(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បាននិងកំពុងតែបញ្ជូនកងទ័ពរួមជាមួយនិងបរិក្ខាយោធាយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅកាន់ព្រំប្រទល់ ជាប់ជាមួយប្រទេសកូរ៉េខាងជើង នៅចំពោះមុខភាពភ័យព្រួយបារម្ភថាសហរដ្ឋអាមេរិក ត្រៀមរៀបចំបើកការវាយប្រហារទៅលើប្រមុខដឹកនាំកំពូលរបស់ទីក្រុងព្យុងយ៉ាងលោក គីម ជុងអ៊ុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Daily Mail នៅយប់ថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០១៧។
ប្រភពព័ត៌មានដដែលបានឲ្យដឹងដូច្នេះថា លោកប្រធានាធិបតីរុស្ស៊ី មានក្តីបារម្ភថានឹងកើតមានជនភៀសខ្លួនកូរ៉េខាងជើងយ៉ាងច្រើនសន្ធឹកសន្ធាប់ បើសិនជាមេដឹកនាំអាមេរិកលោក ដូណាល់ ត្រាំ សម្រេចប្រើប្រាស់សកម្មភាពយោធាប្រឆាំង នឹងរដ្ឋកុម្មុនិស្តមួយនេះប្រាកដមែននោះ។ ម៉្យាងវិញការចល័តកម្លាំងយោធានេះ ត្រូវបានធ្វើឡើងប្រមាណជាមួយសប្តាហ៍ ក្រោយពេលមានសេចក្តីរាយការណ៍ថាចិនបានបញ្ជូនពលទាហានចំនួន១៥០,០០០នាក់ ទៅកាន់ព្រំប្រទល់ភាគខាងត្បូងរបស់ខ្លួន ដើម្បីប្រុងប្រៀបទប់ទល់លំហូរជនភៀសខ្លួនកូរ៉េខាងជើង ដែលទីក្រុងប៉េកាំងបានយល់ថា នឹងរត់គេចឆ្លងដែននៅក្នុងករណីសង្រ្គាមផ្ទុះឡើង។
គួរបញ្ជាក់ថាយោងតាមខ្សែវិដេអូដែលបានលេចចេញនាពេលថ្មីៗនេះ ប្រទេសរុស្ស៊ីកំពុងតែពង្រឹងបន្ទាត់ព្រំដែនរបស់ខ្លួនជាមួយកូរ៉េខាងជើង តាមរយៈដឹកជញ្ជូនកងទ័ពនិងបរិក្ខាផ្សេងៗ រួមមានទាំងរថក្រោះនិងប្រព័ន្ធកាំភ្លើងធំជាច្រើនគ្រឿងតាមខ្សែរថភ្លើងសំដៅឆ្ពោះកាន់ព្រំប្រទល់ដែលមានប្រវែង២០គីឡូម៉ែត្ររវាងរុស្ស៊ីនិងកូរ៉េខាងជើង។ ក្រៅពីនេះក៏មានវីដេអូ បង្ហាញពីឧទ្ធម្ភាគចក្រយោធារុស្ស៊ី ធ្វើការហោះហើរទៅទីនោះ និងការចល័តតាមផ្លូវថ្នល់ផងដែរ៕