(ភ្នំពេញ)៖ ឯកសារវិភាគពីស្ថានការណ៍ពិតរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃប្រទេសកម្ពុជា មានចំណងជើងថា «ប្រាប់ពីការពិត» ដែលបានចេញផ្សាយកាលថ្ងៃទី១១ ខែមេសា ឆ្នាំ ២០១៧ ប្រៀបបាននឹងការយកញញួរទម្ងន់ដ៏ធ្ងន់សំពងទៅលើគណបក្សសង្គ្រោះជាតិ សង្គមស៊ីវិលជាតិ និងអន្តរជាតិ និងដូចជាការបង្រៀនអ្នកនយោបាយទាំងនោះ ឱ្យចេះធ្វើនយោបាយ និងមានសីលធម៌វិជ្ជាជីវៈទាំងក្នុងការធ្វើនយោបាយ និងការដឹកនាំមិនត្រូវនិយាយកុហកបោកប្រាស និងធ្វើប្រជាភិថុតរាស្ត្រ ដើម្បីបំពេញមហិច្ឆតាអំណាចរបស់ខ្លួន ដោយមិនបានគិតពីផលវិបាកដល់សន្តិភាព ការអភិវឌ្ឍ ការបង្រួបបង្រួមជាតិ និងស្ថិរភាពដែលកម្ពុជាកំពុងតែមានសព្វថ្ងៃនោះទេ។

របាយការណ៍នេះក៏បានធ្វើឱ្យបស្ទិមប្រទេស មួយចំនួនដែលគេសង្ស័យថា កំពុងតែលូកដៃជួយយ៉ាងសកម្មទៅលើបក្សប្រឆាំង និងចង្កោម នៃក្រុមអង្គការសង្គមស៊ីវិលដែល គាំទ្របក្សប្រឆាំងពីក្រោយ បានភ្លឺភ្នែក និងយល់ថាផែនការរបស់ខ្លួនគ្មានអ្វីជាសម្ងាត់នោះឡើយ។ រាស្ត្រខ្មែរនឹងមិនអនុញ្ញាតជាដាច់ខាតនូវការផ្លាស់ប្តូររបបគ្រប់គ្រងមួយ ដែលប្រឆាំងនឹងឆន្ទះប្រជាជនខ្មែរ និងរំលោភលើអធិបតេយ្យភាពកម្ពុជា។

កម្ពុជា គឺជាប្រទេសអធិបតេយ្យមួយ និងមានសេចក្តីថ្លៃថ្នូររបស់ខ្លួនក្នុងនាមជាប្រជាជាតិមួយនៅលើសកលលោក ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងមានទំនាក់ ទំនងស្មើមុខស្មើមាត់ជាមួយប្រទេសផ្សេងទៀត ទោះប្រទេសនោះតូចក្តី ធំក្តី។ តាមរយៈឯកសាររបស់ក្រសួងបរទេសពិភពលោក ជាពិសេសប្រទេសដែលមានទំនាក់ ទំនងជាមួយកម្ពុជា ព្រមទាំងអង្គការជាតិ និងអន្តរជាតិដែលបាននិងកំពុងបំពេញការងារនៅកម្ពុជា ឬតាមដានដំណើរវិវឌ្ឍន៍របស់កម្ពុជា នឹងបានយល់ច្បាស់ពីការពិត ស្តីពីស្ថានភាពលម្អិតនៃប្រទេសកម្ពុជា ដោយចេញពីកេរតំណែលប្រវត្តិសាស្ត្រ ច្បាប់ស្តីពីគណបក្សនយោវាយដែលទើបធ្វើវិសោធនកម្ម ដំណោះស្រាយលើបញ្ហាដីធ្លី ប្រព័ន្ធតុលាការ ការរំលោភក្រមសីលធម៌យ៉ាងធ្ងន់ធ្ងរ ដោយមន្ត្រីស៊ីវិលអន្តរជាតិមួយចំនួន ដែលកំពុងបំពេញការងារនៅកម្ពុជា សេរីភាពនៃការបញ្ចេញមតិ ច្បាប់ស្តីពីអង្គការ មិនមែនរដ្ឋាភិបាល និងអំពីបក្សប្រឆាំងនៅកម្ពុជា ដែលចូលចិត្តប្រើប្រាស់វោហាសាស្ត្ររើសអើងប្រឆាំងពូជសាសន៍ និងការស្អប់ខ្ពើម។

