(ភ្នំពេញ)៖ វិទ្យុអាស៊ីសេរីដែលគេស្គាល់ថា ជាវិទ្យុបង្កើតឡើងដើម្បីធ្វើវិទ្ធង្សនា នៅក្នុងប្រទេសកម្ពុជាក្នុងគោលបំណ ជួយបក្សប្រឆាំងដោយ ចំហនោះ ពេលនេះកំពុងតែបង្ហាញភាពគឃ្លើនកាន់តែខ្លាំងឡើងនៅពេលជិតបោះឆ្នោត។ វិទ្យុនេះបានចោទរាជរដ្ឋាភិបាលដឹកនាំដោយ នាយករដ្ឋមន្ត្រី ហ៊ុន សែន ថាកំពុងដឹកនាំតាមបែបផ្តាច់ការខណៈដែលពួកគេកំពុងផ្សាយដៀលត្មះ ប្រមាថទៅលើរាជរដ្ឋាភិបាល និងប្រមុខដឹកនាំ ប្រទេសយ៉ាងពេញៗមាត់។ តើក្នុងរបបផ្តាច់ការមួយ អាចអនុញ្ញាតឲ្យវិទ្យុដែលធ្វើវិទ្ធង្សនាដូចអាស៊ីសេរីនេះ និងពួកអ្នកវិភាគទីប្រឹក្សាបក្សប្រឆាំង ហើយតាំងខ្លួនជាអ្នកវិភាគឯករាជ្យដូច បណ្ឌិត ឡៅ ម៉ុងហៃ ជាដើមនេះ អាចនិយាយភាសាអាក្រក់ៗ បែបហ្នឹងបានដែរឬទេ?
វិទ្យុអាស៊ីសេរី និងក្រុមអ្នកកាសែតដែលបង្វឹកខួរក្បាលដោយ ជុន ច័ន្ទបុត្រ ឲ្យចេះស្ទាត់ជំនាញខាងបំភ្លៃ បំប៉ោង និងបំភាន់សាធារណៈមតិនៅកម្ពុជា កំពុងតែបញ្ចេញភាពពិសពុលកាន់តែខ្លាំងដើម្បីបំពុលសង្គមតាមយុទ្ធសាស្ត្ររបស់ខ្លួនយ៉ាងពេញទំហឹង។ មូលហេតុគឺដោយសារតែពួកគេខំជួយ ចូកចែវបក្សប្រឆាំងដែលកំពុងត្រដរខ្យល់ក្នុងដង្ហើមចុងក្រោយក្រែងបាននៅសល់កៅអីក្រុមប្រឹក្សាឃុំ សង្កាត់ខ្លះ។ ពួកអ្នកកាសែតវិទ្យុអាស៊ីសេរី កូនជឹងរបស់ ជុន ច័ន្ទបុត្រ ដែលតែងតែប្រើអារម្មណ៍ផ្ទាល់ខ្លួន បញ្ចេញបញ្ចូលក្នុងអត្ថបទរបស់ខ្លួនខុសវិជ្ជាជីវៈនោះ បានហៅចំណាត់ការរបស់អាជ្ញាធររដ្ឋាភិបាលចំពោះជនល្មើសច្បាប់ ដែលកំពុងជាប់ពន្ធនាគារថាជាការធ្វើទុក្ខបុកម្នេញបក្សប្រឆាំង។ ប៉ុន្តែពួកគេភ្លេចគិតថា ពួកអ្នកទាំងនោះជាជនល្មើសដែលប្រព្រឹត្តបទឧក្រិដ្ឋព្រហ្មទណ្ឌដែលតុលាការរកឃើញកំហុស។
សម្រាប់ក្រុមអ្នកសង្កេតការណ៍ឯករាជ្យពិតប្រាកដ គេបានមើលឃើញថា ប្រទេសកម្ពុជាជាប្រទេសដែលពោរពេញដោយសេរីភាព ទាំងសេរីភាព សារព័ត៌មាន និងសេរីភាពបញ្ចេញមតិ។ របាយការណ៍របស់អង្គការអ្នកកាសែតគ្មានព្រំដែន (Reporters Sans Frontieres) ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស ប្រទេសបារាំង បានវាយតម្លៃថា កម្ពុជាមានសេរីភាពសារព័ត៌មានខ្លាំងជាងគេ ក្នុងចំណោមបណ្តាប្រទេសអាស៊ាន។
ដោយសារតែសេរីភាពនេះហើយ ទើបបានជាសូម្បីតែវិទ្យុអាស៊ីសេរី ដែលធ្វើវិទ្ធង្សនាពេញទីក្នុងប្រទេសនេះក៏នៅតែអាចផ្សាយបានយ៉ាងគឃ្លើនបំផុតដែរ។ និយាយពីសេរីភាពបញ្ចេញមតិវិញ មិនត្រឹមតែបញ្ចេញមតិធម្មតាទេ សូម្បីពាក្យជេរប្រមាថ ដៀលត្មះ អសុរស គ្រប់បែបយ៉ាងដែលចេញពីបបូរមាត់ និងពីសំណេររបស់ក្រុមប្រឆាំងក៏បាននិងកំពុងលេចឡើងព្រោងព្រាតក្នុងបណ្តាញសង្គម និងតាមរយៈវិទ្យុបរទេសដូចជាអាស៊ីសេរី វីអូអេ និងវីអូឌី ជាដើម។
