(ភ្នំពេញ)៖ ពិតជាគួរឱ្យភ្ញាក់ផ្អើលដែល ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរី ផ្នែកភាសាខ្មែរនៅកម្ពុជា ដែលអះអាងថា ជាអ្នកកាសែតវិជ្ជាជីវៈ និងជាវិទ្យុឯករាជ្យបែរ ជាបន្លំធ្វើជាសហការី របស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិពីរនាក់ គឺ ឡុង រី និង មូរ សុខហួរ ចូលទៅក្នុងបរិវេណនៃពន្ធនាគារព្រៃស ដើម្បីចូលជួបសួរសុខទុក្ខជនជាប់ឃុំចំនួន១៦រូប ដែលរួមមានសមាជិកបក្សប្រឆាំង និងអ្នកវិភាគដូរបាយ លម្អៀងផ្កាប់មុខ កឹម សុខ។
ទាំងរូបភាព និងការអះអាងរបស់ ឡុង រី បានបង្ហាញថា ជុន ច័ន្ទបុត្រ ពិតជាបានចូលទៅក្នុងបរិវេណពន្ធនាគារមែន និងចូលជាមួយ ក្រុមតំណាងរាស្ត្ររបស់លោក។
ហេតុអ្វីបានជា ជុន ច័ន្ទបុត្រ ព្យាយាមចូលទៅក្នុងពន្ធនាគារ ដោយក្លែងបន្លំខ្លួន ជាសហការីតំណាងរាស្ត្របក្សសង្គ្រោះជាតិ?
១៖ តាមរូបថតដែលថតបាន ជុន ច័ន្ទបុត្រ បានពាក់អាវពណ៌សដៃវែង ខោខូវប៉ូយពណ៌ខៀវ និងពាក់មួកកាតិប ពាក់វ៉ែនតា មានលក្ខណៈលាក់លៀម ដោយខ្លាចគេស្គាល់អត្តសញ្ញាណ និងបានឈរឈ្ងោកមុខ នៅក្បែរតំណាងរាស្ត្របក្សប្រឆាំង ឡុង រី និង មួរ សុខហួរ និងសហការីផ្សេងទៀត ខណៈពេលក្រុមមន្ត្រីទាំងនេះ កំពុងបង្ហាញឯកសារ ស្នើសុំចូលទៅសួរសុខទុក្ខ សកម្មជនរបស់ខ្លួន ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារព្រៃស។
ឡុង រី បានប្រាប់កាសែតក្នុងស្រុកថា ជុន ច័ន្ទបុត្រ ចូលទៅក្នុងនាមអ្នកសារព័ត៌មាន និងមានបំណងចង់ជួបអ្នកវិភាគនយោបាយ ដែលកំពុងជាប់ឃុំ លោក គឹម សុខ ប៉ុន្តែមិនបានសម្រេច។ មិនបាន សម្រេចដោយសារតែ តាមបទបញ្ជាពន្ធនាគារ គឺអនុញ្ញាតឱ្យតែសាច់ញាតិ ចូលជួបប៉ុណ្ណោះ។ ហេតុអ្វីបានជាចង់ជួប គឹម សុខ? មកពីទុក្ខវេទនាជាប់គុកដែល គឹម សុខ កំពុងជួបប្រទះនេះ គឺដោយសារតែលោតរេរាំ តាមចង្វាក់ភ្លេងរបស់ ជុន ច័ន្ទបុត្រ ដែលទាញឱ្យដើរតាមគំនិតរបស់ខ្លួន ក្នុងការបំភ្លៃ បំប៉ោង បំភ័ន្ត បំផ្លើសព័ត៌មានវាយប្រហារ ទៅលើរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ដើម្បីមហិច្ឆតាអំណាច គាំទ្រគណបក្សប្រឆាំង ដែលខ្លួនរំពឹងថានឹង ទទួលបានលាភសក្ការៈ តំណែងនៅពេលបក្សនេះ ទទួលជ័យជម្នះ។
