(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារបានបញ្ជាក់ឡើងវិញថា សហរដ្ឋអាមេរិក បានត្រៀមខ្លួនរួចហើយ ដើម្បីដោះស្រាយជាមួយ កូរ៉េខាងជើង ដោយគ្មានចិន នៅក្នុងករណីចាំបាច់ ហើយដែលពាក្យនេះលោកក៏ធ្លាប់និយាយដែរ មុននឹងបញ្ជាឱ្យបើកការវាយប្រហារ លើស៊ីរីកាលពីសប្ដាហ៍មុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃអង្គារ ទី១១ ខែមេសា ឆ្នាំ២០១៧។
លោក ត្រាំ បានសរសេរនៅលើ Twitter ដូច្នេះថា៖ «កូរ៉េខាងជើង កំពុងរករឿងដាក់ខ្លួនឯង (...) បើសិនជាចិនសម្រេចចិត្តថា ព្រមជួយវាគឺរឿងល្អបំផុត ក៏ប៉ុន្តែបើពួកគេ មិនជួយក៏មិនអីដែរ យើងនឹងដោះស្រាយបញ្ហាដោយគ្មានពួកគេ។ ម្យ៉ាងវិញទៀត ខ្ញុំក៏បានពន្យល់ប្រាប់ប្រធានាធិបតីចិនហើយដែរ (លោក ស៊ី ជិនពីង)ថា កិច្ចព្រមព្រៀង ពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក នឹងល្អប្រសើរសម្រាប់ទីក្រុងប៉េកាំង បើសិនជាព្រមជួយយើងដោះស្រាយបញ្ហាកូរ៉េខាងជើង»។
គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ លោក ដូណាល់ ត្រាំ បានបញ្ជាឱ្យយោធាអាមេរិកបាញ់មីស៊ីល៥៩គ្រាប់ លើមូលដ្ឋានទ័ពអាកាសស៊ីរី ជាការសងសឹកទៅនឹងការ ប្រើប្រាស់អាវុធគីមី។ ក៏ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់ គឺលោក ត្រាំ បែរជាយកពេលវេលាទទួលទានអាហារពេលល្ងាចជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីន ប្រើកម្លាំង យោធាលើស៊ីរីទៅវិញ ដែលនេះធ្វើឱ្យក្រុមអ្នកជំនាញយល់ថា ទីក្រុងវ៉ាស៊ីនតោន ចង់បញ្ជូនសារទៅកាន់ចិនឱ្យ ត្រៀមខ្លួនការពារកូរ៉េខាងជើង បើនៅតែមិនអើពើបណ្ដោយ ឱ្យទីក្រុងព្យុងយ៉ាង បង្ករឿងនៅក្នុងតំបន់តាមតែទំនើងចិត្ត។ ត្បិតតាមរយៈការវាយប្រហារ នេះបញ្ជាក់ថា សហរដ្ឋអាមេរិក របស់លោក ដូណាល់ ត្រាំ មិនស្ទាក់ស្ទើរជា ដាច់ខាតក្នុងការប្រើប្រាស់កម្លាំងយោធាលើកូរ៉េខាងជើង បើសិនវាចាំបាច់ត្រូវ តែធ្វើវាមែននោះ៕