(សៀមរាប)៖ ក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០១៧ លើទឹកដីអង្គរនៃខេត្តសៀមរាប ដោយមានកិច្ចសហការជាមួយ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ទទួលបានជោគជ័យ ក្នុងការរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ និងសម្រួលចរាចរណ៍ ព្រមទាំងទទួលបានគាំទ្រយ៉ាងខ្លាំង ពីបងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញមកលេងកម្សាន្ត។
ក្នុងនាមកងកម្លាំងនគរបាលចរាចរណ៍ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលអញ្ជើញមកលេងកម្សាន្ត និងបានសហការជាមួយសមត្ថកិច្ច ធ្វើឲ្យការរៀបចំព្រឹត្តិការណ៍ អង្គរសង្រ្កាន្តឆ្នាំនេះ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។
លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា បានលើកឡើងទៀតថា ដោយមានការណែនាំ ពីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញ ពីឧត្តមសេនីយ៍ឯក ទូច ណារ៉ុថ អគ្គស្នងការរងនគរបាលជាតិ ក្នុងឱកាសព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧ នៅខេត្តសៀមរាប នាយកដ្ឋានប្រើប្រាស់កម្លាំងសរុបចំនួន១៦០នាក់ រថយន្តស៊ីរ៉ែនចំនួន១៥គ្រឿង និងម៉ូតូចំនួន១០គ្រឿង ដើម្បីរក្សាសណ្តាប់ធ្នាប់របៀបរៀបរយ សម្រួលចរាចរណ៍ និងបញ្ជៀសការកកស្ទះ នៅតាមគោលសំខាន់ ក្នុងបរិវេណប្រារព្វពិធី។
សូមជម្រាបថា ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិប្រមាណ១,៦លាន ទៅ១,៧លាននាក់ បានអញ្ជើញមកលេងកំសាន្តអង្គរសង្ក្រាន្គ ក្នុងរយៈពេល៤ថ្ងៃ ពោលគឺនៅថ្ងៃទី១៣, ១៤,១៥ និង១៦ ខែមេសា ឆ្នាំ២០១៧ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍។
នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នាឱកាសបុណ្យចូលឆ្នាំថ្មីនេះ កិច្ចការមានសភាពល្អប្រសើរ ប្រកបដោយសុវត្ថិភាព ពុំមានបញ្ហាអ្វីគួរឲ្យកត់សម្គាល់ឡើយ។
ព្រឹត្តិការណ៍អង្គរសង្ក្រាន្គលើទឹកដីខេត្តសៀមរាប បានផ្សព្វផ្សាយនូវវប្បធម៌ ប្រពៃណីខ្មែរ ចំរុះជាច្រើន ជូនដល់ទេសចរជាតិ និងអន្តរជាតិ។ ក្រៅពីនោះ នៅក្នុងព្រឹត្តិការណ៍នោះ ក៏មានការលេងល្បែងប្រជាប្រិយជាច្រើន និងការរាំលេងកម្សាន្តតាមបែបប្រពៃណីផងដែរ៕