(ភ្នំពេញ)៖ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ នៅថ្ងៃចន្ទ ទី១៧ ខែមេសា ឆ្នាំ២០១៧នេះ បាន​បង្ហោះសារនយោបាយនៅលើបណ្តាញសង្គម Facebook ផ្ទាល់របស់លោកដោយហៅមហាអំណាចសហរដ្ឋអាមេរិកថាជា «ពួកចក្រពត្តិនិយម» ខណៈដែលអតីតមេដឹកនាំគណបក្សប្រឆាំងនេះ ក៏ធ្លាប់បានហៅលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកបច្ចុប្បន្នថាជា «ជនផ្តាច់ការ» ថែមទៀត។ ជុំវិញករណីនេះអ្នកវិភាគដ៏ល្បីបានលើកឡើងថា មេបក្សប្រឆាំងទាល់តែឃើញពលរដ្ឋខ្មែរសម្លាប់រាប់លាននាក់ ទើបហៅអាមេរិកថាជាពួកចក្រពត្តិនិយម ចំណែកឯនយោបាយរបស់ខ្លួនបែរជាគាំទ្រពេញទំហឹងពួកចក្រពត្តិនិយមទៅវិញ។

ជាមួយនឹងសារនយោបាយដែលរំលឹកដល់ ថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥ ដែលជាថ្ងៃខ្មែរក្រហមទទួលបានជ័យជំនះសាធារណរដ្ឋខ្មែររបស់លោកសេនាប្រមុខ លន់ នល់ ដែលគាំទ្រដោយសហរដ្ឋអាមេរិក ឬហៅម្យ៉ាងទៀតថា «ខ្មែរក្រហមវ៉ៃបែកទីក្រុងភ្នំពេញ» នោះ លោក សម រង្ស៊ី បានចាត់ទុកជ័យជំនះរបស់ខ្មែរក្រហមនោះថា ជាជ័យលើពួកពួកចក្រពត្តិនិយម។

លោក សម រង្ស៊ី បានសរសេរយ៉ាងដូច្នេះថា៖ «ក្រោយពីរបបខ្មែរក្រហមដឹកនាំដោយ ប៉ុល ពត (កុម្មុយនីស្តចំណុះចិន) បានដួលរលំ នៅឆ្នាំ ១៩៧៩ របបថ្មីដែលមកជំនួសដឹកនាំដោយ ហេង សំរិន (កុម្មុយនីស្តចំណុះយួន) បានបន្តអបអរសាទរយ៉ាងសប្បាយ ថ្ងៃ១៧ មេសា ១៩៧៥នេះ រហូតដល់ឆ្នាំ ១៩៨៤-១៩៨៥ ពីព្រោះរបបកុម្មុយនីស្តទាំង២នេះ ដណ្តើមគ្នាយកកេរ្តិ៍ស្នាដៃ “ជ័យជំនះ លើចក្រពត្តិនិយមអាមេរិក” ក្នុងថ្ងៃ១៧ មេសា ១៩៧៥ ដោយសារតែរបបទាំង២នេះជារបកុម្មុយនីស្តដូចគ្នា កើតចេញមកពីប្រភពកុម្មុយនីស្តតែមួយក្នុងឆ្នាំ១៩៥១»

កាលពីដើម ខែវិច្ឆិកា ឆ្នាំ២០១៦ មុនពេលការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក លោក សម រង្ស៊ី បានបង្ហាញជំហរគាំទ្រលោកស្រី ហ៊ីល ឡារី គ្លីនតុន ដែលជាបេក្ខជនប្រធានាធិបតី មកពីគណបក្សប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក ហើយបានហៅលោក ដូណាល់ ត្រាំ ថាជាមនុស្សគ្រោះថ្នាក់ ជាមួយនឹងការប្រៀបប្រដូច ប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះថា ជាជនផ្តាច់ការ។ លោកថ្លែងថា លោក ដូណាល់ ត្រាំ គឺជាជនផ្តាច់ការ។

លោកបានប្រាប់កាសែតខេមបូឌាដេលីថា យ៉ាងដូច្នេះថា «លោក ត្រាំ ហាក់ជឿជាក់លើអំណាចផ្ដាច់ការរបស់លុយ ហើយលោក ហ៊ុន សែន ហាក់ជឿជាក់អំណាចផ្ដាច់ការ របស់កាំភ្លើងបូករួមជាមួយនឹងលុយ។ លោក ត្រាំ និងលោក ហ៊ុន សែន ពិតជាមិនមែនអ្នកប្រជាធបិតេយ្យនោះទេ»។

អ្នកវិភាគនយោបាយដ៏ល្បីមួយរូបដែលមានរហ័ស្សនាមថា «បក្សីចាំក្រុង» បានចាត់ទុកថាថា ការបញ្ចេញសារនយោបាយរបស់ លោក សម រង្ស៊ី រំលឹកដល់ថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥នេះ គឺជាការឈឺចាប់ ចំពោះខ្មែរក្រហមនិងពួកចក្រពត្តិនិយម។

អ្នកវិភាគរូបនោះ បានបញ្ជាក់ថា «ដល់ពេលឃើញជើងឯក ទើបភ្ញាក់អាត្មាជេរអាមេរិកថា ជាចក្រពត្តិនិយម តែនយោបាយ គឺអាយ៉ងមេចក្រពត្តិនិយមទៅវិញ។ បើគ្រាន់បើគួរធ្វើលិខិតថ្កោលទោសអាមេរិក រឿងទំលាក់គ្រាប់បែកនៅកម្ពុជា និងទាមទារឱ្យអាមេរិកលុបបំណុលទៅ»

អ្នកវិភាគដដែលលើកឡើងថា ម្យ៉ាងទៀតដោយសារតែចង់បានគុណសម្បត្តិ ទើបបក្សភ្លើងទៀន និងបក្សព្រះអាទិត្យនាំគ្នាទៅគោរពវិញ្ញាណក្ខន្ធអ្នកស្លាប់ក្នុងរបបខ្មែរក្រហម។ ប៉ុន្តែអ្នកដែលវៃផ្តួល វៃកំទេចរបប និងអង្គការចាត់តាំងខ្មែរក្រហម យកខ្មែរក្រហមមកកាត់ទោស បែរជាចាត់ទុកជាសត្រូវរបស់ពួកគេទៅវិញ៕ (ខាងក្រោមនេះជាខ្លឹមសាររបស់លោក សម រង្ស៊ី បង្ហោះនៅលើ Facebook)