(ព្យុងយ៉ាង)៖ យោធាប្រទេសកូរ៉េខាងជើង បានលើកឡើងថា ខ្លួននឹងបាញ់ប្រហារទៅលើមូលដ្ឋានទ័ពសហរដ្ឋអាមេរិក និងបន្ទាយទ័ពសត្រូវរបស់ខ្លួន ព្រមទាំងវិមានខៀវ របស់ប្រធានាធិបតីកូរ៉េខាងត្បូងថែមទៀតផង ប្រសិនបើសង្គ្រាមពិតជាផ្ទុះឡើងពិតមែននោះ នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មាន Daily Mail ចេញផ្សាយនៅយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៧នេះ។
សេចក្តីព្រមានដ៏គួរបារម្ភនេះបានកើតឡើង បន្ទាប់ពីភាពតានតឹងរវាងប្រទេស កូរ៉េខាងជើង និងមហាអំណាចអាមេរិកបានឈានដល់ ដំណាក់កាលកើនកម្តៅជាលំដាប់។
ទីភ្នាក់ងារព័ត៌មាន AP ចេញផ្សាយដោយដកស្រង់សម្តីរបស់មន្ត្រីរដ្ឋាភិបាល កូរ៉េខាងជើង យ៉ាងដូច្នេះថា៖ ទីក្រុងព្យុងយ៉ាងត្រៀមខ្លួនរួចជាស្រេចហើយសម្រាប់សង្គ្រាម ប្រសិនបើលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកចង់ធ្វើ។ ចំណែក សេតវិមានសហរដ្ឋអាមេរិក ថ្លែងឲ្យដឹងថា កម្លាំងទ័ពសហរដ្ឋអាមេរិក បានត្រៀមជាស្រេចក្នុងការធ្វើ សង្រ្គាមជាមួយកូរ៉េខាងជើង នេះបើយោងតាមការលើកឡើង របស់មន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក។
ស្ថានការណ៍នៅឧបទ្វីបកូរ៉េឡើងកម្តៅបែបនេះ បន្ទាប់ពីអនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Han Song Ryol បានព្រមានថា ប្រទេសដ៏ឯកាមួយនេះ នឹងបាញ់សាកល្បងអាវុធប្រល័យលោក មួយគ្រាប់ទៀត «នៅពេលដែលយើងមើលឃើញថា វាជាពេលដ៏សាកសម» ហើយលោកបានលើកឡើងថា ស្ថានភាពនៅឧបទ្វីបកូរ៉េ នៅក្នុងពេលនេះកំពុងឈានដល់ដំណាក់កាលគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុត។ លោកអនុរដ្ឋមន្ត្រី Han Song Ryol បានលើកឡើងបែបនេះ ក្នុងបទសម្ភាសន៍ផ្តាច់មុខមួយ ជាមួយនឹងភ្នាក់ងារសារព័ត៌មាន AP ក្នុងទីក្រុង ព្យុងយ៉ាង នៅថ្ងៃសុក្រ ទី១៤ ខែមេសា ឆ្នាំ២០១៧នេះបើយោងតាមសារព័ត៌មាន AP ចេញផ្សាយមុននេះបន្តិច។
សូមជំរាបថា «សង្គ្រាមជាមួយកូរ៉េខាងជើង អាចកើតឡើងគ្រប់ពេលវេលា» នេះជាការព្រមានរបស់រដ្ឋមន្ត្រីការបរទេសចិន។ លោក Wang Yi ដោយបានបញ្ជាក់ផងដែរថា សង្គ្រាមនេះអាចនឹង «គ្មានអ្នកឈ្នះនោះទេ» ខណៈដែលភាពតានតឹងរវាងកូរ៉េខាងជើង ជាមួយសហរដ្ឋអាមេរិកបានកើនឡើងជាលំដាប់។
រដ្ឋមន្ត្រីការបរទេសរូបនេះ បានលើកឡើងថា សង្គ្រាមអាចនឹងផ្ទុះឡើងគ្រប់ពេលទាំងអស់ ហើយប្រសិនបើសង្គ្រាមកើតឡើង លទ្ធផលនៃសង្គ្រាមនេះ គឺគ្រប់គ្នាត្រូវចាញ់ ដោយគ្មានអ្នកឈ្នះនោះឡើយ។
ភ្លាមៗពីស្ថានការណ៍នៅកូរ៉េខាងជើងធ្ងន់ធ្ងរ, ប្រទេសរុស្ស៊ី បានចេញសេចក្តីថ្លែងការណ៍ និងអំពាវនាវឲ្យគ្រប់គ្នារក្សាការអត់ធ្មត់ ក្នុងកម្រិតខ្ពស់បំផុត ក្នុងន័យការពារ កុំឲ្យសង្គ្រាមផ្ទុះឡើងនៅតំបន់ឧបទ្វីបកូរ៉េ ជាពិសេសបន្ទាប់មានការវិភាគនានាលើកឡើងថា កូរ៉េខាងជើងនឹងធ្វើតេស្តនុយក្លេអ៊ែរ នៅថ្ងៃទី១៦ ខែមេសាខាងមុខ ខណៈដែលអាមេរិកបានបញ្ជូនកងនាវា ពិឃាតទៅឧបទ្វីបកូរ៉េ ដើម្បីត្រៀមទប់ទល់រឿងនេះ៕