Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមហ៊ុន វេង តិចឡា បដិសេធថា គម្រោងសាងសង់ដែលអាជ្ញាធររាជធានីភ្នំពេញ សម្រេចផ្អាក​បណ្តោះអាសន្ន​នៅខណ្ឌ​មានជ័យ មិនមែនជារបស់ក្រុមហ៊ុនខ្លួនឡើយ !

07-04-2017 09:30

(ភ្នំពេញ)៖ បន្ទាប់ពីមានការប្រកាស របស់អាជ្ញាធររាជធានីភ្នំពេញ ថាឲ្យបញ្ឈប់ជាបណ្ដោះអាសន្ន ការសាងសង់លូប្រអប់ និងសំណង់ផ្ទះល្វែង ដែលសាងសង់មិនបានត្រឹមត្រូវតាមស្ដង់ដារបច្ចេកទេស របស់ក្រុមហ៊ុន វេង តិចឡា នៅខណ្ឌមានជ័យ កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧កន្លងទៅនេះ ត្រូវបានក្រុមហ៊ុន វេង តិចឡា ​ចេញមុខបដិសេធភ្លាមៗថា ការដ្ឋាន និងសំណង់ផ្ទះល្វែង ដែលអាជ្ញាធររាជធានីភ្នំពេញ បញ្ជាឲ្យផ្អាកបណ្តោះអាស្នននេះ មិនមែនជាគម្រោងរបស់ក្រុមហ៊ុន វេង តិចឡា នោះទេ គឺជាការយល់ច្រឡំរបស់អាជ្ញាធរប៉ុណ្ណោះ។

តំណាងក្រុមហ៊ុន វេង តិចឡា បានចេញមកបំភ្លឺថា ក្រុមហ៊ុនមិនមានអ្វីពាក់ព័ន្ធទៅនឹង គម្រោងសង់លូប្រអប់ និងផ្ទះល្វែងខាងលើនោះឡើយ ហើយវាជារបស់ក្រុមហ៊ុនគេផ្សេង។

ក្រុមហ៊ុន វេង តិចឡា បានសង្កត់ធ្ងន់ថា «សម្រាប់គម្រោងទាំងពីរនេះ ជាគម្រោងរបស់ក្រុមហ៊ុនផ្សេងនោះទេ យើងមិនមានអ្វីពាក់ព័ន្ធនោះឡើយ ដូចនេះការប្រកាស បញ្ឈប់ជាបណ្ដោះអាសន្ន លើការសាងសង់គម្រោងខាងលើ ថាគម្រោងជារបស់ក្រុមហ៊ុនយើងខ្ញុំ បានធ្វើឲ្យប៉ះពាល់ ទៅដល់កិត្ដិយសរបស់ក្រុមហ៊ុនយើងយ៉ាងខ្លាំង ហើយនេះហេតុធ្វើឲ្យមតិមហាជននានា ​មានការយល់ច្រឡំផងដែរ»

សូមជម្រាបថា នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧ កន្លងទៅនេះ លោក អៀង អូននី អភិបាលរងរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញចុះពីនិត្យការដ្ឋានធ្វើលូ និងសំណង់ផ្ទះល្វែង ដែលអាជ្ញាធរអះអាងថា ជារបស់ក្រុមហ៊ុនវេងតិចឡា ដែលស្ថិតក្នុងភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដោយអាជ្ញាធររាជធានីភ្នំពេញ បានសម្រេចបញ្ឈប់​ជាបណ្ណោះអាសន្ន ក្រោយពីក្រុមការងារពិនិត្យឃើញថា ក្រុមហ៊ុនខាងលើសាងសង់លូប្រអប់មិនត្រឹមត្រូវ តាមស្តង់ដារ​បច្ចេកទេស ហើយសំណង់ផ្ទះល្វែងត្រូវបានសង្ស័យថា សាងសង់មិនមានច្បាប់​និងរំលោភលើប្រឡាយ​រំដោះទឹកដ៏ធំរបស់រាជធានីភ្នំពេញ៕