(ភ្នំពេញ)៖ នៅលើ Facebook របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា កម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» លើកទី១១ បានរកឃើញជ័យលាភីលេខ១ (TOP-1) ហើយ បន្ទាប់ពីបើកឲ្យមាន ការបោះឆ្នោតជ្រើសរើស ចាប់ផ្តើមពីថ្ងៃទី៧ ដល់ទី៩ ខែមេសា ឆ្នាំ២០១៧។  

Facebook របស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «សូមអបអរសាទរ បេក្ខជន ឈូក ខេមរា ដែលទទួលបានសម្លេងបោះឆ្នោតគាំទ្រចំនួន (6,206 Likes) លើវិញ្ញាសារ កំណាព្យ/អត្ថបទ៖ សម័យតេជោ នៅក្នុងការប្រកួតប្រជែង ក្នុងកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» លើកទី១១ ដែលបាន​បញ្ចប់​ការបោះឆ្នោតនៅលើ Facebook សម្តេចតេជោ​នាយករដ្ឋមន្ត្រី»។

ចំពោះបេក្ខជន​ បេក្ខនារី ដែលជាប់ TOP-1 និង TOP-10 ទាំងអស់នឹងមកទទួលពានរង្វាន់សម្តេចតេជោ នៅវិមានសន្តិភាព នៅពេលឆាប់ៗខាងមុខនេះ។

ការប្រកួតប្រជែងកសាងអំពើល្អ «ខ្ញុំជាយុវជនគំរូកម្ពុជា លើកទី ១២» នឹងបើកទទួលពាក្យនៅពេលឆាប់ៗខាងមុខនេះ។

សូមជម្រាបថា កម្មវិធី «ខ្ញុំជាយុវជនគំរូ» រៀបចំឡើងក្រោមការផ្តួចផ្តើម របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីឲ្យយុវជនចូលរួមក្នុង កិច្ចការងារសង្គម ជៀសឆ្ងាយអំពើអបាយមុខ និងគ្រឿងញៀនជាដើម។ ម្ចាស់ជយលាភីទាំងអស់ សុទ្ធតែទទួលបានលិខិត សរសើរពីសម្តេចតេជោ រួមទាំងរង្វាន់ផងដែរ៕