២៖ យោងតាមលិខិតរបស់ អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ ប្រធានមណ្ឌលអប់រំកែប្រែទី១ អនុញ្ញាតឱ្យតំណាងរាស្ត្រ ឡុង រី និង មូរ សុខហួរ ព្រមទាំងសហការីចំនួន៣ ចូលជួបសួរសុខទុក្ខអ្នក ជាប់ឃុំចំនួន១៦នាក់។ ហួត វុទ្ធី ជាឈ្មោះផ្លូវការរបស់ ជុន ច័ន្ទបុត្រ ដែលបានសរសេរនៅសៀវភៅ (លេខរៀងទី៣) ចេញចូលសួរសុខទុក្ខរបស់ពន្ធនាគារ បានដាក់ថាជា «ជំនួយការ» ជំនួយការរបស់នរណា? ជារបស់តំណាងរាស្ត្រ ឡុង រី ឬ មូរ សុខហួរ? មិនមែនចៅចាក់ស្មុកចេះតែថាទេ គឺ ជុន ច័ន្ទបុត្រ ឈ្មោះដើម ហួត វុទ្ធី សរសេរចេញពីដៃខ្លួនឯងថា ជាជំនួយការ។
ទោះបីជា ជុន ច័ន្ទបុត្រ ខិតខំនិយាយលាងខ្លួន តាមវិទ្យុរបស់ខ្លួនថា ទៅក្នុងនាមជាអ្នកសង្កេតការណ៍ បុគ្គលឯកជនក៏ដោយ ក៏ការពិតនៃការបន្លំខ្លួន ចូលពិតជាមានមែន និងធ្វើឡើងដោយមិនស្មោះត្រង់ តាមមធ្យោបាយទុច្ចរិតដោយសារតែ ជុន ច័ន្ទបុត្រ បានក្លែងនូវឋានៈរបស់គាត់ ដោយបានប្រើពាក្យជាជំនួយការ។ នេះសបញ្ជា្កក់យ៉ាងច្បាស់ថា ជុន ច័ន្ទបុត្រ ប្រាកដជាសមាជិករបស់ គណបក្សប្រឆាំង ទើបអាចធ្វើជាជំនួយការ របស់គណបក្សប្រឆាំង ចូលទៅក្នុងពន្ធនាគារ។
ចំណែកតំណាងរាស្ត្រ ឡុង រី និង មូរ សុខហួរ ទៀតសោត ក៏បានសមគំនិតក្នុងការជួយឱ្យ ជុន ច័ន្ទបុត្រ ដែលអះអាងថា ខ្លួនជាអ្នកកាសែត ក្លែងឋានៈខ្លួនដោយជោគជ័យ ដើម្បីចូលទៅក្នុងពន្ធនាគារ។ នេះជាភស្តុតាងកាន់តែច្បាស់ទៀតថា សកម្មភាព ជុន ច័ន្ទបុត្រ នាពេលកន្លងមកនេះ គឺជាសកម្មភាព ដែលបម្រើឱ្យគណបក្សសង្គ្រោះជាតិមែន។ ហេតុដូច្នេះហើយបានជា ជុន ច័ន្ទបុត្រ យកវិទ្យុអាស៊ីសេរីភាសាខ្មែរ មកបម្រើបក្សប្រឆាំងតាមរយៈការឃុបឃិត ជាមួយមន្ត្រីបក្សប្រឆាំងសង្គមស៊ីវិល មាននិន្នាការប្រឆាំងនឹងក្រុមអ្នកវិភាគលម្អៀង ទៅរកបក្សប្រឆាំង ដើម្បីបំផ្លើស បំភ្លៃ បំប៉ោង និងបំភាន់មតិសាធារណៈ លើស្ថានភាពពិតនៅក្នុងប្រទេសកម្ពុជា បង្កការយល់ច្រឡំមកលើគោលបំណង ពិតរបស់រាជរដ្ឋាភិបាល និងមានចេតនាបង្កចលាចល អស្ថិរភាពសង្គម និងប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងសន្តិសុខជាដើម តាមរយៈការផ្សព្វផ្សាយព័ត៌មានខ្មៅងងឹតនានា។
