(បារាំង)៖ ស្របពេលនៅថ្ងៃ​អាទិត្យ​​សប្តាហ៍ក្រោយ ប្រជាជនបារាំង​ជាង​៤៥​លាន​នាក់​ នឹងត្រូវ​ទៅ​​បោះឆ្នោតជ្រើសរើស​ប្រធានាធិបតីរបស់ខ្លួន ស្រាប់តែនៅថ្ងៃនេះស្ថាប័ន​អធិការកិច្ចរដ្ឋបាល​​បារាំង បាន​ប្រកាស​ឲ្យដឹងថា ​មានប្រជា​ពលរដ្ឋ​បារាំង​ប្រមាណចំនួន៥០ម៉ឺននាក់ ​មាន​ឈ្មោះពីរកន្លែងក្នុង​បញ្ជី​បោះឆ្នោត ពោល​គឺ​បាន​ទទួល​​បណ្ណ​បោះឆ្នោត​ពីរ នេះបើយោងតាមសារព័ត៌មានបារាំង ចេញផ្សាយថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧នេះ។

មានសំណួរថាបណ្ណបោះឆ្នោត២នេះ តើ​គេ​អាច​បោះឆ្នោត​បាន​ពីរ​ដងឬ ? ក្នុងច្បាប់របស់បារាំង បានចែងច្បាស់ថា ប្រជាជនបារាំងម្នាក់​មាន​សិទ្ធិ​បោះឆ្នោត​តែ​ម្តង​គត់! ជនណា​ល្មើស​ច្បាប់ ​ហ៊ាន​បោះឆ្នោត​ពីរ​ដង​នឹង​ត្រូវ​ទទួល​​ទោស​ជាប់ពន្ធនាគារ​ ៦​ខែ និង​ពិន័យ​ជា​ប្រាក់ជិត១៦០០០ដុល្លារអាមេរិក។

ជុំវិញបញ្ហាប្រជាជនមានឈ្មោះបោះឆ្នោតស្ទួននេះ ​និងស្របពេលការ​បោះឆ្នោតជុំទីមួយ​កាន់​តែខិត​មក​ដល់​ គណបក្ស​នយោបាយ​បាន​ព្រមាន​អំពី​ហានិភ័យ​ប្រជាធិបតេយ្យ​​ និង​លទ្ធផល​នៃ​ការ​បោះឆ្នោត ទៅ​កាន់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ស្នើឲ្យដោះស្រាយ​បញ្ហានេះ​ឱ្យ​បាន​មុន​ថ្ងៃ​បោះឆ្នោត​ជុំ​ទីមួយ ថ្ងៃទី២៣ ខែ​មេសា ឆ្នាំ២០១៧។

សារព័ត៌មានបារាំងជាច្រើន បាន​ផ្សាយឱ្យ​ដឹង​ថា ​ភាព​មិន​ប្រក្រតី​បែប​នេះ ភាគច្រើន​កើត​ឡើង​នៅ​ពេលពលរដ្ឋ​ធ្វើ​​ការ​ផ្លាស់​ប្តូរ​​លំនៅ​ដ្ឋាន ពី​ឃុំ​សង្កាត់​មួយ​ទៅ​ឃុំ​សង្កាត់​មួយ​ទៀត ហើយទៅ​​ចុះ​ឈ្មោះ​​ថ្មី​ក្នុង​បញ្ជី​បោះឆ្នោត​កន្លែង​រស់​នៅ​ថ្មី។ តាមធម្មតាឃុំ​សង្កាត់​នីមួយៗ គ្មាន​មធ្យោបាយ​ផ្ទៀង​ផ្ទាត់​ទេ ! ​ត្រូវ​​បញ្ជូន​បញ្ជី​ឈ្មោះ​ថ្មី​ទៅ​ឱ្យ​ ​វិទ្យាស្ថាន​ស្ថិតិ ធ្វើការផ្ទៀត​ផ្ទាត់ ​កែ​និង​លុប​ឈ្មោះ​ស្ទួន។ ប៉ុន្តែ​ពេល​ខ្លះ​មាន​បញ្ហាបាន​កើត​ឡើង​នៅ​ពេល​ផ្ទេរ​បញ្ជូន​ព័ត៌មាន​នោះ ទើប​មាន​សល់​ឈ្មោះ​ស្ទួន​យ៉ាង​ដូច្នេះ៕