Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាចនឹងផ្ទុះសង្គ្រាមទេ ! សហរដ្ឋអាមេរិកបញ្ជូនកងនាវាចម្បាំងទៅកាន់ឧបទ្វីបកូរ៉េ ក្រោយវាយប្រហារលើមូលដ្ឋានទ័ពស៊ីរី

09-04-2017 09:07

(វ៉ាស៊ីនតោន)៖ កងនាវាផ្ទុកយន្ដហោះចម្បាំងអាមេរិកមួយក្រុម នឹងធ្វើដំណើរទៅកាន់តំបន់មហាសមុទ្រប៉ាស៊ីហ្វិកក្បែរឧបទ្វីបកូរ៉េ នៅក្នុងបរិបទដែលការ ព្រួយបារម្ភលើការរីកចំរើនទៅមុខនៃកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងចេះតែកើនឡើងជាលំដាប់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ០៩ ខែមេសា ឆ្នាំ២០១៧។

​យោងតាម Reuters មន្ត្រីអាមេរិកម្នាក់ថ្លែងនៅក្នុងលក្ខខណ្ឌមិនបញ្ចញឈ្មោះ បានឱ្យដឹងថា ក្រុមនាវាផ្ទុកយន្ដហោះអាមេរិកឈ្មោះថា Carl Vinson នឹង ធ្វើដំណើរតម្រង់ទៅកាន់តំបន់ឧបទ្វីបកូរ៉េ ក៏ប៉ុន្តែទន្ទឹមគ្នាមន្ត្រីរូបនេះ មិនបានបញ្ជាក់អ្វីបន្ថែមលើសពីនេះនោះទេ ដោយគ្រាន់តែនិយាយយ៉ាងខ្លីថា៖ «ការបង្កើនវត្តមានយោធាអាមេរិកបន្ថែមគឺជារឿងចាំបាច់ត្រូវតែធ្វើ ខណៈទីក្រុងព្យុងយ៉ាង នៅតែបន្តប្រកាន់អាកប្បកិរិយាបង្ករឿង»។ យ៉ាងណាមិញក្រុមអ្នក ជំនាញមួយចំនួនមើលឃើញថា ការបញ្ជូនកងនាវាចម្បាំងនេះមាន គោលបំណងកំញើញកូរ៉េខាងជើង កុំឱ្យធ្វើអ្វីតាមតែទំនើងចិត្ត បន្ទាប់ពីសហរដ្ឋអាមេរិក របស់លោក ដូណាល់ ត្រាំ បាន បានព្រមានកូរ៉េខាងជើង ដោយប្រយោលតាមរយៈការបាញ់មីស៊ីលជាង៦០គ្រាប់ លើមូលដ្ឋានទ័ពស៊ីរី។

គួររំលឹកជូនថា នៅក្នុងឆ្នាំ២០១៧នេះ មន្ត្រីកូរ៉េខាងជើង រួមទាំង លោក គីម ជុងអ៊ុនផ្ទាល់ បានព្រមានជាច្រើនដងថា ទីក្រុងព្យុងយ៉ាងនឹង បាញ់សាកល្បង មីស៊ីលផ្លោងអន្តរទ្វីប ICBM ឬការបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរជាលើកទី០៦ ដែលទំនងជាអាចនឹងធ្វើឡើងនៅចំថ្ងៃប្រារព្ធ ខួបកំណើតលើកទី១០៥ នៃ បិតាស្ថាបនិកកូរ៉េខាងជើង លោក គីម អ៊ីលស៊ុង (ជីតារបស់លោក គីម ជុងអ៊ុន) នៅថ្ងៃទី១៥ ខែមេសានេះ៕