គោលបំណងមួយទៀតរបស់ ជុន ច័ន្ទបុត្រ ក៏ដើម្បីបានស៊ើបដឹងថា តើមានអ្វីកើតឡើងពិតប្រាកដ នៅក្នុងពន្ធនាគារ ខណៈនាពេលថ្មីៗនេះយុវជន គង់ រីយ៉ា ដែលជាប់គុកដោយសារតែការប៉ុន ប៉ងធ្វើបដិវត្តន៍ពណ៌ បានលើកឡើងនូវរឿងរ៉ាវមួយចំនួន នៅក្នុងពន្ធនាគារ។ ព័ត៌មានពីពន្ធនាគារ ក៏ជាផ្នែកមួយសំខាន់សម្រាប់ ជុន ច័ន្ទបុត្រ ក្នុងការវាយប្រហារ បរិហារលើការគ្រប់គ្រង របស់រដ្ឋាភិបាលដែរ។
៣៖ តើ ជុន ច័ន្ទបុត្រ អាចនឹងប្រឈមមុខនឹងច្បាប់ដែរឬទេ? ទុកឱ្យរាជការជាអ្នកពិនិត្យ ចំពោះទង្វើល្មើសច្បាប់ និងបទបញ្ជាផ្ទៃក្នុងរបស់ពន្ធនាគារ និងច្បាប់ផ្សេងទៀតមានជាធរមាន។ ប៉ុន្តែវិធានការបឋមក្រោយ ពីកើតមានឧប្បត្តិនេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានថ្លែងថា ចាប់ពីពេលនេះតទៅ ក្រសួងមហាផ្ទៃនឹងមិនអនុញ្ញាតឱ្យ តំណាងរាស្រ្តរបស់គណបក្សប្រឆាំង ចូលសួរសុខទុក្ខសកម្មជន ឬមន្រ្តីគណបក្សសង្រ្គោះជាតិ ដែលជាប់ឃុំទៀតនោះទេ បន្ទាប់ពីមានករណីតំណាងរាស្រ្តបក្សនេះ បាននាំមេវិទ្យុអាស៊ីសេរី ជុន ច័ន្ទបុត្រ បន្លំខ្លួនចូលទៅក្នុងពន្ធនាគារព្រៃស។
លោក ខៀវ សុភ័គ ចាត់ទុកតំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ លោកស្រី មូរ សុខហួរ និង លោក ឡុង រី មានចេតនាអសីលធម៌ ដោយបន្លំសមត្ថកិច្ច ដើម្បីនាំ ជុន ច័ន្ទបុត្រ មេវិទ្យុអាស៊ីសេរី ចូលទៅពន្ធនាគារព្រៃស ដែលនេះគឺជាកំហុសសីលធម៌មួយ មិនស្មោះត្រង់ជាមួយអាជ្ញាធរ មិនស្មោះត្រង់ជាមួយរាជរដ្ឋាភិបាល ដែលមិនបានប្រាប់ការពិត អំពីរឿងនេះដល់សមត្ថកិច្ចបានដឹង។
ពេលនេះមិនដឹងនរណាបន្ទោសនរណាទេ? ជុន ច័ន្ទបុត្រ បន្ទោស មូរ សុខហួរ, ឡុង រី ដែលនាំខ្លួនទៅ ឬក៏មូរ សុខហួរ, ឡុង រី និងមន្ត្រីបក្សសង្គ្រោះជាតិផ្សេងទៀត ត្រូវបន្ទោស ជុន ច័ន្ទបុត្រ ដែលអន្ទះ អន្ទែងចង់ចូលទៅក្នុងពន្ធនាគារដែរ ដោយប្រើប្រាស់វិធីសាស្ត្រខុសច្បាប់ បន្លំរាជការសាធារណៈក្នុងបំណង ទុច្ចរិតណាមួយ ធ្វើឱ្យខូចប្រយោជន៍បក្សប្រឆាំង ខណៈបក្សប្រឆាំងបានយក ការសួរសុខទុក្ខអ្នកជាប់ឃុំជា ទីលានវាយប្រហារមួយ មកលើរាជរដ្ឋាភិបាលកម្ពុជា នាពេលកន្លងមក និងជាកន្លែងបង្កើតរូបភាពសោកនាដកម្មមួយ ដើម្បីផលប្រយោជន៍បក្សទាំង ក្នុងនិងក្រៅស្រុក។ ចុះបើឥឡូវ ក្រសួងមហាផ្ទៃមិនអនុញ្ញាតឱ្យ តំណាងរាស្ត្រចូលជួប អនុញ្ញាតតែមេធាវី និងសាច់ញាតិ តើបក្សប្រឆាំងបានអីធ្វើនុយទៀត?៕
ដោយ៖ ចៅ ចាក់ស្មុក