ការពិតដែលក្រុមមន្ត្រីបក្សប្រឆាំង អង្គការជាតិ និងអន្តរជាតិព្រមទាំងប្រទេសមួយចំនួន ធ្វើមិនដឹងមិនឮ ព្រមទាំងនាំគ្នាបន្ទរថាកម្ពុជា គ្មានសិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យ និងបាននាំគ្នាគាំទ្របុព្វហេតុបក្សប្រឆាំង ដែលមានអាជីពធ្វើជាជនរងគ្រោះនិយម ខណៈពួកគេធ្វើសកម្មភាពនយោបាយយ៉ាងសេរី រាប់ទាំងការជេរប្រមាថ កាត់តរូបភាពប្រមាថ រំលោភបំពានច្បាប់ផ្សេងៗ បញ្ឆេះកំហឹងវណ្ណៈសង្គម បញ្ឆេះកំហឹងរើសអើងជាតិសាសន៍ប្រឆាំងជនជាតិវៀតណាម និងបង្កចលាចលក្នុងសង្គមផ្សេងៗ រួមនឹងប្រើប្រាស់ ផែនទីកន្លែងក្លាយ ក្លែងក្លាយ សិទ្ធិសញ្ញាព្រំដែន និងការមិនទទួលស្គាល់ថា មានរបបខ្មែរក្រហមប្រល័យពូជសាសន៍ជាដើម។

នៅពេលដែលរាជរដ្ឋាភិបាលចាក់ចំចំណុចរសើបរបស់ខ្លួនទាំងបក្សប្រឆាំង និងសង្គមស៊ីវិលបានប្រតិកម្មតប ដោយបានលើកឡើងអ្វីដែលរាជរដ្ឋាភិបាល​លើកឡើង គឺជាការ មិនពិត និងថាជាការទម្លាក់កំហុសទៅលើអ្នកដទៃទៅវិញ ខណៈការលើកឡើងនៅក្នុងរបាយការណ៍គឺបង្ហាញថាច្បាស់ៗថា ទាំងបក្សប្រឆាំង និងសង្គម ស៊ីវិលបាននិងកំពុង ដើរតាមខ្សែញាក់របស់បរទេស រំលោភច្បាប់ និងរើងអើងប្រកាន់ពូជសាសន៍ក្នុងបំណងបង្កបញ្ហាចលាចលនៅកម្ពុជា អស្ថិរភាព និងបំផ្លាញសុខសន្តិភាដែលកម្ពុជា ទើបនឹងទទួកបានពីរទសវត្សរ៍មកនេះ។ ទាំងបក្សប្រឆាំង និងសង្គមស៊ីវិលតែងតែឆ្លៀតយកចំណេញនយោបាយដោយយកឈ្មោះប្រជារាស្ត្រមកប្រើ ទោះបីជាខ្លួនបានប្រព្រឹត្តខុសច្បាប់ ប៉ុន្តែបានព្យាយាមក្នុងការ បំភ្លៃ បំផ្លើស បំប៉ោង និងបំភាន់ព័ត៌មានដែរ។

នៅចំពោះមុខរបាយការណ៍លម្អិតស្ថានភាពពិតរបស់កម្ពុជានេះ ក្រុមបក្សប្រឆាំង និងសង្គមស៊ីវិល ព្យាយាមក្នុងការគេចវេសឆ្លើយបកស្រាយឱ្យចំបញ្ហាចោទ ប៉ុន្តែបានពង្វាង ដាននិយាយបញ្ហាផ្សេង។ នេះជាចរិតពិតនៃក្រុមអ្នក នយោបាយអង្ករកំប៉ុង និងមន្ត្រីសង្គមស៊ីវិលបម្រើបរទេស និងអ្នកវិភាគឯករាជ្យសំបកក្រៅដូរបាយដែលមិនហ៊ាន ទទួលស្គាល់ការពិតនៅកម្ពុជា និងទង្វើពិតដែលខ្លួនបានប្រព្រឹត្ត។

