(ប៉ារីស)៖ ប៉ូលិសបារាំងនៅថ្ងៃអង្គារនេះ បានចាប់ខ្លួនបុរសពីរនាក់ ក្រោមបទសង្ស័យថា បាននិងកំពុងរៀបចំគំរោងវាយប្រហារភេរវកម្ម ហើយដែលការ ឃាត់ខ្លួននេះធ្វើ ឡើងតែ០៥ថ្ងៃប៉ុណ្ណោះ មុននឹងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីបារាំងជុំទី០១ ឈានចូលមកដល់នៅថ្ងៃទី២៣ ខែមេសាខាងមុខនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Channel News Asia នៅថ្ងៃអង្គារ ទី១៨ ខែមេសា ឆ្នាំ២០១៧។
បុរសទំាងពីរនាក់ខាងលើមានអាយុ២៣ និង២៩ឆ្នាំ ត្រូវបានចាប់ខ្លួននៅឯភាគខាងត្បូងទីក្រុង Marseille ដោយទីភ្នាក់ងារស៊ើបការសម្ងាត់បារាំង។ ក៏ប៉ុន្តែព្រមពេល ជាមួយគ្នា ពួកគេមិនទាន់បានបញ្ជាក់អ្វីបន្ថែមលើសពីនេះនោះទេ ថាតើជនទាំងពីរនាក់នេះបានរៀបចំគំរោង វាយប្រហារភេវកម្មអ្វីឱ្យប្រាកដ។
គួរបញ្ជាក់ថា គិតចាប់តាំងពីខែមករា ឆ្នាំ២០១៥មក ការវាយប្រហារភេរវកម្មនៅក្នុងប្រទេសបារាំង បានផ្ដាច់យកអាយុជីវិតមនុស្ស២៣០នាក់ ខណៈបញ្ហាភេរវកម្មនេះ បានក្លាយជាគោលនយោបាយមួយដ៏សំខាន់ សម្រាប់បេក្ខជនប្រធានាធិបតី ដែលនឹងត្រូវចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតរើសប្រធានាធិបតីថ្មីជុំទី០១ នៅថ្ងៃទី២៣ ខែមេសា និងជុំទីនៅថ្ងៃទី០៧ ខែឧសភា៕