(ភ្នំពេញ)៖ នៅមុនមួយថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ពោលគឺថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៧ម្សិលមិញ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងទូទាំងប្រទេសចំនួន២១ករណី ស្លាប់មនុស្ស១៤នាក់ និងរងរបួសធ្ងន់ស្រាល ៤១នាក់ នេះបើយោងតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ។
របាយការណ៍ដដែលបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ទាំង២១ករណីបានបង្កឲ្យខូចខាតម៉ូតូ២៥គ្រឿង រថយន្តតូច៤គ្រឿង និងរថយន្តធំ៥គ្រឿង គោយន្ត២គ្រឿង ហើយមូលហេតុដែលបង្កឲ្យគ្រោះថ្នាក់ចរាចរណ៍រួមមាន បើកបរលឿន ស្រវឹង ប្រជែង មិនគោរពសិទ្ធិ បត់គ្រោះថ្នាក់ ងងុយដេក មិនប្រកាន់ស្តាំ និងកត្តាយានយន្តជាដើម។
ដោយមានការណែនាំពីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងពិនិត្យឃើញគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងច្រើន ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានអំពាវនាវដល់អ្នកបើកបរគ្រប់រូប ត្រូវគោរពច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ពិសេសសូមកុំបើកបរល្មើសល្បឿនកំណត់ កុំវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ និងកុំបើកបរក្នុងស្ថានភាពស្រវឹងឡើយ។
លោកឧត្តមសេនីយ៍ឯក បានបញ្ជាក់ទៀតថា ករណីនគរបាលត្រួតពិនិត្យឃើញល្មើសល្បឿនកំណត់ ឬមានជាតិស្រវឹងលើសកម្រិតកំណត់ ក្នុងពេលបើកបរនគរបាលចរាចរណ៍ នឹងធ្វើការពិន័យអន្តរការណ៍ តាមអនុក្រឹត្យលេខ៨៥ ស្តីពីការពីការពិន័យអន្តរការណ៍ ចំពោះអំពើល្មើស និងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឬកសាងសំណុំរឿងបញ្ជូន ទៅតុលាការតាមមាត្រា៧៧ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក៕