(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ ធនាគារជាតិនៃកម្ពុជា ដឹកនាំដោយលោក ជា ចាន់តូ ទេសាភិបាល បានប្រារព្ធពិធីសូត្រមន្ដលើរាសី ជ័យមង្គលសេរីសួរស្ដី ទទួលអំណរសាទរទេវតាឆ្នាំថ្មី គោលបំណងសុំនៅពរជ័យ សិរីសួស្តីគ្រប់ប្រការពីទេវតាឆ្នាំថ្មី ដល់ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ ព្រមទាំងប្រជាពលរដ្ឋ ក្នុងប្រទេសកម្ពុជាទាំងអស់ ឲ្យជួបតែសេចក្តីសុខចម្រើន ទទួលបានជោគជ័យបន្ថែមទៀត នៅគ្រប់ភារកិច្ចរបស់ខ្លួន នាឱកាសបុណ្យចូលឆ្នាំ ប្រពៃ​ណី​ជាតិខ្មែរ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ខាងមុខនេះ។

ក្នុងឱកាសឆ្នាំថ្មីនេះ លោក ជា ចាន់តូ បានបួងសួងដល់តេជះ បារមីនៃវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ទេវតារក្សាព្រះរាជាណាចក្រកម្ពុជា ជាពិសេសទេវតាឆ្នាំថ្មី ព្រះនាម កិមិរាទេវី សូមជួយអភិបាលគ្រងរក្សា ប្រោះព្រំ ប្រសិទ្ធពរ បវរមហាប្រសើរថ្វាយជូន ​ព្រះករុណា​​ព្រះបាទ​សម្ដេចព្រះ​បរមនាថ ​នរោត្ដម ​សីហ​មុនី ​និង​សម្ដេចព្រះ​មហាក្សត្រី ​នរោត្ដម ​មុនិនាថ ​សីហនុ ព្រមទាំង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងប្រជាជនខ្មែរទាំងអស់ សូមជួបប្រទះដោយ ពុទ្ធពរទាំង៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