(ព្យុងយ៉ាង)៖ បច្ចុប្បន្នស្ថានភាពជម្លោះរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើងឈានដល់ដំណាក់ក្តៅគគុកគួរព្រួយបារម្ភ និងក្លាយជាប្រធានបទដ៏រសើបទាក់ទាញមនុស្ស ទូទាំងពិភពលោកឱ្យចាប់អារម្មណ៍ និងចោទសំណួរថា តើវាអាចឈានដល់ការបំផ្ទុះសង្គ្រាមដែរទេ។

ខាងក្រោមនេះ ជាសេណារីយ៉ូប្រាំចំណុចដែលអាចធ្វើឱ្យស្ថានភាពកូរ៉េខាងជើង ឈានដល់ដំណាក់កាលក្តៅរហូតគ្រប់គ្រងលែងបាន៖

១៖ ប្រទេស កូរ៉េខាងជើងយល់ខុសថា សហរដ្ឋអាមេរិកនឹងបាញ់ប្រហារខ្លួន ហើយលោក គីម ជុងអ៊ុន នឹងធ្វើរឿងឆ្កួតឡប់ណាមួយដែលយើងមិនអាចព្យាករណ៍បាន៖
ប្រសិនប្រទេសកូរ៉េខាងជើងបារម្ភខ្លាចមហាអំណាចឈ្លានពានដែនដីរបស់ខ្លួន ហើយបញ្ចប់ជីវិតមេដឹកនាំ គីម ជុងអ៊ុន ឱ្យមានជោគវាសនា ដូចលោក Muammar Qaddafi អតីតមេដឹកនាំលីប៊ី ឬលោក Saddam Hussein អតីតមេដឹកនាំប្រទេស អ៊ីរ៉ាក់ជាដើមនោះ ជាហេតុនាំឱ្យកូរ៉េខាងជើងទប់ចិត្តលែងបាន និងគិតថា គួរតែធ្វើអ្វីម្យ៉ាងមុនពេល ត្រូវរងការឈ្លានពានពីសត្រូវរបស់ខ្លួន ដោយសារលោក ដូណាល់ ត្រាំ ចូលចិត្តធ្វើអ្វីដោយប្រញាប់ប្រញ៉ាល់ និងធ្វេសប្រហែសគ្មានការព្រមានទុកជាមុន។

កុំភ្លេចថាស្ថានភាពកូរ៉េខាងជើងខុសពីលីប៊ី ឬអ៊ីរ៉ាក់ ដោយសារកូរ៉េខាងជើងមានអាវុធនុយក្លេអ៊ែរ។ ជាមួយគ្នានេះដែរ ក្នុងទ្រឹស្តីកូរ៉េខាងជើង បានកំណត់ថា ការបំផ្ទុះសង្គ្រាម ជាមួយសហរដ្ឋអាមេរិក ដំបូងឡើយគឺត្រូវវាយប្រហារកូរ៉េខាងត្បូង ឬជប៉ុនជាមុនសិន ហើយដើម្បីការវាយប្រហារនេះកាន់តែមានប្រសិទ្ធភាពនោះ ចាំបាច់ត្រូវប្រើប្រាស់អាវុធ នុយក្លេអ៊ែរ ដែលវានឹងផ្តល់វិនាសកម្មដ៏មហិមា។ ដំណាក់កាលនេះ វាងាយណាស់នឹងធ្វើឱ្យស្ថានភាពជោរជន់ មិនអាចគ្រប់គ្រងបាន។

