Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រយៈពេល២ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ! គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ឆក់យកជីវិតមនុស្ស១១នាក់ និង៧២នាក់របួស

16-04-2017 06:38

(ភ្នំពេញ)៖ យ៉ាងហោចណាស់ មនុស្ស១១នាក់បានស្លាប់ ខណៈ៧២នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសរយៈពេល២ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ចាប់បីថ្ងៃទី១៤-១៥ ខែមេសា ឆ្នាំ២០១៧ នេះបើយោងតាមរបាយការណ៍ របស់នាយកដ្ឋាននគបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ។

របាយការណ៍ដដែលឲ្យដឹងទៀតថា រយៈពេល២ថ្ងៃនៃបុណ្យចូលឆ្នាំថ្មី មានគ្រោះថ្នាក់ចរាចរណ៍ចំនួន៣៨លើក បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុនឃើញថា ថយចុះ១២លើក ចំណែកអ្នកស្លាប់ធ្លាក់ចុះ១២នាក់ (ឆ្នាំ២០១៦ ស្លាប់២៣នាក់) និងអ្នករបួសធ្លាក់ចុះ២២នាក់ (ឆ្នាំ២០១៦ របួស៩៤នាក់)។

សម្រាប់មូលហេតុដែលបង្កឲ្យគ្រោះថ្នាក់ចរាចរណ៍រួមមាន បើកបរលឿន ស្រវឹង ប្រជែង មិនគោរពសិទ្ធិ បត់គ្រោះថ្នាក់ ងងុយដេក មិនប្រកាន់ស្តាំ និងកត្តាយានយន្តជាដើម។

ដោយមានការណែនាំពីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានអំពាវនាវដល់អ្នកបើកបរគ្រប់រូប​ ត្រូវគោរពច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ពិសេសសូមកុំបើកបរល្មើសល្បឿនកំណត់ កុំវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ និងកុំបើកបរក្នុងស្ថានភាពស្រវឹងឡើយ។

លោកឧត្តមសេនីយ៍ឯក បានបញ្ជាក់ទៀតថា ករណីនគរបាលត្រួតពិនិត្យឃើញល្មើសល្បឿនកំណត់ ឬមានជាតិស្រវឹងលើសកម្រិតកំណត់ ក្នុងពេលបើកបរនគរបាលចរាចរណ៍ នឹងធ្វើការពិន័យអន្តរការណ៍ តាមអនុក្រឹត្យលេខ៨៥ ស្តីពីការពីការពិន័យអន្តរការណ៍ ចំពោះអំពើល្មើស និងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឬកសាងសំណុំរឿងបញ្ជូន ទៅតុលាការតាមមាត្រា៧៧ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក៕