(វ៉ាស៊ីនតោន)៖ ក្រសួងការពារជាតិសហរដ្ឋអាមេរិក គ្រោងនឹងធ្វើការសាកល្បងសមត្ថភាពរបស់ខ្លួន នាថ្ងៃឧសភាខាងមុខនេះ ដើម្បីបាញ់ទម្លាក់គ្រាប់មីស៊ីលទាំងឡាយ ដែលបាញ់ចេញពីប្រទេសកូរ៉េខាងជើង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីស្ថានីយ៍ទូរទស្សន៍ CNN នៅយប់ថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០១៧។
គម្រោងនៃការធ្វើតេស្តក្នុងនៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិកនេះ ស្ថិតនៅក្នុងផ្នែកនៃកម្មវិធីការពារមីស៊ីលផ្លោង របស់កម្លាំងយោធាអាមេរិក ដើម្បីទប់ទល់ប្រឆាំងទៅនឹង ការគំរាមកំហែងនានា ពីសំណាក់កូរ៉េខាងជើង ក៏ដូចជាប្រទេសអ៊ីរ៉ង់ ប៉ុន្តែសម្រាប់ខណៈពេលនេះ យ៉ាងហោចណាស់ វានឹងត្រូវធ្វើឡើងដើម្បីធានាថា អាមេរិកពិតជាមាន សមត្ថភាពពេញលេញក្នុងការការពារ ការគំរាមកំហែងរបស់របបដឹកនាំទីក្រុងព្យុងយ៉ាង។
ការធ្វើតេស្តសមត្ថភាពទីមួយ នឹងពាក់ព័ន្ធជាមួយការបាញ់សាកល្បងនូវប្រភេទមីស៊ីល SM ដែលត្រូវបានបង្កើនអានុភាព ចេញពនាវាចម្បាំងយោធាជើងទឹកអាមេរិក នៅលើមហាសមុទ្រប៉ាស៊ីហ្វិក។ កម្មវិធីនេះបានស្ថិតក្រោមការអភិវឌ្ឍជាមួយប្រទេសជប៉ុន និងមានគោលដៅដើម្បីបាញ់ទម្លាក់មីស៊ីលរយៈចម្ងាយមធ្យមរបស់កូរ៉េខាងជើង ដែលបង្កការគំរាមកំហែងដល់សម្ព័ន្ធមិត្តអាមេរិក។
ចំណែកឯការធ្វើតេស្តដ៏សំខាន់ដាច់ដោយឡែកមួយទៀតនោះ ដែលគ្រោងប្រពឹត្តទៅនាចុងខែឧសភា នឹងធ្វើការត្រួតពិនិត្យក៏ដូចជា វាយតម្លៃទៅលើសមត្ថភាពរបស់ សហរដ្ឋអាមេរិក ក្នុងការបាញ់ទម្លាក់គ្រាប់មីស៊ីលផ្លោងឆ្លងទ្វីបឬអន្តរទ្វីប នាពេលអនាគតរបស់កូរ៉េខាងជើង ដែលអាចគំរាមកំហែងដល់ទឹកដីអាមេរិកផ្ទាល់។
គួរបញ្ជាក់ថា ជុំវិញសមត្ថភាពនៃអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ប្រមុខដឹកនាំកំពូលផុតលេខលោក គីម ជុងអ៊ុន បានអះអាងថា ប្រទេសរបស់លោកមានបច្ចេកវិទ្យាបាលីស្ទីក (Ballistic) នៅក្នុងដៃដែលចាំបាច់សម្រាប់ការវាយប្រហារ ទៅលើប្រទេសលោកខាងលិច ក៏ដូចជាសហរដ្ឋអាមេរិក ជាមួយក្បាលគ្រាប់នុយក្លេអ៊ែរបាន។ ម៉្យាងវិញទៀត នៅក្រោយការធ្វើតេស្តមីស៊ីលកាលពីខែសីហា ឆ្នាំ២០១៦ លោក គីម បានបញ្ជាក់ថា អាមេរិក និងទីតាំងប្រតិបត្តិការយោធារបស់អាមេរិក នៅមហាសមុទ្រប៉ាស៊ីហ្វិក គឺស្ថិតនៅក្នុងរយៈចម្ងាយវាយប្រហាររបស់កូរ៉េខាងជើង ហើយបន្ទាប់ពីការបំផ្ទុះសាកល្បងក្បាលគ្រាប់មីស៊ីលកាលពីខែកញ្ញា ឆ្នាំដដែល ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង បានចេញមុខព្រមានថា ប្រទេសរបស់ខ្លួនមានសមត្ថភាពបំពាក់ក្បាលគ្រាប់លើមីស៊ីលបានហើយ។
ប្រការហេតុនេះក្រុមអ្នកជំនាញជឿជាក់ថា មិនយូរទៀតនោះឡើយ នាពេលប៉ុន្មានឆ្នាំខាងមុខ កូរ៉េខាងជើងច្បាស់ជាអាចវាយប្រហារដោយអាវុធនុយក្លេអ៊ែរទៅដល់ទឹកដីសហរដ្ឋអាមេរិកជាមិនខាន៕