២៖ កូរ៉េខាងជើងញុះញុងបង្ករឿងកំញើញសត្រូវ ធ្វើឱ្យកូរ៉េខាងត្បូងឆ្លើយតបចំណុចនេះ គឺប្រសិនបើប្រទេស កូរ៉េខាងជើងបង្ករឿងខ្លាំងហួសហេតុពេក រហូតធ្វើឱ្យប្រទេស កូរ៉េខាងត្បូងបង្ខំចិត្តឆ្លើយតបវិញភ្លាមៗ។ វាពិបាកក្នុងការគិតដល់ ថាតើស្ថានភាពនេះ នឹងមានរឿងអ្វីកើតឡើង? ប្រទេសកូរ៉េខាងត្បូងថ្មីៗនេះ បានបង្កើនការប្តេជ្ញា ក្នុងឆ្លើយតបរាល់សកម្មភាពបង្កហេតុទាំងអស់របស់កូរ៉េខាងជើង។ រដ្ឋាភិបាលក្រុងសេអ៊ូលបច្ចុប្បន្ន កំពុងអភិវឌ្ឍន៍គ្រាប់មីស៊ីល គ្រូស និងបាលីស្ទីក ថែមទាំងបង្ហាញចេតនា ចង់សម្លាប់លោក គីម ជុងអ៊ុនថែមទៀតផង។ គំនិតរបស់កូរ៉េខាងត្បូងគឺកម្ចាត់មេដឹកនាំកូរ៉េខាងជើង ហេតុនេះមេដឹកនាំគីម ជុងអ៊ុន មិនអាចមានជីវិតដើម្បីបញ្ជាការ បាញ់ប្រហារអាវុធនុយក្លេអ៊ែរឡើយ។ ប៉ុន្តែប្រសិនបើការព្យាយាម និងបំណងរបស់កូរ៉េខាងត្បូងបរាជ័យមិនដូចការគ្រោងទុក ស្រមៃមើលតើនឹងមានរឿងអ្វីកើតឡើង?

៣៖ សហរដ្ឋអាមេរិកមើលស្រាលស្ថានការណ៍ តែបែរជាអនុញ្ញាតឱ្យវិបត្តិឈានដល់ដំណាក់ស្មុគស្មាញ រហូតដោះស្រាយលែងបាន៖ សេណារីយ៉ូទីបី គឺមានស្ថានភាពដូច នៅប្រទេស អ៊ីរ៉ាក់ដែរ។ ប្រសិនបើប្រធានាធិបតីអាមេរិកអះអាង និងមើលស្រាលថា លោកពិតជាអាចគ្រប់គ្រងស្ថានការណ៍បាន តែបែរជាត្រូវប្រទេសកូរ៉េខាងជើងបំបាក់មុខ ដោយបង្កហេតុម្តងហើយម្តងទៀត ដូចជាការបាញ់បង្ហោះគ្រាប់ម៉ីសីល រហូតដល់ទីបំផុតសហរដ្ឋអាមេរិកទទួលស្គាល់ថា មានការផ្តួលរំលំរបបរបស់កូរ៉េខាងជើងប៉ុណ្ណោះ ដែលជាជម្រើសតែមួយគត់ដើម្បី ដោះស្រាយបញ្ហា។ តែការផ្តួលរំលំមហាអំណាចនុយក្លេអ៊ែរមួយនេះ មិនមែនជារឿងងាយពេកនោះទេ។ អ្វីដែលគួរបារម្ភគឺថា រដ្ឋាភិបាល របស់លោក ដូណាល់ ត្រាំ បច្ចុប្បន្ន ដូចគ្នានឹងរដ្ឋាភិបាលក្រោមការដឹកនាំរបស់លោក ប៊ូស កាលពីឆ្នំា២០០៣កន្លងទៅនេះ ដែលបានប្រកាសថា ស្ថានភាពមានភាព ងាយស្រួល។ ទីបំផុតស្ថានការណ៍កាន់តែអាក្រក់ទៅៗ ច្របូកច្របល់រហូតគ្រប់គ្រងលែងបាន ដំណាក់កាលនេះជាអ្វីដែលយើង ពិបាកដោះស្រាយជាទីបំផុត។

