(ព្យុងយ៉ាង)៖ ប្រទេសកូរ៉េខាងជើងនៅថ្ងៃសៅរ៍នេះ បានលើកឡើងថាការវាយប្រហារមីស៊ីល របស់សហរដ្ឋអាមេរិក ទៅលើមូលដ្ឋានទ័ពអាកាស ស៊ីរីនាថ្ងៃសុក្រសប្តាហ៍នេះ គឺជាទង្វើឈ្លានពានមិនអាចលើកលែងឲ្យបានដាច់ខាត ដែលបានបង្ហាញថាការសម្រេចរបស់របបដឹកនាំទីក្រុងព្យុងយ៉ាង ក្នុងការបន្តអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរជាជម្រើសដ៏ត្រឹមត្រូវបំផុត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃសៅរ៍ ទី០៨ ខែមេសា ឆ្នាំ២០១៧។
ការឆ្លើយតបខាងលើ របស់ក្រសួងការបរទេសកូរ៉េខាងជើង ត្រូវបានពាំនាំបន្តដោយទីភ្នាក់ងារព័ត៌មាន KCNA ហើយវាគឺជាសេចក្តីថ្លែងការណ៍ លើកទីមួយ របស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង បន្ទាប់ពីនាវាចម្បាំងអាមេរិក បានមីស៊ីលជិត៦០គ្រាប់ចេញពីសមុទ្រមេឌីទែរ៉ាណេ ទៅលើបន្ទាយ យោធាជើងអាកាសមួយកន្លែងរបស់រដ្ឋាភិបាលស៊ីរី ដែលមន្ទីបញ្ចកោណបានអះអាងថា មានជាប់ពាក់ព័ន្ធនៅក្នុងការវាយប្រហារដោយអាវុធគីមី កាលពីដើមសប្តាហ៍នេះនៅភាគពា័ព្យប្រទេសក្នុងតំបន់មជ្ឈឹមបូព៌ានេះ។
ទីភ្នាក់ងារព័ត៌មាន KCNA បានលើកឡើងថា «ការវាយប្រហារមីស៊ីលអាមេរិក ប្រឆាំងនឹងប្រទេសស៊ីរី ស្តែងឲ្យឃើញពីទង្វើឈ្លានពានយ៉ាងជាក់ច្បាស់និងពុំអាចលើកលែងឲ្យបានមួយ រំលោភទៅលើដែនអធិបតេយ្យភាពរបស់ប្រជាជាតិដទៃ ហើយយើងថ្កោលទោសដាច់ខាតចំពោះរឿងនេះ»។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានបន្តថា «ធាតុពិតនៃទង្វើនេះបានបញ្ជាក់ថា ការសម្រេចចិត្តរបស់យើងក្នុងការពង្រឹងអានុភាពយោធារបស់យើង ដើម្បីត្រៀមតទល់ជាមួយសត្រូវ គឺជាជម្រើសដ៏ត្រឹមត្រូវជាទីបំផុត»។
គួរបញ្ជាក់ថា ការវាយប្រហារមីស៊ីលចំនួន៥៩គ្រាប់របស់អាមេរិក ទៅលើប្រទេសស៊ីរី បានបណ្តាលឲ្យមនុស្សចំនួន១៤នាក់ស្លាប់ ដោយនៅក្នុងចំណោមនោះមានជនស៊ីវិល០៩នាក់ បូករួមទាំងស្រ្តីនិងកុមារ៕