(ស៊ុយអែត)៖ បន្ទាប់ពីរថយន្តដឹកឥវ៉ាន់ធុនធំមួយគ្រឿង បានបើកបំបុកចូលទៅក្នុងហាងលក់ទំនិញមួយកន្លែង ដែលស្ថិតជាប់ដងផ្លូវសម្រាប់អ្នកថ្មើរជើងដ៏មមាញឹក នៅចំកណ្តាលទីក្រុង Stockholm នាយករដ្ឋមន្រ្តីស៊ុយអែត លោក Stefan Lofven បានចេញសេចក្តីថ្លែងការណ៍ចាត់ទុកទង្វើនេះថាគឺជាអំពើរភេរវកម្ម ខណៈជនសង្ស័យម្នាក់ត្រូវបានចាប់ឃាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃសុក្រ ទី០៧ ខែមេសា ឆ្នាំ២០១៧។
លោកនាយករដ្ឋមន្រ្តីស៊ុយអែត បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ប្រទេសរបស់លោកបានទទួលរងការវាយប្រហារ ខណៈអ្វីៗគ្រប់យ៉ាងបានចង្អុលបង្ហាញថា ជាអំពើភេរវកម្មទាំងស្រុង ហើយលោក Lofven ក៏បានឲ្យដឹងដែរថា បុគ្គលម្នាក់ដែលអាចជា អ្នកបើករថយន្តបង្កហេតុ ត្រូវបានប៉ូលិសចាប់ខ្លួនភ្លាមៗ។ នៅក្នុងហេតុការណ៍ដ៏តក់ស្លុតនេះ មនុស្សយ៉ាងតិចចំនួនបីនាក់បានបាត់បង់ជីវិត និងជាច្រើននាក់ផ្សេងទៀតបានទទួលរងរបួសជាទម្ងន់ បន្ទាប់ពីរថយន្តហោះធុនធំមួយគ្រឿង បានបោះពួយសំដៅទៅរកក្រុមមនុស្សនៅលើផ្លូវ Drottninggatan ឬ Queen Street ដែលផ្លូវសម្រាប់អ្នកថ្មើរជើងដ៏មមាញឹកបំផុតមួយប្រចាំរដ្ឋធានី Stockholm នៃប្រទេសស៊ុយអែត ។
គួរបញ្ជាក់ថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការវាយប្រហារមួយចំនួនដែលពាក់ព័ន្ធ នឹងការបើករថយន្តបំបុកមនុស្ស បានកើតមានឡើងនៅក្នុងតំបន់អឺរ៉ុប ហើយភាគច្រើនអំពើទាំងនេះគឺជាស្នាដៃដ៏ខ្មៅងងឹតរបស់ក្រុមភេរវករ ISIS ក៏ប៉ុន្តែសោកនាដកម្មនៅក្នុងទីក្រុង Stockholm ប្រទេសស៊ុយអែតនាថ្ងៃសុក្រនេះ ពុំទាន់ត្រូវបានក្រុមមួយណាចេញមុខអះអាងថាជាទង្វើរបស់ខ្លួននៅឡើយទេ៕