៤៖ ការប្រឹងប្រែងផលិតអាវុធដើម្បីប្រកួតប្រជែងគ្នា អាចបង្កើតមហាអំណាចនុយក្លេអ៊ែរផ្សេងៗទៀតក្នុងតំបន់កាន់តែច្រើន កាន់តែគួរបារម្ភ៖ បច្ចុប្បន្នប្រទេសខ្លាំងៗ នៅអាស៊ីកំពុងប្រកួតប្រជែងគ្នា ក្នុងការផលិតមីស៊ីលគ្រូស។ សូមជម្រាបថា មិនមែនមានតែចិននោះទេ ដែលមានមីស៊ីលគ្រូស សូម្បីកូរ៉េខាងត្បូង និងតៃវ៉ាន់ក៏មានផងដែរ។ ចំណែកកូរ៉េខាងជើងជាប្រទេស ដែលមានគ្រាប់មីស៊ីលបាលីស្ទីកច្រើនជាងគេ។ ក្នុងពេលនេះ មានតែប្រទេសជប៉ុនប៉ុណ្ណោះដែលមិនទាន់ក្លាយជាដៃគូប្រកួតអាវុធ។

ប៉ុន្តែនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេធ្លាប់មានចេតនាចង់ទិញមីស៊ីល Tomahawk ពីសហរដ្ឋអាមេរិក ដើម្បីបង្កើនសមត្ថភាពការពារជាតិរបស់ជប៉ុន ហើយនេះក៏ជាការដាស់អារម្មណ៍ កូរ៉េខាងជើង និងចិន ខ្វាយខ្វល់ពីបញ្ហានេះផងដែរ។

ការឈ្លានពាន និងបង្កហេតុរបស់កូរ៉េខាងជើង អាចជាការជម្រុញជប៉ុនឱ្យបង្កើនវិស័យការពារជាតិរបស់ខ្លួន ហើយឆ្លើយតបចំពោះការឈ្លានពានពីសំណាក់កូរ៉េខាងជើង។ ហេតុនេះជាមូលហេតុមួយដែលជម្រុញឱ្យមហាអំណាចនុយក្លេអ៊ែរថ្មីៗផ្សេងទៀតជាក់ស្តែងជប៉ុន កើតឡើង ព្រមទាំងអាចបង្កអស្ថិរភាពក្នុងតំបន់។

៥៖ របបកុម្មុយនីសរបស់កូរ៉េខាងជើង ត្រូវដួលរំលំដោយកម្លាំងពីខាងក្នុង ប្រសិនបើកូរ៉េខាងជើងពិតជាដួលរលំមែននោះ ស្ថានភាពមិនអាចដូចជាប្រទេសអាល្លឺម៉ង់ ខាងកើតឡើយ។ ប្រទេសដ៏ដាច់ឆ្ងាយពីគេមួយនេះ ច្បាស់មានជោគវាសនាដូចគ្នាទៅនឹងប្រទេស បូស្នី លីប៊ី និងស៊ីរីជាដើម។ ជម្លោះក្នុងស្រុកបន្តកើតឡើង ខណៈដែលប្រទេសគ្មានអ្នកកាន់អំណាច ពេលនោះនឹងមានមនុស្សជាច្រើនក្រុម វាយប្រហារគ្នាដើម្បីដណ្តើមអំណាចគ្រប់គ្រងប្រទេសដ៏ហ្វឹកវរមួយនេះ និងកាន់កាប់អាវុធនុយក្លេអ៊ែរ តែស្ថានភាពនេះ វាមិនមែនជារឿងងាយស្រួលនោះទេ។ សាកល្បងគិតថា តើនឹងមានរឿងអ្វីកើតឡើងប្រសិនបើមហាអំណាចធំៗរួមមាន សហរដ្ឋអាមេរិក ចិន កូរ៉េខាងត្បូង និងប្រទេសផ្សេងទៀតលូកដៃក្នុងរឿងនេះ។ ថ្វីត្បីតសេណារីយ៉ូមួយនេះ មិនងាយកើតឡើង តែវាក៏អាចទៅរួចផងដែរ៕

បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា