(ភ្នំពេញ)៖ ឆ្លើយតបនឹងការអំពាវនាវរបស់សកម្មជនដីធ្លី ដែលចង់ឲ្យមានយុទ្ធនាការអាវខ្មៅ ទាមទារឲ្យដោះលែងមន្រ្តីសង្គមស៊ីវិល និងសកម្មជនដីធ្លីនោះ, នៅព្រលប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧នេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានហៅយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅនេះវាជារឿងឥតប្រយោជន៍ សម្រាប់ជនជាប់ឃុំក្នុងបទល្មើស ព្រហ្មទណ្ឌ ហើយលោកបានអះអាងថា យុទ្ធនាការនេះអាចប្រឈមនឹងផ្លូវច្បាប់បាន បើសិនជាមានគោលដៅទុច្ចរិតណាមួយល្មើសនឹងច្បាប់។
ការពន្យល់ផ្នែកច្បាប់របស់ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានធ្វើឡើងបន្ទាប់ពីមានសកម្មជនដីធ្លី អំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ជួយគាំទ្រចូលរួមក្នុងការធ្វើយុទ្ធនាការ ថ្ងៃចន្ទពណ៌ខ្មៅ ឲ្យបានច្រើនជាងមុន ដើម្បីទាមទារឱ្យរាជរដ្ឋាភិបាល និងតុលាការ ដោះលែងមន្រ្តីគ.ជ.ប, មន្រ្តីអាដហុក រួមទាំងអ្នកជាប់ឃុំមួយចំនួនទៀត។
លោក គឹម សន្តិភាព បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News យ៉ាងដូច្នេះថា៖ «យុទ្ធនាការនេះ គ្មានផ្តល់ផលប្រយោជន៍ណាមួយសោះដល់ជនដែលកំពុង ជាប់ឃុំខ្លួន ក្នុងបទល្មើសព្រហ្មទណ្ឌទាំងអស់នោះទេ! ផ្ទុយទៅវិញអ្នករៀបចំ អ្នកចូលរួមក្នុងយុទ្ធនាការនេះអាចប្រឈមនឹងផ្លូវច្បាប់ប្រសិនបើយុទ្ធនាការនេះ បម្រើឲ្យគោលដៅទុច្ចរិតណាមួយដែលច្បាប់បានកំណត់ថាជាបទល្មើស!»។
លោកបានបន្ថែមថា «គ្មានជម្រើសណាមួយក្រៅពីការអនុវត្តច្បាប់ចំពោះជនទាំងឡាយណា ដែលធ្វើសកម្មភាពប្រឆាំងនឹងច្បាប់នោះទេ ដើម្បីធានានូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងសង្គម! ការតវ៉ាផ្លូវច្បាប់តាមនីតិវិធីតុលាការ នោះទើបផ្តល់ផលប្រយោជន៍ដល់ជនទាំងនោះ!»៕