ក្នុងស្ថានភាពបែបនេះ តើអាស៊ីសេរី និងបណ្ឌិតកន្តឿបញ្ញាស្មារតី ដូច ឡៅ ម៉ុងហៃ អាចហារមាត់ចោទរដ្ឋាភិបាលបក្សកាន់អំណាចថា កំពុងដឹកនាំតាមបែបផ្តាច់ការពេញទីយ៉ាងដូចម្តេចកើត? ពាក្យសម្តីដែលពួកគេនិយាយនេះវាបានជះឥទ្ធិពលអាក្រក់ទៅលើខ្លួនឯងទៅវិញទេពីព្រោះមហាជនទូទៅគេបានដឹងច្បាស់ណាស់ថា ពួកអស់លោកកំពុងធ្វើអ្វី? និងមានគោលបំណងអ្វី? ការវិភាគរបស់អាស៊ីសេរី និងរបស់អ្នកវិភាគទីប្រឹក្សាបក្សប្រឆាំងទាំងនោះបានត្រឹមបំពេរអារម្មណ៍អ្នកផ្កាប់មុខជាមួយបក្សប្រឆាំងដែលជាបក្សពួករបស់ខ្លួនមួយចំនួនប៉ុណ្ណោះ ប៉ុន្តែ សម្រាប់ពលរដ្ឋខ្មែរទូទៅ និងសម្រាប់អ្នកដែលមានជំហរឯករាជ្យ ពួកគេស្តាប់មិនចូល និងមិនអាចទទួលយកទង្វើរបស់អស់លោកបានឡើយ។
នរណាក៏ដឹងដែរថា វិទ្យុអាស៊ីសេរី និងក្រុមអ្នកវិភាគផ្កាប់មុខទាំងនោះ ដោយមានការជួយជ្រោមជ្រែង បង្វឹកពីបរទេសមួយចំនួនផង មានជំនាញខាងធ្វើអាជីវកម្មលើអ្នកស្លាប់ និងអ្នកជាប់គុក ដើម្បីទាក់ទាញការអាណិតអាសូររបស់មហាជន ក៏ដូចជាដើម្បីទម្លាក់កំហុស ទៅលើរដ្ឋាភិបាលគណបក្សកាន់អំណាច។ ជាក់ស្តែង ឃាតកម្មលើលោកបណ្ឌិត កែម ឡី ពួកគេមិនត្រឹមតែធ្វើអាជីវកម្មនយោបាយប៉ុណ្ណោះទេ តែថែមទាំងអាចកេងចំណេញរកប្រាក់ដាក់ហោប៉ៅបានថែមទៀត តាមរយៈការបង្កើតមូលនិធិ កែម ឡី ដែលមានលោក ឡៅ ម៉ុងហៃ ជាប្រធាន រួចហើយប្រមូលលុយចែកគ្នាចាយ។ ចំណែកអ្នកកំពុងជាប់ពន្ធនាគារដោយសារទោសកំហុសប្រើហិង្សា និងមួលបង្កាច់ដើម្បីបង្កចលាចលសង្គម ក៏ត្រូវបានវិទ្យុអាស៊ីសេរី និងពួកអ្នកវិភាគទាំងនោះខិតខំលាបក្រេម ប៉ាតម្យ៉ៅ ឲ្យទៅជាអ្នកទោសនយោបាយ ឬអ្នកទោសមនសិការ ទៅវិញ។
យ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគឯករាជ្យពិតប្រាកដ គេបានមើលឃើញថា អាជ្ញាធររដ្ឋាភិបាលគួរតែមានវិធានការបន្ថែមទៀ ចំពោះឧបករណ៍ វិទ្ធង្សនាទាំងនោះដើម្បីកុំឲ្យពួកគេនៅបន្តសកម្មភាពបញ្ឆេះកំហឹង ញុះញង់ បំភ្លៃ បំប៉ោងសភាពការណ៍បែបនេះតទៅទៀត។ ប្រទេសកម្ពុជាដែលឆ្អែតឆ្អន់ដោយសារសង្គ្រាម ត្រូវការចាំបាច់ណាស់អ្នកដឹកនាំដែលមានសមត្ថភាពនាំមកនូវសន្តិភាព និងដែលអាចធានាស្ថិរភាពសង្គម និងការអភិវឌ្ឍ។ ក្នុងន័យនេះ វិធានការចាំបាច់នានាដែលសំដៅទប់ស្កាត់ការបង្កភាពអនាធិបតេយ្យ និងចលាចលសង្គម គួរត្រូវបានលើកទឹកចិត្ត។ រីឯក្រុមបង្កវិទ្ធង្សនាទាំងឡាយគួរត្រូវបានចាត់វិធានការជាចាំបាច់ពីព្រោះថា ប្រសិនបើមិនដូច្នោះទេ សន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍ ដែលមានសព្វថ្ងៃ អាចនឹងរលាយសាបសូន្យក្រោមស្នាដៃក្រុមវិទ្ធង្សនាទាំងនោះជាក់ជាមិនខាន៕
ដោយ៖ វិរ័ក្ខ ជ័យ សាស្ត្រាចារ្យវិទ្យាសាស្ត្រសង្គម