ប្រជាជនកម្ពុជាជឿជាក់ថាឯកសារ «ប្រាប់ពីការពិត»នេះ នឹងធ្វើឱ្យបក្សប្រឆាំងភ្ញាក់ខ្លួន អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិមួយចំនួនផ្តោតលើគោល​ការណ៍អព្យាក្រឹត្យរបស់ ខ្លួន ហើយបស្ទិមប្រទេសមួយចំនួនគិតគូរពីភាពស្មើភាពគ្នា និងមិនជ្រៀតជ្រែកចូលកិច្ចការ ផ្ទៃក្នុងរបស់កម្ពុជា។

កម្ពុជាដែលរងគ្រោះដោយសារតែឥទ្ធិពល នៃការលូកដៃរបស់បរទេសនាអតីតកាល និងពិតជាឆ្អែតឆ្អន់នឹងសង្គ្រាមហែកហួររវាងជាតិសាសន៍ឯង។ ឥឡូវនេះកម្ពុជាកំពុងរស់ នៅក្នុងសុខសន្តិភាព ការអភិវឌ្ឍ ដែលកម្ពុជាគឺជាអ្នកបញ្ចប់សង្គ្រាមស៊ីវិល ដោយខ្លួនឯងជាមួយការដាក់ចុះអនុវត្តនូវនយោបាយឈ្នះ-ឈ្នះ បញ្ចប់អង្គការចាត់តាំង នយោបាយ និងយោធារបស់ខ្មែរក្រហម ខណៈអាជ្ញាធរបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅកម្ពុជា (អ៊ុនតាក់) មិនអាចធ្វើបាននៅក្នុងបេសកកម្មរបស់ខ្លួន ដែលចំណាយថវិកាប្រមាណ២ពាន់លានដុល្លារអាមេរិក ព្រមទាំងមន្ត្រីបុគ្គលិកស៊ីវិល យោធាជាច្រើនម៉ឺននាក់។

កម្ពុជាមានរបៀបនៃការដឹកនាំ និងការគ្រប់គ្រងប្រទេស ការអភិវឌ្ឍរបៀបកម្ពុជា ហើយគេមិនអាចចាប់បង្ខំឱ្យកម្ពុជាទទួលយក អ្វីដែលគេចូលចិត្ត តែមិនអាចអនុវត្តបាននៅ កម្ពុជានោះទេ។ ដូច្នេះបក្សប្រឆាំង សង្គមស៊ីវិល និងបស្ទិមប្រទេសមួយចំនួនដែលបាន និងកំពុងមានបំណងមិនល្អមកលើកម្ពុជាគួរកែប្រែឥរិយាបថ និងទទួលស្គាល់ នូវការពិតរបស់កម្ពុជា។ ការពិតដែលកម្ពុជាមានគឺកំពុងដើរលើផ្លូវត្រូវ និងពោរពេញដោយសន្តិភាព និងការអភិវឌ្ឍ ហើយកម្ពុជាមិនត្រូវការសង្គ្រាមបំផ្លិចបំផ្លាញទៀតហើយ ព្រោះប្រជាជនកម្ពុជាឆ្អែត ហើយក្នុងដំណើរជីវិតឆ្លងកាត់ដោយឈាម និងទឹកភ្នែកនេះ ហើយពេលនេះគឺជាពេលវេលា ដែលរាស្ត្រខ្មែរសប្បាយរីករាយ និងត្រៀមស្វាគមន៍ ទទួលទេព្តាឆ្នាំថ្មី ប្រពៃណីខ្មែរ!!!

ដោយ៖ ចៅចាក់ស្មុក (ខាងក្រោមនេះលិខិតក្រសួងការបរទេស)