(ម៉ូស្គូ)៖ ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំលើពិភពលោក Google របស់សហរដ្ឋអាមេរិក បានព្រមព្រៀងក្នុងការបង់ប្រាក់ពិន័យ ប្រមាណជាជិត៨លានដុល្លារសហរដ្ឋអាមេរិក ដោយសារការរំលោភបំពានច្បាប់ នៃភាពប្រកួតប្រជែងដោយស្មើភាព នៅក្នុងទីផ្សាកម្មវិធីទូរស័ព្ទដៃស្មាតហ្វូនរបស់ប្រទេសរុស្ស៊ី បន្ទាប់ពីក្រុមហ៊ុននេះបានចាញ់ក្តីនៅក្នុងសំណុំរឿងចោទប្រកាន់នៃការកេងចំណេញ ពីគោលជំហរដ៏មានប្រៀបរបស់របស់ខ្លួននៅក្នុងទីផ្សារ ទៅលើទូរស័ព្ទចល័តដើរដោយប្រព័ន្ធប្រតិបត្តិការ Android។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Russia Today (RT) នៅយប់ថ្ងៃអង្គារ ទី១៨ ខែមេសា ឆ្នាំ២០១៧។
ភាគីដើមបណ្តឹងគឺជាក្រុមហ៊ុនបច្ចេកវិទ្យារុស្ស៊ីឈ្មោះថា Yandex ដែលបានធ្វើការចោទប្រកាន់ ទៅលើក្រុមហ៊ុន Google ពីបទបង្ខំឲ្យអ្នកផលិតស្មាតហ្វូនធ្វើការដំឡើងកម្មវិធី Google Play រួចជាស្រេចនៅលើទូរស័ព្ទដៃរបស់ពួកគេ។ នៅក្រោមដំណោះស្រាយព្រមព្រៀងគ្នាជាមួយក្រុមឃ្លាំងមើលច្បាប់ប្រកួតប្រជែង FAS របស់រុស្ស៊ី ក្រុមហ៊ុន Google បានយល់ព្រមបញ្ឈប់លែងឲ្យមានការបង្ខំក្រុមហ៊ុនផលិតស្មាតហ្វូតនានា ឲ្យធ្វើការដំឡើងកម្មវីធីរបស់ Google តាមរយៈមូលដ្ឋានជាកាតព្វកិច្ចតទៅទៀតហើយ ហើយការព្រមព្រៀងគ្នានេះត្រូវបានចុះហត្ថលេខាឲ្យមានសុពលភាព សម្រាប់រយៈពេល០៦ឆ្នាំនិង០៩ខែ។
គួរបញ្ជាក់ដែរថា ប្រធានគណៈកម្មការសហភាពអឺរ៉ុបសម្រាប់ការប្រកួតប្រជែងលោកស្រី Margrethe Vestager ក៏បានប្រកាសអំពីករណីស៊ើបអង្កេតថ្មីមួយផ្សេងទៀតផងដែរ ទៅលើបញ្ហាថា តើក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកដ៏ធំមួយនេះ បានកេងចំណេញពីគោលជំហរមានប្រៀបរបស់ខ្លួន ជាមួយប្រព័ន្ធប្រតិបត្តិការ Android សម្រាប់ស្មាតហ្វូនដែរឬយ៉ាងណា ហើយបើការស៊ើបអង្កេតនេះចេញជារូបរាងឡើងមែននោះ ក្រុមហ៊ុន Google អាចប្រឈមមុខនឹងការផាកពិន័យជាប្រាក់រហូតដល់៧.៤ពាន់លានដុល្លារ ដែលស្មើនឹង១០ភាគរយនៃប្រាក់ចំណូលទូទាំងពិភពលោករបស់ខ្លួន៕