឱ្យពលរដ្ឋបោះឆ្នោតឱ្យគណបក្សនេះ តាមរយៈការបង្កប់ខ្លឹមសារក្នុងសាច់រឿង។
ផែនការមួយ ទៀតគឺ ជុន ច័ន្ទបុត្រ នឹងធ្វើអត្ថាធិប្បាយនយោបាយពីកន្លែងកប់សពលោក កែម ឡី ព្រមទាំងមានការ ចាក់ផ្សាយបទសម្ភាសម្តាយសព កែម ឡី និងភរិយាលោក កែម ឡី ហើយនឹងមានការចាក់បទសម្ភាស ម្តាយរបស់ ជួប សម្លាប់ អ្នកបាញ់សម្លាប់លោក កែម ឡី ផងដែរ។ សេណារីយូនេះនឹងជាសេណារីយ៉ូចុង ក្រោយមួយដើម្បីដុតកំហឹងប្រជាពលរដ្ឋកម្ពុជាប៉ុន្មានថ្ងៃមុនការសម្រេចចិត្តគូសសន្លឹកឆ្នោតនៅថ្ងៃទី៤ ខែ មិថុនា ឆ្នាំ ២០១៧។
យុទ្ធសាស្ត្រដុតកំហឹងរាស្ត្រលើករណីឃាតកម្មលើបណ្ឌិត កែម ឡីនេះធ្វើឡើងដើម្បី បង្កើនការស្អប់លើរដ្ឋាភិបាល លើគណបក្សប្រជាជនកម្ពុជានេះ ព្រោះវិទ្យុអាស៊ីសេរី បានទាញយកប្រជាប្រិយភាពពីការស្លាប់របស់ កែម ឡី ហើយអ្នកដែលទទួលបានផលប្រយោជន៍ច្រើនជាងគេគឺគណបក្ស សង្គ្រោះជាតិ ដែលបានព្យាយាមធ្វើអាជីវកម្មលើ សាកសពលោក កែម ឡី ចាប់តាំងពីការស្លាប់ភា្លមៗ។ លោក កែម ឡី ដែលពេលនៅរស់បានរិះគន់មិនសំចៃមាត់លើ សម រង្ស៊ី ថា ជាអ្នកនយោបាយអង្ករកំប៉ុង និងបានលើកឡើងថា សម រង្ស៊ី ជាមនុស្សផ្តាច់ការបំផុត ព្រមទាំងបានលើកឡើងថា គណបក្សសង្គ្រោះជាតិគ្មានគោលការណ៍ និងគោលនយោបាយច្បាស់លាស់ ចេះតែចាំស៊ីឡាក់តែប៉ុណ្ណោះ។ ការធ្វើអាជីវកម្ម លើសាកសពលោក កែម ឡី ពីសំណាក់បក្សប្រឆាំង និងវិទ្យុអាស៊ីសេរី ក៏ត្រូវធ្លាប់បានព្រមានពីគណបក្ស ប្រជាធិបតេយ្យមូលដ្ឋានដែលមានលោក យ៉េង វិរៈ និង លោក យ៉ង សាំងកុមារ ជាថ្នាក់ដឹកនាំ ខណៈ លោក កែម ឡី ក៏ជាស្ថាបនិកម្នាក់នៃគណបក្សនេះដែរ។
នៅក្នុងពេលរង់ចាំរដូវកាលឃោសនាបោះឆ្នោត នៅថ្ងៃទី២០ ឧសភា មកដល់អាងនឹងចាប់ផ្តើម អនុវត្តគម្រោងការខាងលើ ជុន ច័ន្ទបុត្រ ចាប់ផ្តើមបញ្ចេញគម្រោងការធាតុផ្សំ បន្ថែមដើម្បីបំពេញផែនការរួម។ ជាក់ស្តែងដូចជា កាលពីថ្ងៃទី១៩ ខែមេសា ជុន ច័ន្ទបុត្រ បានក្លែងឋានៈបន្លំរាជការសាធារណៈពីតួនាទី ជាអនុប្រធានវិទ្យុអាស៊ីសេរីខេមរភាសា ទៅជាជំនួយការតំណាងរាស្ត្រដើម្បីបានជួប គឹម សុខ អ្នកវិភាគឯករាជ្យលម្អៀងទៅបក្សប្រឆាំង និងជួបជាមួយសកម្មជនបក្សសង្គ្រោះជាតិ១៦នាក់ ផ្សេងទៀតកំពុងជាប់ ឃុំឃាំងដោយសារប្រព្រឹត្តខុសច្បាប់។ ការចង់ជួបសួរសុខទុក្ខ គឹម សុខ គឺជាគោលដៅទី២ប៉ុណ្ណោះ តែគោលដៅទី១ គឺរកព័ត៌មានចេញពីក្នុងគុកដើម្បីធ្វើសោកនាដកម្ម ទាញយកផលចំណេញនយោបាយសម្រាប់បក្សសង្គ្រោះជាតិ។
ភស្តុតាងបង្ហាញច្បាស់ថា ក្រោយពីជួបសួរសុខទុក្ខហើយ ជុន ច័ន្ទបុត្រ បានផ្តល់ពេលវេលារហូត ដល់ជិតកន្លះម៉ោងឱ្យ មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិសេះ ហោះសម្តែងភាពសោកសៅ បង្ហាញពីភាពរងគ្រោះអាជីពរបស់ខ្លួនឱ្យអ្នកគាំទ្រខ្លួនស្តាប់យ៉ាងហូរ ហែរទំពែលត និយាយចុះឡើងៗទាំង ជុន ច័ន្ទបុត្រ និងមូរ សុខហួរ ឃោសនាបោះឆ្នោតសម្រាប់គណបក្សខ្លួន។ ធ្វើម៉េចបើជំនួយការជាអ្នកសម្ភាសន៍មេខ្លួនទៅហើយ! ផែនការមួយផ្នែកក្នុងរឿងចូលពន្ធនាគារដើម្បីជួប គឹម សុខ ដើម្បីយក ពាក្យផ្តាំផ្ញើបែបវាយប្រហារលើរដ្ឋាភិបាល និងបក្សប្រជាជនកម្ពុជា នេះមិនទទួលជោគជ័យឡើយ ហើយបានជាប់ផុងខ្លួនក្នុងនីតិវិធីច្បាប់ទៀត។
នៅថ្ងៃទី២១ ខែមេសា ក្រសួងមហាផ្ទៃ នឹងសម្រេចថា តើត្រូវមានចំណាត់ការយ៉ាងណាចំពោះករណី ជុន ច័ន្ទបុត្រ ក្លែងឋានៈបន្លំរាជការសាធារណៈដើម្បីចូលក្នុង មន្ទីរឃុំឃាំង។ ជុន ច័ន្ទបុត្រ នឹងបញ្ចេញភាពពិសពុល និយាយបញ្ឆេះកំហឹងរាស្ត្របន្ថែមទៀត ដើម្បីស្វែងរកការគាំទ្រឱ្យបក្សប្រឆាំង ទោះកំពុងជាប់នឹងរឿងរ៉ាវបន្លំចូល គុកព្រៃសក៏ដោយ។ កោតតែចេះខូចដែរ ប៉ុន្តែមិនមើលក្បួនច្បាប់ឱ្យបានត្រឹមត្រូវ !!! ចៅចាក់ស្មុកគ្រាន់តែរំលឹក ជុន ច័ន្ទបុត្រ ថាជង់ដូចរាជការនេះមិនភ្លេចកុកដូចជុន ច័ន្ទបុត្រ ទេតែកុកទេដែលភ្លេចជង់!!
ដោយ៖ ចៅចាក់ស្មុក