(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលចូលចិត្តរស់នៅជីវិតប្រកបដោយប្រណិតភាព ហេតុនេះលោកនឹងមិនអនុញ្ញាតឱ្យកាតព្វកិច្ចជាប្រធានាធិបតី ជាក់ស្តែងដូចជាការបាញ់គ្រាប់មីស៊ីល Tomahak ៥៩គ្រាប់ទៅកាន់ប្រទេសស៊ីរីជាដើម រំខានដល់របៀបនៃការរស់នៅរបស់លោកនោះឡើយ។
នៅក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខជាមួយសារព័ត៌មាន Fox Business លោកប្រធានាធិបតី Trump បានពណ៌នាអំពីទិដ្ឋភាពមួយ នៅវិមាន Palm Beach របស់លោក ខណៈដែលលោកកំពុងចេញបញ្ជាឱ្យបាញ់ប្រហារកាលពីសប្តាហ៍មុន ហើយតាមរយៈការពណ៌នានេះឱ្យដឹងថា វាប្រៀបដូចជាការបរិភោគបង្អែមដ៏រីករាយមួយ ជាមួយប្រធានាធិបតីចិន លោក Xi Jinping។
ក្នុងពេលនោះ លោក Trump បានឈ្លក់វង្វេងនឹងរស់ជាតិដ៏ឆ្ងាញ់ពិសានៃចំណិតនំផ្អែមដែលមានរស់ជាតិសូកូឡា រហូតដល់ភ្លេចដល់ស្ថានភាពក្នុងប្រទេសស៊ីរី ដែលកំពុងរងការវាយប្រហារក្រោមបញ្ជារបស់លោកផ្ទាល់។
នៅពេលលើកឡើងពីនំខេក ប្រធានាធិបតីរូបនេះបានបញ្ជាក់ថា «ក្នុងពេលនោះ ខ្ញុំអង្គុយក្បែរតុមួយ យើងបានបញ្ចប់ការបរិភោគអាហារពេលល្ងាច ហើយយើងក៏ញាំបង្អែម។ យើងបានបរិភោគចំណិតនំសូកូឡាដ៏ឆ្ងាញ់ និងស្រស់ស្អាតបំផុត ដែលយើងមិនធ្លាប់បានភ្លក់ និងឃើញពីមុនមក។ លោកប្រធានាធិបតី Xi Jinping ពិតជារីករាយជាខ្លាំងជាមួយនឹងពេលវេលាបែបនេះ»។
នៅពេលលើកឡើងពីការវាយប្រហារ លោកប្រធានាធិបតី Trump បានលើកឡើងថា «ខ្ញុំបានប្រាប់លោក Xi ថា យើងទើបតែបានបាញ់គ្រាប់មីស៊ីល៥៩គ្រាប់ ទៅកាន់ប្រទេស អ៊ីរ៉ាក់»។ លោក Trump មិនបានដឹងទេថា លោកបានលើកឡើងខុសបែបនេះ រហូតទាល់តែអ្នកសារព័ត៌មានបញ្ជាក់ទើបលោកលើកឡើងថា «បាទ ការពិតគឺបាញ់ប្រហារទៅប្រទេស ស៊ីរី»។
ប្រធានាធិបតីមហាសេដ្ឋីវាល់លានដែលលង់នឹងប្រណិតភាពរូបនេះបន្តថា លោកចង់ត្រូវប្រាប់លោក Xi អំពីការវាយប្រហារនេះ ខណៈដែលពួកគេបរិភោគ អាហារពេលល្ងាចជាមួយគ្នា ដោយសារលោក Xi នឹងទៅប្រទេសចិនវិញ បន្ទាប់ពីការចំណាយពេលពេញមួយថ្ងៃនៅវិមាន Palm Beach»។ បន្ទាប់ពីដឹងដំណឹងនេះ លោក Xi បានបង្ហាញប្រតិកម្មដោយនៅស្ងៀមប្រហែល១០វិនាទី។ បន្ទាប់មកលោកបានស្នើអ្នកបកប្រែ ឱ្យបញ្ជាក់សារជាថ្មី ដែលនេះហាក់មិនមែន ជាសញ្ញានៃភាពរីករាយនោះទេ។
ប្រធានាធិបតីចិន បានលើកឡើងទៅកាន់ប្រធានាធិបតីអាមេរិកថា «ការប្រើប្រាស់ឧស្ម័នដើម្បីវាយប្រហារ ទៅលើក្មេងតូចៗ និងទារក ជារឿងមិនអីនោះទេ ហើយលោកផ្ទាល់ក៏មិនអីនោះដែរ»។
ការបរិភោគនំខេកសូកូឡា ជាការបញ្ចប់នូវដំណើរទស្សនកិច្ចរបស់ចិននៅសហរដ្ឋអាមេរិក ដែលបង្ហាញថា មេដឹកនាំពិភពលោក បានពិភាក្សាបញ្ហាពាណិជ្ជកម្មរវាង ប្រជាជាតិទាំងពីរ នឹងការឡើងកំដៅជុំវិញបញ្ហាកូរ៉េខាងជើង»។ លោកត្រាំ បានលើកឡើងបន្ទាប់ពីការចាកចេញរបស់លោក Xi ថា «យើងបានជម្រុញភាពរីកចម្រើន ក្នុងទំនាក់ជាមួយប្រទេស ចិន»។ «ទំនាក់ទំនងនេះត្រូវបានអភិវឌ្ឍន៍ឡើងដោយសារលោក Xi និងខ្ញុំផ្ទាល់។ យើងរំពឹងថា នឹងធ្វើកិច្ចជំនួបសារជាថ្មីរួមគ្នា ជាច្រើនដងថែមទៀត ក្នុងពេលអនាគត។ មនុស្សមិនត្រូវមើលងាយចំពោះអំណាចកិច្ចពិភាក្សា ដោយការញាំចំណិតនំខេកសូកូឡាដ៏ស្រស់ស្អាត និងឆ្ងាញ់ពិសារក្នុងទំនាក់ទំនងកាទូតនោះឡើយ៕
បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា